មន្ត្រីគណបក្សសង្គ្រោះជាតិដែលជាប់ឃុំ បានថ្លែងថាលោកខកចិត្តទៅនឹងការពន្យារពេលនៃជំនួបរវាងអ្នកនយោបាយ បន្ទាប់ពីមានការគំរាមពីលោក ហ៊ុន សែន ពីក្រៅប្រទេស។
មន្ត្រីគណបក្សប្រឆាំងលោក មាជ សុវណ្ណារ៉ា បានថ្លែងមុនសវនាការនៅតុលាការកំពូល នៅព្រឹកនេះថាការពន្យារនៃជំនួបរវាង លោក កឹម សុខា និងលោក ស ខេង គឺដោយសារតែការថ្លែងរបស់លោក ហ៊ុន សែន ពីក្រៅប្រទេសថា មិនចង់ចង់ជួបសន្ទនាជាមួយបក្សប្រឆាំងទៀតទេ។ លោកថារូបភាពនេះបានបង្ហាញថាអំណាចទាំង៣របស់កម្ពុជាកំពុងស្ថិតក្រោមអំណាចរបស់លោក ហ៊ុន សែន តែម្នាក់។
បន្ទាប់ពីចប់សវនាការលោក មាជ សុវណ្ណារ៉ា បានបន្ថែមថា រឿងរបស់លោកជារឿងនយោបាយដែលត្រូវដោះស្រាយតាមរបៀបនយោបាយ ហើយថាបើស្ថានការណ៍នយោបាយដូចបច្ចុប្បន្ននេះ ក្តីសង្ឃឹមរបស់ពួកលោកដែលអាចចេញពីពន្ធនាគារ គឺគ្មានទាល់តែសោះ។
លោកថា៖ «រឿងនយោបាយត្រូវដោះដោយនយោបាយ ហើយពីរបីថ្ងៃនេះ លោក ហ៊ុន សែន និង ស ខេង ហាក់ដូចជាមិនស៊ីខ្សែគ្នា អារឿងជំនួបកំពូលរវាងគណបក្សសង្គ្រោះជាតិនិងគណប្រជាជននៅថ្ងៃទី២៥ មករា ចុះថ្ងៃទី១៧ ហើយអាចថ្ងៃទី១៧ ហ្នឹងលុបចោលវិញ គឺថាអំណាចនីតិបញ្ញាត្តិ នីតិប្រតិបត្តិ និងតុលាការហ្នឹង នៅលើតុលាការតែម្នាក់ឯង»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ ថាការអនុវត្តទោសលើលោក មាជ សុវណ្ណរ៉ា និងមនុស្សមួយចំនួនទៀតដែលកំពុងជាប់ពន្ធនាគារ គឺស្ថិតក្រោមចំណាត់ការរបស់តុលាការ ហើយថាការចរចានយោបាយមិនអាចជួយអ្នកទាំងនោះឲ្យមានសេរីភាពបាននោះទេ។
លោកថា៖ «ការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា គឺគាត់កំពុងតែភ្លេចខ្លួនឯងថាគាត់បានប្រព្រឹត្តបទល្មើស បើគាត់ចាត់ទុកថាគាត់ជារឿងនយោបាយ មិនមែនសំដៅថាគាត់ជាអ្នកនយោបាយនោះទេ អ្នកនយោបាយក៏អាចមានទោសនិងមានពិរុទ្ធភាពក្នុងករណីដែលគាត់ធ្វើអំពើប្រឆាំងច្បាប់ដូច្នេះត្រូវទទួលខុសត្រូវមុខច្បាប់ហើយមិនអាចយកយន្តការនយោបាយមកដោះស្រាយអំណាចតុលាការបានជាដាច់ខាត»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា បានលើកឡើងកាលពីម្សិលមិញឲ្យវីអូឌីដឹងថា ការដែលពន្យារពេលនៃការចរចារនេះគឺដោយសារទទួលរងឥទ្ធិពលពីលោក ហ៊ុន សែន ដែលថ្លែងពីក្រៅប្រទេស។ លោកបន្ថែមទៀតថាតាមរយៈការលើកឡើងរបស់លោកហ៊ុន សែន នោះគឺវាបានបង្ហាញថាបក្សកាន់អំណាចគ្មានជំហរណាមួយចង់ឲ្យអ្នកដែលជាឃុំទាំងប៉ុន្មាននាក់នោះត្រូវរួចខ្លួននោះទេ ហើយព្យាយាមរកមធ្យោបាយធ្វើឲ្យបក្សប្រឆាំងចុះខ្សោយទៀតផង។
លោកថា៖ «បើយើងមើលទៅបក្សកាន់អំណាចហាក់ដូចជាមិនមានជំហរណាមួយចង់ឲ្យអ្នកទោសមនសិកាទាំងអស់នោះត្រូវបានដោះលែងនោះទេ ដោយហេតុនេះហើយយើងញថា បក្សកាន់អំណាចមិនយកយន្តការដែលមានស្រាប់ឬក៏ប្រើប្រាស់វប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហានោះទេ ក៏ប៉ុន្តែព្យាយាមធ្វើឲ្យដៃគូររបស់ខ្លួនចុះខ្សោយនិងអស់ឥទ្ធិពលទៀតផង»។
គួរបញ្ជាក់ថាជំនួបរវាងគណបក្សប្រជាជននិងបក្សប្រឆាំងដែលគ្រោងនឹងត្រូវជួបគ្នានៅថ្ងៃទី២៥ មករា ខាងមុខត្រូវបានលើកពេលវិញដោយមិនបញ្ជាក់ពីមូលហេតុ។
តែការលើកពេលនេះធ្វើឡើងបន្ទាប់ពីមានសារគំរាមរបស់លោក ហ៊ុន សែន ពីក្រៅប្រទេសថាលោកលែងចង់ជួបចរចារជាមួយបក្សប្រឆាំងទៀតហើយ ដោយថា មកពីបក្សប្រឆាំងតែងតែប៉ុនប៉ងប្រើប្រាស់ការចរចានេះ ឲ្យដោះលែងមនុស្សមួយចំនួន ដែលលោក ហ៊ុន សែន ថាជាការបំពានដល់អំណាចតុលាការ៕