លោក ធន់ សារាយ ប្រធានសមាគមអាដហុក (ADHOC) ដែលស្ថិតក្នុងចំណោមជ័យលាភី១៦រូប ទទួលបានពានរង្វាន់បារាំង-អាល្លឺម៉ង់ ផ្នែកសិទ្ធិមនុស្ស និងនិតីរដ្ឋ ដែលត្រូវបានប្រារព្ធធ្វើជាលើកទី១។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលវីអូឌីទទួលបាននៅថ្ងៃទី២ធ្នូ លោក ធន់សារាយ គឺជាជ័យលាភីម្នាក់ ក្នុងចំណោមជ័យលាភី១៥រូបផ្សេងទៀតដែលទទួលបានពានរង្វាន់នេះ ដែលមកពីប្រទេសបង់ក្លាដេស បេឡារុស ប្រេស៊ីល កាមេរូន កាណាដា ចិន កូស្តារីកា ឥណ្ឌា អៀរឡង់ អ៊ីតាលី ហ្សកដានី ប៉ាគីស្តង់ រុស៊្សី ស៊ីរី និងឆាត។
បើតាមសេចក្តីប្រកាសព័ត៌មាន គណៈមេប្រយោគបានសម្រេចផ្តល់ពានរង្វាន់ដល់លោក ធន់ សារាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក និងរបស់សមាគមអាដហុកក្នុងការការពារសិទ្ធិមនុស្ស ដោយបានធ្វើឱ្យការការពារបុគ្គលប្រឆាំងនឹងការរំលោភបំពានទាំងអស់ ក្លាយជាតម្លៃស្នូលនៃសង្គមកម្ពុជា។
សកម្មភាពរបស់លោក ធន់ សារាយ និងសមាគមអាដហុក បានជួយឲ្យសង្គមខ្មែរយល់ច្បាស់ថាការរីកចម្រើនផ្នែកនីតិរដ្ឋ និងសិទ្ធិមនុស្ស គឺទាមទារឲ្យមានជាចាំបាច់នូវលទ្ធភាពទទួលបានយុត្តិធម៌ប្រសើរជាងមុន ទោះបីបុគ្គលនោះមានប្រភព ឬឋានៈសង្គមអ្វីក៏ដោយ ដែលសកម្មភាពទាំងនេះ ទទួលបានការគាំទ្រពីសំណាក់អ្នកផ្តល់ជំនួយអន្តរជាតិ រាប់បញ្ចូលទាំងប្រទេសបារាំង និងអាល្លឺម៉ង់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានដដែលសរសេរថា ពានរង្វាន់ បារាំង-អាល្លឺម៉ង់ ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងបារាំង និងអាល្លឺម៉ង់ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា និងជាការលើកទឹកចិត្ត ដល់លោក ធន់ សារាយ ក៏ដូចជាសមាគមអាដហុក និងអង្គការសង្គមស៊ីវិលផ្សេងទៀត ក្នុងការបន្តសកម្មភាពរបស់ខ្លួន៕
សមាគមអាដហុក (ADHOC) គឺជាស្ថាប័នផ្តល់ជំនួយជាអាទិ៍ ផ្នែកច្បាប់ដល់សហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនានា ដែលងាយរងគ្រោះបំផុតក្នុងករណីជម្លោះដីធ្លី៕