ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅវិហារដ៏ធំមួយក្នុងទីក្រុងគែរ បានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់ និងបណ្ដាលឲ្យមនុស្ស ៤៩ទៀតរងរបួស ដោយភាគច្រើនគឺជាស្ត្រី និងកុមារ ដែលបានចូលរួមថ្វាយបង្គំនៅថ្ងៃអាទិត្យ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានចាត់ទុកការវាយប្រហារនេះ គឺជាអំពើហិង្សាដ៏បង្ហូរឈាមបំផុតទៅលើអ្នកកាន់សាសនាគ្រិស្ត នៅក្នុងប្រទេសអេហ្ស៊ីប។
ការវាយប្រហារនេះ បានកើតឡើងចំពេលដែលប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតតាហ៍ អាល់ស៊ីស៊ី កំពុងប្រយុទ្ធនឹងសមរភូមិជាច្រើនផ្លូវ។ កំណែទម្រង់សេដ្ឋកិច្ចរបស់លោក បានបង្កឲ្យមានកំហឹងនៅក្នុងចំណោមប្រជាជនក្រីក្រ ការបង្ក្រាបដ៏បង្ហូរឈាមទៅលើក្រុម Muslim Brotherhood បាននាំទៅរកការឃុំខ្លួនមនុស្សរាប់ពាន់នាក់ ខណៈមានការបះបោរនៅតំបន់ស៊ីណៃ ដែលដឹកនាំដោយក្រុមរដ្ឋអ៊ីស្លាម។
ក្រុមឧទ្ទាមក៏បានធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមនៅទីក្រុងគែរផងដែរ និងបានជំរុញទៅអ្នកគាំទ្ររបស់ខ្លួន ឲ្យចាប់ផ្ដើមការវាយប្រហារនៅជុំវិញពិភពលោកនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈដែលក្រុមនេះមានមូលដ្ឋានរឹងមាំនៅអ៊ីរ៉ាក់ និងស៊ីរី។
ភ្លាមៗនេះ ពុំមានក្រុមណាប្រកាសទទួលខុសត្រូវនោះឡើយ ប៉ុន្តែ ក្រុម Muslim Brotherhood និងពួកឧទ្ទាមនៅក្នុងស្រុក សុទ្ធតែថ្កោលទោសការវាយប្រហារនេះ។ ចំណែកក្រុមអ្នកគាំទ្ររដ្ឋអ៊ីស្លាម បានអបរសាទរនៅលើបណ្ដាញសង្គម៕