សាសនិក​ឥស្លាមផ្ទុះកំហឹងផ្តួលរបងស័ង្កសីការដ្ឋានសង់ផ្លូវកាត់វិហារបឹងកក់

ពលរដ្ឋខ្មែរឥស្លាមបានរុះរើ​របង​ស័ង្កសី ដែលគេហ៊ុំព័ទ្ធ សម្រាប់គម្រោងកសាងផ្លូវមួយខ្សែកាត់វិហារឥស្លាម ​(ប្រភពរូបភាពពីលោក ច័ន្ទ ពុទ្ធិស័ក្ក )

ក្រុមសាសនិកឥស្លាម បាននាំគ្នាផ្តួលរំលំរបង​សង្កសី ដែល​ហ៊ុំព័ទ្ធការដ្ឋានផ្លូវមួយខ្សែនៅជិត​វិហារ​ឥស្លាម​តំបន់​បឹងកក់ ដោយ​​ប្រឆាំងការស្ថាបនា​ផ្លូវ​ពុះ​កាត់​ដី​វិហារ​របស់​ខ្លួន​។

បន្ទាប់ពី​បាន​ចូល​គោរព​ថ្វាយ​បង្គំព្រះ​អាល់​ឡាស់រួច នៅថ្ងៃត្រង់នេះ លរដ្ឋខ្មែរឥស្លាមច្រើនរយនាក់​ដែល​ជំទាស់​នឹង​ការ​​ពុះ​ចែក​ដី​វិហា​រអ៊ិស្លាម​បឹង​កក់អាល់​សា​កាល់ បាន​នាំ​គ្នា​មក​វាយ​រំលំ​របាំង​ស័ង្កសីដែល​ទ័ព្ធការដ្ឋាននោះ។

ពល​រដ្ឋ​ខ្មែរ​ឥស្លាម​អ្នក​ស្រី លី​ ហាលីហ្វាស់ និយាយថា​អ្នក​ស្រី​មិ​ន​គាំ​ទ្រ​ឲ្យ​មាន​ការ​ពុះ​កាត់​ដី​វិហារ​របស់​សាសនាឥស្លាម​នេះ​ទេ ក៏ព្រោះ​តែការធ្វើ​ផ្លូវ​កៀក​ទៅ​នឹង​វិហារ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ភាព​ស្ងប់​ស្ងាត់នៃការ​គោរព​សាសនាឥស្លាម។ អ្នក​ស្រី​បន្តថា​ប្រសិន​ជានៅ​តែ​បន្ត​ការសង់ផ្លូវនេះ​បន្តទៀត​នោះ​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​ទៀត។ ​

អ្នក​ស្រីថា៖ « នៅតែមានការប្រតាយប្រតប់គ្នាទៀត ខ្ញុំហ៊ានធានាអញ្ចឹងតែម្តង! ប្រជាជនខ្ញុំច្រើនណាស់សាសនាចាមខ្ញុំច្រើនណាស់ក្នុងស្រុកខ្មែរនេះ។ សម្តេចហ៊ុនសែន គាត់ដឹងហើយតើគាត់ធ្វើវិហារគ្រប់កន្លែងសូម្បីតែនៅកន្លែងតារាងកប៉ាលហោះក៏គាត់ធ្វើវិហារទុកឲ្យថ្វាយបង្គំដែរ គាត់គោរពណាស់ ម្លោះហើយសុំឲ្យជួយដោះស្រាយសំណូមពរឲ្យគាត់ជួយដោះស្រាយសំណូមពរដល់សម្តេចហ៊ុនសែន ធ្វើមិចកុំឲ្យសាលាក្រុងសម្រេចឲ្យមកធ្វើផ្លូវអញ្ចឹងទៀតកុំ! ទោះបីលក់ឲ្យក្រុមហ៊ុនណាក៏ដោយអត់អាចធ្វើមកកាត់វិហារទេនិយាយចឹងតែហ្មង  »

