មេធាវីមួយរូបស្នើឲ្យតុលាការខេត្ដព្រះវិហារអនុវត្ដនីតិវិធីលើនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដនេះ ករណីហិង្សាដោយចេនាមកលើជនជាតិគួយ ដែលបានប្រើទូរសព្ទដៃថតរូបសកម្មភាពសមត្ថកិច្ចពេលកំពុងរុះរើផ្ទះអ្នកភូមិនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ។
កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដព្រះវិហារលោក អ៊ិត ភូម្រា បានវាយដំមកលើជនជាតិគួយ ឈ្មោះ ខុម រ៉ានី និងឈ្មោះ ខុម សុវ៉ាន់នី ដែលជាស្ដ្រីពិការ ខណៈជនរងគ្រោះថតរូបសកម្មភាពសមត្ថកិច្ចជាច្រើននាក់រុះរើផ្ទះរបស់អ្នកភូមិនិងផ្ទះរបស់ខ្លួអស់ចំនួន៦ខ្នង ដែលពួកគេអះអាងថារស់នៅលើដីស្របច្បាប់ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ។
មេធាវីការពារជនរងគ្រោះ លោក សេក សោភណ្ឌ ប្រាប់វីអូឌីក្រោយចូលបំភ្លឺនៅតុលាការខេត្ដព្រះវិហារនាព្រឹកថ្ងៃទី៧ ខែធ្នូនេះថា តាមអង្គហេតុដែលបានដាក់បណ្ដឹងទៅតុលាការជាបទល្មើសដែលអយ្យការអាចចោទប្រកាន់បឋម ទៅលើនាយខណ្ឌរដ្ឋបាលព្រៃឈើលោក អ៊ិត ភូម្រា ដើម្បីឲ្យចៅក្រមស៊ើបអង្គេតបន្ថែមទៀត។ លោកថា បុគ្គលគ្រប់រូបមិនត្រូវប្រើហិង្សានោះទេ គឺមានភាពស្មើគ្នាចំពោះមុខច្បាប់ ដោយលោកថាតុលាការត្រូវអនុវត្ដតាមច្បាប់។
លោកបានបន្ដថា៖ «បាទ ព្រោះគាត់មានការបញ្ជាម្ដងពីរដង មិនមែនចៃដនការពារខ្លួននោះទេ ជាចេតនាឲ្យចាប់ឲ្យវ៉ៃគេផ្ទាល់ បើតាមអង្គហេតុហ្នឹង មន្ដ្រីហ្នឹងឃើញថតគាត់បញ្ជាឲ្យចាប់ហើយចាប់៤ទៅ៥នាក់ចឹងវ៉ៃគាត់ទះកំភ្លៀងវ៉ៃបែកមាត់ ដល់ស្គាល់វ៉ៃប្ដឹងរឿង គឺហិង្សាដោយចេតនាក្រោមក្រមព្រហ្មទណ្ឌ»។
បើតាមជនរងគ្រោះកញ្ញា ខុម រ៉ានី ឲ្យដឹងនៅថ្ងៃនេះថា នាយខណ្ឌរដ្ឋបាលព្រៃឈើលោក អ៊ិត ភូម្រា បានវាយដំមកលើកញ្ញាដោយផ្ទាល់ ដែលមានសមត្ថកិច្ចជាច្រើននាក់ទៀតជាអ្នកចាប់។
កញ្ញាបន្ដថា៖ «កូនចៅមក៧នាក់ចាប់ខ្ញុំតែម្ដង ប្រតាយប្រតប់គ្នារហូតដល់អាភូម្រាមើលទៅប្រហែលកូនចៅវាអត់ឈ្មះវាមកទាញយកទូរសព្ទដៃពីខ្ញុំចេញពីដៃចេះតែប្រតាយខ្លាំងទៅ វាទះកំផ្លៀង ទះកំផ្លៀងមួយដៃ ហើយខ្ញុំចេះតែរករឿងខ្លាំង វាដាល់មួយដៃមួយដៃទៀតបានបងស្រីខ្ញុំឃើញទៅពាំងមិនឲ្យដាល់មិនឲ្យវ៉ៃខ្ញុំ»។
កញ្ញា ខុម រ៉ានី ទាមទារឲ្យតុលាការផ្ដន្ទាទោសលើអ្នកការពារព្រៃឈើរូបនោះតាមច្បាប់និងផ្ដល់សំណងជំងឺចិត្ដ១ម៉ឺនដុល្លាផងដែរ។
វីអូឌី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដព្រះវិហារ លោក អ៊ិត ភូម្រា ដើម្បីសាកសួរករណីនេះបានទេ ដោយទូរសព្ទមិនអាចទាក់ទងបាន។
គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលខែតុលាឆ្នាំ២០១៦នេះ សមត្ថកិច្ចចម្រុះជាង៦០នាក់ ប្រដាប់ដោយអាវុធផងនោះ បានចុះរុះរើផ្ទះពលរដ្ឋជនជាតិគួយ នៅស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្ដព្រះវិហារ ចំនួន៦គ្រួសារ និង១៤ខ្នងទៀត ជាខ្ទមបណ្ដោះអាសន្ន ដោយថាបានសង់លើដីបង្រុងទុករបស់រដ្ឋ។ ប៉ុន្ដែពលរដ្ឋអះអាងថា ដីដែលពួកគេសង់លំនៅឋាននោះ មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន៕