ខុសពីតារាល្បីឈ្មោះភាគច្រើនដែលប្រកាសបើកអាជីវកម្មលក់អង្ករ និងខ្លះបើកហាងធំដុំដែលប្រើដើមទុនច្រើនម៉ឺនដុល្លារ តារាសម្ដែងកូនកាត់ឥណ្ឌានាង ប៊ីរីយ៉ា បែរជាបានប្រកាសបើកលក់ជំនួញទាក់ទងនឹងអំពិល គឺលក់ដំណាប់អំពិលទៅវិញ។ មកទល់ពេលនេះនាងថា ខ្លួនទទួលបានការកកុម្ម៉ង់ច្រើនតាមអនឡាន ដោយគ្រោងរៀបចំជាហាងដាក់បើកលក់តែម្ដង ដើម្បីអោយអ្នកចង់ទិញដំណាប់អំពិលរបស់នាងងាយស្រួលរកទិញ។
ប៊ីរីយ៉ា ដែលបានសម្ដែងជាតួឯកម្នាក់ក្នុងរឿង «ស្នេហ៍ស្វ័យគុណ៤» បានថ្លែងប្រាប់ថា នាងបើកអាជីវកម្មធ្វើដំណាប់អំពិលប្រមាណ៣-៤ខែហើយ ដោយអំពិលធ្វើជាដំណាប់ទាំងនោះ នាងធ្វើដោយដៃខ្លួនផ្ទាល់។ នាងថា នេះជាអាជីវកម្មសាមញ្ញ ប៉ុន្តែគឺជាចំណូលចិត្ត ទើបនាងសម្រេចចិត្តបោះទុន។ នាងមិនខ្លាចនូវការសើចចំអកពាក់ព័ន្ធនឹងរឿងបើកជំនួញសមញ្ញៗ នោះទេ ដោយនាងយល់ថាមុខជំនួញរបស់ខ្លួនបើទោះជាមើលទៅតូចតាចមែន ប៉ុន្តែការប្រឈមខាតក៏មានតិច ហើយផលចំណេញក៏អាចទទួលយកបាន។ ក្នុងនោះដើមទុនសម្រាប់ផ្គត់ផ្គង់បុគ្គលិក ដូចបើកហាងធំដុំក៏មិនមាននោះដែរ ក្រៅតែពីផ្ដល់កម្រៃសមរម្យដល់សាច់ញាតិ និងអ្នកជួយធ្វើដំណាប់អំពិល។
នាងថា ជំនួញមួយនេះ ទទួលបានបទពិសោធន៍ពីមិត្តភ័ក្ត្រ ទើបនាងសម្រេចចិត្តធ្វើ ហើយក្រោយការប្រកាសលក់នៅលើហ្វេសប៊ុកមានការកុម្ម៉ង់ច្រើន ធ្វើឲ្យនាងមានកម្លាំងចិត្ត។
នាងនិយាយថា៖ «គ្រាន់តែខ្ញុំបើកលក់ត្រណាប់អំពិលនឹងភ្លាមមួយចំនួនគេសើចខ្ញុំ ថាខ្ញុំល្បីប៉ុណ្ណឹងដែរមិចចេញរកស៊ីអីកំប៉ិកកំប៉ុកចឹង តែខ្ញុំអត់ខ្វល់ សំខាន់ខ្ញុំចង់រកអ្វីតាមចំណូលចិត្តខ្ញុំ!»។
នាងថាអាជីវកម្មធំដុំ គឺមានមុខមាត់ ប៉ុន្តែបើនិយាយពីរឿងខាតបង់ក៏ប្រឈមធ្ងន់ដែរ ទើបនាងសម្រេចចិត្តអត់ខ្វល់ ទោះអ្នកណាសើចយំថា នាងល្បីឈ្មោះក្នុងសិល្បៈប៉ុណ្ណឹងដែរ បែរមកបើកជំនាញសមញ្ញៗ។ នាងថា មនុស្សម្នាក់ៗសុទ្ធតែមានចំណូលចិត្តខុសគ្នា ដូច្នេះនាងមិនខ្វល់រឿងអ្នករិះគន់នោះទេ ផ្ទុយទៅវិញបើនាងបើកជំនួញលក់ដំណាប់អំពិលហើយទទួលបរាជ័យ ឬឡុងចុង ទើបនាងថាជារឿងអាម៉ាស់។
នាងថា ស្វាមីរបស់នាងគឺជាអ្នករកស៊ី ហើយបើតាមតែនាងរវល់នឹងអាជីពសម្ដែងផងដែរនោះនាងនៅផ្ទះមិនខ្វល់រឿងខ្វះលុយចាយ ប៉ុន្តែមកពីនាងចង់មានបំណងគ្រប់គ្រងជំនួញផ្ទាល់ខ្លួន ហើយខ្លួនក៏ចេះជំនាញធ្វើដំណាប់អំពិលច្បាស់ផង ទើបសម្រេចបើកមុខជំនួញនេះ។