សាសនិក​ខ្មែរឥស្លាម​ម្នាក់​ទៀតកញ្ញា ឯល យ៉ាគីន ឲ្យដឹងថាសាសានិក​ឥស្លាមស្ទើ​តែ​ទាំង​អស់​ដែល​បាន​ចូល​មក​​ថ្វាយ​បង្គំ​ក្នុង​វិហារ​បឹង​កក់​ គឺ​ជំទាស់​ទៅ​នឹង​ការ​ពុះ​ចែក​ដី​វិហារ​នេះ ហើយ​ការ​ឡើង​មក​វាយ​រំលំ​របង​ពុះ​ចែក​ដី​វិហារ​នេះ ត្រូវ​បាន​អ្នក​ដែល​ចូល​ទៅ​វាយ​រំលំ​ប្រាប់​កញ្ញា​ថាដោយ​សារ​តែ​សាលា​រាជ​ធានី​ធ្វើ​របងនេះ​គឺ​មិន​បាន​ប្រាប់​ទៅ​ដល់​ពួក​គេជា​មុន។

កញ្ញាថា « ខ្ញុំមានតែការស្នើសុំ ប្រាប់ថាសុំរក្សាដីវិហារនៅដដែល ខ្ញុំឮសូរបងប្អូនមួយចំនួន ដែលខ្ញុំបានដើរនៅក្នុងសង្គម នៅផ្ទះខ្ញុំក៏ដូចជានៅទីនេះខ្ញុំឭសូរពួកគាត់និយាយគួរឲ្យខ្លោចផ្សាណាស់ ណាស់ណាថាទឹកចិត្តគាំទ្រទឹកចិត្តគាំទ្រមិន​​ឲ្យពុះគាត់ៗសុខចិត្តស្លាប់ដើម្បីវិហារមួយនេះខ្ញុំសួរថាទឹកចិត្តនេះអ្នកណាមានទៀត សុំប្អូនឥស្លាមរួមគ្នាសាមគ្គីបើសិនជាយើងសាមគ្គីគ្នាក៏គ្មាននរណាមកពុះដែរ »

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញលោកម៉េត មាសភក្កី មានប្រសាសន៍ថា​មុន​នឹ​ង​សាលា​រាជធានី​ចាប់​ផ្តើម​សាងសង់ផ្លូវ​នេះ​គឺ​មាន​ការជួបប្រជុំ​ជាមួយ​តំណាង​ឥស្លាម​រួច​ហើយ។ លោក​បន្ត​ថា​បញ្ហានេះ​សាលា​រាជ​ធានី​នឹង​បន្តកោះ​​ប្រជុំភាគី​ពាក់​ព័ន្ធមក​ពិភាក្សា​រក​ដំណោះ​ស្រាយ​បន្ត​ទៀត។

គម្រោងធ្វើផ្លូវឆ្លងកាត់វិហារនៅបឹងកក់នេះជាគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ពីទួលគោកទៅមហាវិថីព្រះមុនីវង្ស ដែលត្រូវបានគ្រោងឡើងតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ គម្រោង​នេះ​បង្កឲ្យ​មាន​បញ្ហា​ចម្រូង​ចម្រាស់​ជា​ច្រើន ហើយ​ត្រូវ​បាន​សាលា​រាជ​ធានី​ទើប​​តែ​ធ្វើ​ការវាស់​វែងបោះ​បង្គោល និង​របាំង​ស័ង្គ​សី​កាល​ដើមសប្តាហ៍នេះ។

អតីតនិស្សិតនិងនិស្សិតមូស្លិមកម្ពុជាបានសរសេរលិខិតចំហរមួយចុះថ្ងៃទី២៩ខែមេសា ដោយ​ថាពួក​គេ​មិន​គាំទ្រជាដាច់ខាតចំពោះការសាងសង់ផ្លូវកាត់តាមដីវិហារឥស្លាមអាល់សារកាល់ភ្នំពេញដោយថា​ការធ្វើផ្លូវនេះនឹងរំខានការគោរពសាក្ការៈព្រះអល់ឡាស់។

គួរបញ្ជាក់​ថាវិហារអាល់សារកាល់ភ្នំពេញ​ដែលមាន​តម្លៃជាង២,៦លានដុល្លារស្ថិតនៅតំបន់បឹងកក់ ត្រូវបានដាក់សម្ពោធ​ឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ សម្រាប់សហគមន៍​ខ្មែរឥស្លាម​ប្រតិបតិ្ដ​គោរពសាសនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