ប្រមុខកាទូតរុស្ស៊ី លោក Sergie Lavrov បានថ្លែងនៅថ្ងៃនេះថា ប្រទេសលោករំពឹងថានឹងមានជំនួបពិភាក្សាជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ អំពីយុទ្ធសាស្ត្រស្ថេរភាពពិភពលោក ក្នុងនោះមានទាំងបញ្ហាអាវុធនុយក្លេអ៊ែរផងដែរ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Lavrov បានប្រាប់ទៅក្រុមអ្នកយកព័ត៌មានថា កិច្ចពិភាក្សាបែបនោះ អាចគ្របដណ្ដប់ទៅលើអាវុធមានល្បឿនលឿនជាងសំឡេង ខែលការពារមីស៊ីលរបស់អាមេរិកនៅអឺរ៉ុប អាវុធអវកាស និងការសាកល្បងអាវុធ។
លោកបន្ថែមថា រុស្ស៊ីបានត្រៀមខ្លួនរួចហើយដើម្បីជួបជាមួយរដ្ឋបាលរបស់លោក ត្រាំ ដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះ បន្ទាប់ពីលោក ត្រាំ ឡើងកាន់តំណែងជាផ្លូវការ។
ប៉ុន្តែ ប្រមុខកាទូតរុស្ស៊ីរូបនេះ បានថ្លែងរិះគន់ផងដែរថា ការដាក់ពង្រាយកងទ័ពរបស់សម្ព័ន្ធយោធាណាតូនៅតាមបណ្ដាប្រទេសនៅសមុទ្របាល់ទិច គឺជាគំនិតអាក្រក់។
រុស្ស៊ី ជាយូរមកហើយ បានជំទាស់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធរបស់អាមេរិក បានឡោមព័ទ្ធប្រទេសរុស្ស៊ី និងគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន៕