យ៉ាងណាមិញ នាងថា ជំនួញលក់ដំណាប់អំពិលគ្រាន់តែជាជំនួញតូចមួយ ដើម្បីឲ្យមានបទពិសោធន៍ទៅគ្រប់គ្រងជំនួញធំដុំនាពេលខាងមុខប៉ុណ្ណោះ។
នាងនិយាយថា៖ «ខ្ញុំអត់ខ្មាស់អ្នកសើចទេ ព្រោះខ្ញុំយល់ថាមនុស្សយើង បើអត់ពីតូចសិនទេ គឺទៅធ្វើជំនួញធំដុំមិនបាននោះដែរ អត់រកពីតូចទៅយើងនឹងងាយបរាជ័យ ទើបខ្ញុំយល់ថាត្រូវតែធ្វើអោយរបរលក់ដំណាប់អំពិលរបស់ខ្ញុំអោយជោគជ័យ» ។
នាងគ្រោងបើកហាងដាក់លក់ និងរៀបជើងព្រួលដើរបោះតាមផ្សារឲ្យបានខ្លាំង បន្ថែមពីលើការប្រកាសលក់តាមអនឡាញ ដែលនាងបញ្ជាក់ថា មានការគាំទ្រនាពេលនេះ។
ប៊ីរីយ៉ា បញ្ជាក់បន្ថែមថា អាជីពសម្ដែងក្រោយពីបានបញ្ចប់រឿង «ស្នេហ៍ស្វ័យគុណ៤» គឺនាងនឹងទទួលថតមួយឬពីររឿងទៀត ប៉ុន្តែមិនថតរហូតគ្មានពេលមើលខុសត្រូវរបរលក់ដំណាប់អំពិលនោះទេ ដោយសារតែនាងត្រូវការពង្រឹងអាជីវកម្មមួយនេះ។ នាងថាស្វាមីរបស់ខ្លួនបានប្រាប់ឲ្យនាងទទួលសម្ដែង និងជម្រើសយកការដើរម៉ូដតាមចិត្ត បន្ទាប់ពីបានដឹងថានាងនៅចង់ប្រឡូក ដោយស្វាមីនាងមិនមានការប្រកាន់នោះទេ។
ក្នុងនោះ ស្វាមីក៏បើកទួលាយឲ្យនាងសម្ដែងស្និទ្ធស្នាលដោយមិនប្រច័ណ្ឌនោះដែរ ទើបនាងហ៊ានសម្ដែងក្នុងរឿង «ស្នេហ៍ស្វ័យគុណ៤» ដោយឲ្យតួប្រុសអោបរឹត ដែលមើលទៅផ្អែមល្ហែមដើម្បីឲ្យសមជាតួប្ដីប្រពន្ធស្រឡាញ់គ្នាក្នុងរឿង។
នាងនិយាយថា៖ «បើប្ដីខ្ញុំប្រច័ណ្ឌ ដឹងតែសម្ដែងអត់កើតម្មង ព្រោះរឿង «ស្នេហ៍ស្វ័យគុណ៤» គឺជាភស្ដុតាងស្រាប់ ខ្ញុំសម្ដែងស្និទ្ធិស្នាលមែនទែនជាមួយតួប្រុស តិចថើបតិចអោប ដោយសារយើងចង់បង្ហាញពីភាពរ៉ូម៉ាទិចរបស់មនុស្សស្រឡាញ់គ្នា តែប្ដីខ្ញុំអត់បានឃើញប្លង់នោះហើយ គាត់ថាខ្ញុំសម្ដែងល្អ គឺអត់ប្រច័ណ្ឌ!»។
យោងតាមការសម្ដែងក្នុងរឿង «ស្នេហ៍ស្វ័យគុណ៤» គឺនាងសម្ដែងជាតួមានសង្សាររស់នៅផ្ទះតែមួយតាមរបៀបអឺរ៉ុប ហើយត្រូវផលិតករតម្រូវឲ្យតួស្វាមីអោបថើបៗ យ៉ាងស្និទ្ធិស្នាលជារបៀបគូស្នេហ៍។ រឿងនេះ បានធ្វើពិធីបើកសម្ពោធ តែមិនទាន់បានដាក់បញ្ចំងលក់សំបុត្រនោះទេ គឺរហូតទាល់តែថ្ងៃ១៩ខែមករា ទើបសម្រេចដាក់បញ្ចាំង។
ប៊ីរីយ៉ា និយាយថារឿងនេះនាងមានការរំពឹងជោគជ័យ ចឹងហើយទើបនាងសម្រេចចិត្តបើកជំនួញលក់ដំណាប់អំពិលឲ្យជោគជ័យដែរ ដោយគ្រោងច្នៃហាងតាំងលក់តែម្ដង៕