អ្នកនាំពាក្យប៉ូលិសឥណ្ឌូនេស៊ី បានឲ្យថា ពួកបះបោរឥណ្ឌូនេស៊ីគាំទ្រក្រុមរដ្ឋអ៊ីស្លាម មានផែនការវាយប្រហារលើប៉ុស្តិ៍ប៉ូលិស នៅល្ងាចថ្ងៃឆ្លងឆ្នាំថ្មី ដោយប្រើកាំបិត និងផ្កាក់។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាម Reuters ផែនការវាយប្រហារនេះ ត្រូវសមត្ថកិច្ចបំបែកបាន បន្ទាប់ពីប៉ូលិសចាប់ខ្លួនជនប្រុងវាយប្រហារ ២នាក់ ដែលបាននាំប៉ូលិសទៅដល់កន្លែងលាក់ខ្លួនរបស់ពួកគេ ជាទីដែលប៉ូលិស កាលពីថ្ងៃកន្លងមកនេះ បានបាញ់សម្លាប់មនុស្ស ២នាក់ទៀត ដែលជាជនសមគំនិតក្នុងផែនការវាយប្រហារនេះ ដោយប៉ូលិសនិយាយថា ជនសមគំនិតទាំងនោះ ព្យាយាមវាយកាប់ប្រហារទៅលើមន្ត្រីសមត្ថកិច្ច។
ការឆ្មក់ចូលបង្ក្រាបកាលពីថ្ងៃអាទិត្យកន្លងមក គឺជាការបង្ក្រាបថ្មីបំផុតនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលប៉ូលិសនិយាយថា បានកាត់ផ្ដាច់ផែនការវាយប្រហារ ប៉ុន្តែ បានជំរុញឲ្យមានក្ដីបារម្ភអំពីកំណើនជនបះបោរនៅក្នុងប្រទេសនេះ ដែលមានជនមូស្លីមច្រើនជាងបំផុតនៅលើពិភពលោក។
ប៉ូលិសឥណ្ឌូនេស៊ីបាននិយាយកាលពីសប្ដាហ៍មុនថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ ត្រូវបានគេសួរចម្លើយជុំវិញផែនការដាក់គ្រាប់បែកអត្តឃាតនៅវិមានប្រធានាធិបតី ក្នុងទីក្រុងហ្សាកាតា និងនៅតាមទីតាំងដទៃទៀត៕