អគ្គនាយកដ្ឋានពន្ធដា បានអំពាវនាវដល់រថយន្តគ្រប់ប្រភេទមិនទាន់បានបង់ពន្ធសំរាប់ឆ្នាំ២០១៦ ឲ្យទៅបង់ពន្ធ និងប្រាក់ផាកពិន័យ ឱ្យបានមុនដំណាច់ឆ្នាំ២០១៦នេះ។
បើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដាកាលពីម្សិលមិញនេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដា នឹងបន្តការប្រមូលពន្ធរយៈពេលមួយខែទៀតលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទរបស់ពលរដ្ឋដែលមិនទាន់បង់ពន្ធសំរាប់ឆ្នាំ២០១៦នេះ។ ស្ថានប័ននេះ បានស្នើរឱ្យពលរដ្ឋទាំងនោះ ទៅប្រកាសពន្ធ និងប្រាក់ផាកពិន័យ ឱ្យបានមុនដំណាច់ខែធ្នូនេះ។
សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដា បានបិទដំណើរការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទជាស្ថាពរកាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងមកនេះ។
សេចក្តីប្រកាសដដែលនេះបានបញ្ជាក់បន្ថែមទៀតថាពលរដ្ឋដែលមិនទៅបង់ពន្ធនៅមុន ដំណាច់ខែធ្នូឆ្នាំ២០១៦នេះ អគ្គនាយដ្ឋានពន្ធដា នឹងចុះទៅពិនិត្យការអនុវត្តការបង់ពន្ធលើមធ្យោបាយធ្វើដំណើរទាំងនោះនៅដើមខែមករា ឆ្នាំ២០១៧។ ក្នុងករណីដែលពិនិត្យឃើញថា មិនទាន់បង់ពន្ធ អគ្គនាយកដ្ឋានពន្ធដា នឹងផាកពិន័យនៅនឹងកន្លែង។
កាលពីថ្ងៃទី១៤ ខែធ្នូថ្មីៗនេះ អគ្គនាយដ្ឋានពន្ធដាបានប្រកាសនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលពន្ធថា រយៈពេល ១១ខែកន្លងមកនេះ អគ្គនាយដ្ឋានពន្ធដាបានប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួន ៥,៦៣៤,៣៥៥,១៤លានរៀល ស្មើនឹងជាង ១៤០៨លានដុល្លា៕