គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា មានអ្នកលួចចូលរំខានដល់គេហទំព័រពិនិត្យឈ្មោះក្នុងគេហទំព័រ គ.ជ.ប នាំឲ្យពិបាកក្នុងការចូលស្វែងរកឈ្មោះ ប៉ុន្តែថាមិនធ្វើឲ្យបាត់បង់ទិន្នន័យឬបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរបោះឆ្នោតនោះទេ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា គេហទំព័រសម្រាប់ពិនិត្យមើលឈ្មោះអ្នកបោះឆ្នោតមានអាសយដ្ឋាន www.voterlist.org.kh រងការរំខានពីក្រុមអ្នកលួចទិន្នន័យ។ លោកថាអ្នកដែលចូលរំខាននោះនៅក្រៅប្រទេស តែលោកមិនប្រាប់ថានៅប្រទេសណាមួយនោះទេ។
ទោះយ៉ាងណា លោក ហង្ស ពុទ្ធា បញ្ជាក់ថា បញ្ហានោះដោះស្រាយហើយ ចំណែកទិន្នន័យនានាមិនមានការប៉ះពាល់ទេ ម្យ៉ាងទៀតពេលនេះទាំងអ្នកជំនាញខ្មែរនិងជនជាតិជប៉ុនកំពុងតាមដាន។
លោក ហង្ស ពុទ្ធា ក៏បានអំពាវនាវកុំឲ្យសាធារណជនមានការព្រួយបារម្ភ ព្រោះលោកថាទិន្នន័យដើម មិនមែនទុកនៅក្នុងគេហទំព័រនោះមួយកន្លែងទេ គឺមានកន្លែងសុវត្ថិភាពផ្សេងៗទៀតសម្រាប់រក្សាទុក៕