រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ក្រសួងការបរទេសបានជួយសម្រួលពលករខ្មែរចំណាកស្រុកឲ្យទៅធ្វើការស្របច្បាប់នៅប្រទេសថៃបានជិតដប់ម៉ឺននាក់ក្នុងឆ្នាំ២០១៦នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២១ ធ្នូ ក្រសួងការបរទេសបានឲ្យដឹងថាចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៦ ក្រសួងបានជួយសម្រួលទិដ្ឋាការជូនពលករ-ពលការិនីកម្ពុជា ទៅធ្វើការស្របច្បាប់នៅប្រទេសថៃ បានចំនួន៩៧ ១០២នាក់។ ក្រៅពីនោះស្ថានឯកអគ្គរាជទូតនិងស្ថានកុងស៊ុលកម្ពុជាបានស្នើដល់ប្រទេសថៃឲ្យបញ្ឈប់ការចាប់ខ្លួនពលករកម្ពុជា និងបានផ្តល់ប័ណ្ណការងារ និងទិដ្ឋាការស្នាក់នៅ និងជួយគាំពារផ្សេងៗដល់ពលករខ្មែររួមទាំងផ្នែកច្បាប់ដល់ពួកគេផងដែរ។
ក្រសួងក៏បានបញ្ជាក់ដែរថាក្នុងឆ្នាំ២០១៥កន្លងទៅ ខ្លួនបានជួយឲ្យពលករខ្មែរទៅធ្វើការនៅថៃស្របច្បាប់បានជិត៧ម៉ឺននាក់។
ចំពោះពលករចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េវិញក្រសួងបញ្ជាក់ថាចាប់ពីឆ្នាំ២០០៧ ដល់ដើមខែធ្នូនេះខ្លួនបានជួយសម្រួលការបញ្ជូនបានជាង ៥ម៉ឺននាក់៕