សមត្ថកិច្ចថៃកំពុងស្វែងរកចាប់ខ្លួនជនបរទេសពីរនាក់ដែលហែកនិងជាន់លើទង់ជាតិរបស់ថៃ នៅក្នុងខេត្តក្រប៊ឺ នៅភាគត្បូងប្រទេស ហើយអាជ្ញាធរបញ្ជាក់ថា បើចាប់បានពួកគេអាចនឹងជាប់ពន្ធនាគារចំនួនពីរឆ្នាំ ចំពោះការប្រមាថដល់ជាតិសាសន៍។
បើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ឲ្យដឹងថា ជនបរទេសទាំងពីរនោះ គេមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយ ដោយគ្រាន់តែឃើញធ្វើសកម្មភាពហែក និង ជាន់ទង់ជាតិថៃតាមកាមេរ៉ាសុវត្ថិភាពនៅម៉ោង៣និង៣០នាទីព្រឹកថ្ងៃសៅរ៍ ពេលដែលមិនមានមនុស្សនៅ។ ទង់ជាតិនោះគេដាក់តាំង តុបតែងនៅមុខហាងមួយ នៅក្នុងក្រុងក្រប៊ី ខេត្តក្រប៊ី ជាខេត្តជាប់មាត់សមុទ្រដែលមានភ្ញៀវទេសចរបរទេសទៅកំសាន្តច្រើ។
បាងកកប៉ុស្តិ៍ឲ្យដឹងថា បុរសឈ្មោះ Wattana Saranart អាយុ៦៥ឆ្នាំ ជាម្ចាស់ហាងឈ្មោះ Sunny បានថ្លែងថា គាត់មានការខឹងសម្បារយ៉ាងខ្លាំងចំពោះ ឥរិយាបថជនបរទេសពីរនាក់ដែលហែកទង់ជាតិ នៅមុខហាងរបស់លោក ហើយលោកក៏បានយកវិឌីអូក្នុងកាមេរ៉ាសុវត្ថិភាពទៅប្តឹងឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់។
ក្រមព្រហ្មទណ្ឌរបស់ថៃ មាត្រា ១១៨ចែងថា អ្នកដែលប្រមាថទង់ជាតិ អត្តសញ្ញាណជាតិ នឹងត្រូវជាប់ពន្ធនាគារយ៉ាងតិច២ឆ្នាំ និង ពិន័យជាប្រាក់៤០០០បាត ឬ ស្មើប្រមាណ១០០ដុល្លារអាមេរិក៕