អង្គការមួយធ្វើការផ្នែកជំរុញឲ្យមានតម្លាភាពនិងការអភិវឌ្ឍសង្គម កំពុងធ្វើយុទ្ធនាការជំរុញឲ្យបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ចូលរួមប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតកាន់តែមានទំនុកចិត្តនិងធានាបានការអភិវឌ្ឍពិតប្រាកដ។
ប្រធានអង្គការគណនេយ្យភាពកម្ពុជាលោក គុយ មាសសំណាង ថ្លែងប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមការងារលោកកំពុងធ្វើសកម្មភាពជំរុញឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រៀមសម្រាប់ការបោះឆ្នោតនៅខែមិថុនាខាងមុខនេះ ចូលរួមប្រកាសទ្រព្យសម្បត្តិ។ លោកថាយុទ្ធនាការដែលកំពុងធ្វើនោះរួមមានចុះជួបផ្ទាល់ជាមួយបេក្ខជន អ្នកនយោបាយ ស្ថាប័នពាក់ព័ន្ធ និងធ្វើសកម្មភាពតាមប្រព័ន្ធអ៊ិនធើណែតមាន ហ្វេសប៊ុក អ៊ីម៉ែលជាដើម។
លោក គុយ មាសសំណាង មានប្រសាសន៍ថា បើបេក្ខជនទាំងនោះព្រមប្រកាសទ្រព្យសម្បត្តិឲ្យម្ចាស់ឆ្នោតបានដឹងនោះ ជាផ្នែកមួយក្នុងការលើកស្ទួយប្រជាប្រិយភាពខ្លួនឯងនិងធានាបាននូវការបំពេញការងារពិតប្រាកដដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន៖ «កាលណាគាត់ចាប់ផ្តើមធ្វើឥឡូវ ផ្តល់ភាពកក់ក្តៅ និងសេចក្តីទុកចិត្តដល់ពលរដ្ឋ ចឹងប្រជាពលរដ្ឋគាំទ្រគេបោះឆ្នោតឲ្យហើយ។ កាលណាពលរដ្ឋទុកចិត្ត គេបោះឆ្នោតឲ្យហើយ»។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង យុវជន រិទ្ធា មេត្តា មានប្រសាសន៍ថា លោកគាំទ្រឲ្យបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ប្រកាសទ្រព្យសម្បត្តិ ដើម្បីបង្ហាញភាពស្មោះត្រង់និងតម្លាភាពក្នុងការងារ។ លោក ជំរុញឲ្យបេក្ខជនទាំងអស់នោះ ប្រកាសបើកចំហធនធានដែលកំពុងមានជាសាធារណៈ ដើម្បីជាទំនុកចិត្ត ភាពជាគំរូនិងសេចក្តីថ្លៃថ្នូរទាំងក្នុងពេលកាន់តំណែងនិងពេលចប់តំណែង៖ «បើយើងច្បាស់លាស់ ចង់កសាងមូលដ្ឋាន ចង់ធ្វើជាមេដឹកនាំគំរូ ព្រោះលុយរបស់យើងទ្រព្យសម្បត្តិរបស់យើងនៅដដែលអត់មានអ្នកណាយកទេ ហើយយើងចាយប្រាក់ខែរបស់រដ្ឋហ្នឹងបានពីការយកពន្ធពីពលរដ្ឋ ចំណែកលុយគម្រោងយើងយកមកអភិវឌ្ឍន៍ពិតប្រាកដជាក់ស្តែង។ និយាយទៅយើងជាមនុស្សគំរូមិនពុករលួយអត់មានខ្លាចអីទេ»។
របាយការណ៍អង្គការគណនេយ្យភាពកម្ពុជាឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០១៧នេះ បុគ្គលិកអង្គការសង្គមស៊ីវិល បុគ្គលិកក្រុមហ៊ុន មន្ត្រីរដ្ឋ មន្ត្រីគណបក្សនយោបាយប្រមាណ៤០នាក់ បានស្ម័គ្រចិត្តប្រកាសទ្រព្យសម្បត្តិខ្លួនជាសាធារណៈក្នុងនោះរួមមានលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ និងលោក គិម លឹមយ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ របស់គណបក្សសង្រ្គោះជាតិ។ លោក គុយ មាសសំណាង បញ្ជាក់ថា សាធារណជនពិសេសថ្នាក់ដឹកនាំគណបក្សនយោបាយអាចប្រកាសទ្រព្យជាសាធារណៈជាមួយគេហទំព័ររបស់អង្គការគណនេយ្យភាពកម្ពុជាឬអាចប្រកាសលើគេហទំព័រផ្ទាល់ខ្លួនក៏បាន ដើម្បីឲ្យសាធារណជនបានដឹង៕