សេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ដែលតាក់តែងឡើងដោយ គ.ជ.ប នោះ ត្រូវរងការតវ៉ាពីសំណាក់គណបក្សនយោបាយធំៗនិងអង្គការឃ្លាំមើលការបោះឆ្នោត។
ការតវ៉ារបស់តំណាងគណបក្សនយោបាយធំៗនិងអង្គការឃ្លាំមើលការបោះឆ្នោតនៅពេលនេះ ខណៈដែល គ.ជ.ប បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ដើម្បីទទួលយោបល់និងការស្នើនានារបស់ភាគីពាក់ព័ន្ធនៅថ្ងៃទី៥ដល់ថ្ងៃទី៦ មករានេះមុននឹងអនុម័តជាផ្លូវការ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីនោះថា គណបក្សនេះចង់ឲ្យ គ.ជ.ប បកស្រាយឲ្យបានច្បាស់ពីតួនាទីមេភូមិនិងការចេញមកធ្វើសកម្មភាពនយោបាយរបស់មន្ត្រីអង្គការសង្គមស៊ីវិលរួមទាំងការអនុវត្តច្បាប់ទៅលើអ្នកល្មើសច្បាប់បោះឆ្នោត។
លោកថា៖ «វាមានម៉ោងក្នុងម៉ោងក្រៅ មន្ត្រីមុខងារសាធារណៈរបស់រដ្ឋ តែ NGOs តើយើងកំណត់ឯណា? ព្រោះគាត់ជាសមាគម បើជាសមាគម តើមានម៉ោងស្នូលម៉ោងរដ្ឋឯណាក្រៅក្របខ័ណ្ឌនៃមន្ត្រីមុខងារសាធារណៈ។ ចឹងយើងមិនអាចឲ្យនិយមន័យច្បាស់លាស់បានទេ ចឹងថាបើឲ្យមន្ត្រីរបស់អង្គការអាចធ្វើសកម្មភាព(នយោបាយ)បាន អាហ្នឹងមិនអាចបញ្ជាក់បានទេ ព្រោះគាត់អត់មានក្របខណ្ឌជាមន្ត្រីសាធារណៈទេ! … ច្បាប់បោះឆ្នោតបានចែងច្បាស់ហើយ អត់មានសកម្មភាពក្រៅម៉ោងក្នុងម៉ោងអីទេ»។
ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្មនៃគណបក្សសង្គ្រោះជាតិលោកស្រី ម៉េង សុភារី បានឲ្យដឹងថាគណបក្សខ្លួនបានដាក់សំណើដើម្បីសុំឲ្យកែប្រែជិត៤០ចំណុច តែលោកស្រីថាជាងពាក់កណ្តាលនៃចំណុចនោះត្រូវបាន គ.ជ.ប ច្រានចោល។ លោកស្រីថា៖ «ចំណុចដែលសំខាន់ៗនោះ គឺការកំណត់ទីសាធារណៈឲ្យបានច្បាស់លាស់ ការចែកកំណត់ហេតុទម្រង់១១០២ ចង់ឲ្យមានការចែកកំណត់ហេតុនោះជាច្បាប់ដើម ទាក់ទងនឹងនីតិវិធីនៃការដោះស្រាយបណ្តឹងសុំឲ្យ គ.ជ.ប បញ្ជាក់ឲ្យបានលំអិតនឹងច្បាស់លាស់ ទាក់ទងនឹងនីតិវិធីនៃការបោះឆ្នោតឡើងវិញក៏ចង់ឲ្យ គ.ជ.ប បញ្ជាក់ឲ្យបានច្បាស់លាស់ដែរ»។
មន្ត្រីផ្នែកច្បាប់និងតស៊ូមតិនៃអង្គការខុមហ្វ្រែលលោក សួន យុធ្យា យល់ថាសេចក្តីព្រាងនេះនៅមានភាពខ្វះចន្លោះច្រើនក្នុងនោះរួមមានការរាប់សន្លឹកឆ្នោត ហិរញ្ញវត្ថុនយោបាយនៃការឃោសនា និងការដោះស្រាយបណ្តឹង។ លោកបញ្ជាក់ថាចំណុចមួយចំនួនខាងលើនេះបានចែងធ្វើឲ្យមិនច្បាស់លាស់ ។
លោកថា៖ «គ.ជ.ប ធ្វើយ៉ាងណាឲ្យការបោះឆ្នោតហ្នឹងប្រកបដោយសេរីហ្នឹងយុត្តិធម៌ ចឹងហិរញ្ញវត្ថុរបស់គណបក្សនយោបាយហ្នឹង ទាក់ទងនឹងចំណូលចំណាយរបស់គណបក្សនីមួយៗហ្នឹងធ្វើយ៉ាងមិច ឲ្យបក្សទាំងហ្នឹងចំណាយឲ្យបានស្នើគ្នាដែរ ព្រោះបើគណបក្សមួយមានលុយច្រើន បានន័យថាមិច បានន័យថាគណបក្សមួយធ្វើការមានលុយច្រើន មានលទ្ធភាពឃោសនាមានលទ្ធភាពជួលទិញ ប្រព័ន្ធឃោសនារបស់រដ្ឋ របស់ឯកជនបានច្រើន ធ្វើឲ្យបក្សដែលអត់សូវមានលុយហ្នឹងគាត់អត់មាលទ្ធភាពទេ គាត់ឃោសនាបានកន្លែងតិចតួចបំផុតអត់បានកន្លែងទូទាំងប្រទេស ដល់ចឹងធ្វើឲ្យគណបក្សដែលឈរឈ្នោះប្រកួតប្រជែងហ្នឹងគឺមិនស្នើភាពគ្នា»។
អ្នកនាំពាក្យគណកម្មការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានឲ្យដឹងថា រាល់បញ្ហា និងកង្វល់របស់អ្នកនយោបាយ និងសង្គមស៊ីវិល ទៅលើសេចក្តីព្រាងនេះ គឺ គ.ជ.ប នឹងពិចារណា ដាក់បញ្ជូលទៅក្នុងសេចក្តីព្រាងនីតិវិធីនេះ។
លោកថា៖ «ពីមួយជំពូកទៅមួយជំពូកគឺយើងនឹងពិភាក្សាគ្នាលំអិត ហើយការពិភាក្សានេះទៀតក៏ គ.ជ.ប នឹងទទូលយកដើម្បីពិនិត្យទៅលើទិដ្ឋភាពច្បាប់ និងពិនិត្យទៅលើថ្ងៃបោះឆ្នោតផង អ្វីដែលទទួលយកបានគឺគ.ជ.ប នឹងទទួលយកទៅក្នុងនីតិវិធីនៃការបោះឆ្នោតនេះ ហើយយើងកំពុងតែធ្វើដំណើរឆ្ពោះទៅរកការរៀបចំការបោះឆ្នោតមួយដែលចូលរួមនឹងសុខចិត្តសុខកាយទាំងអស់គ្នា»។
ទោះជាយ៉ាងណាទាំងគណបក្សប្រជាជន បក្សសង្គ្រោះជាតិ និងសង្គមស៊ីវិល ថាប្រសិនបើសំណើរបស់ខ្លួនមិនត្រូវបាន គ.ជ.ប ឆ្លើយតបនោះខ្លួននៅតែបន្តតស៊ូមតិបន្ថែមទៀត។
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មាន១៥ជំពូក ត្រូវបានតាក់តែងដោយ គ.ជ.ប កាលពីឆ្នាំ២០១៦ ស្របពេលការបោះឆ្នោត ឃុំសង្កាត់នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី ៤ មិថុនា ខាងមុខនេះ៕