នៅទីបំផុតតារាសម្ដែងល្បីឈ្មោះអ្នកនាង មាស សម្ផស្ស បានសម្រេចចិត្តទម្លាយជាផ្លូវការ ហើយថាទំនាក់ទំនងរវាងអ្នកនាងនិងស្វាមីដែលបានចងគ្នាដោយលិខិតអាពាហ៍ពិពាហ៍ផ្លូវច្បាប់នោះ ពិតជាបានលែងលះគ្នាមែន ដោយអ្នកទាំងពីរសម្រេចចិត្តផ្ដិតមេដៃលែងគ្នាត្រឹមឃុំ-សង្កាត់ ដោយមានចាស់ទុំដឹងឮ។ យ៉ាងណាមិញ យោងតាមការផ្ទុះចម្រូងចម្រាស់ចុងក្រោយ អ្នកនាងបានបញ្ជាក់ជាថ្មីថា ដំណឹងលែងគ្នានឹងត្រូវធ្វើឡើងជាលើកទី២ម្ដងទៀត គឺឈានដល់តុលាការតែម្ដង បន្ទាប់ពីការឯកភាពត្រូវលេចឡើង បើទោះជាមិនទាន់ថាគម្រោងលែងគ្នាដើម្បីអោយបានស្របច្បាប់នឹងអាចកើតឡើងប្រាកដមែនឬយ៉ាងណា។
មាស សម្ផស្ស និយាយថាក្រោយពេលសម្រុះសម្រួលនិងក្រោយពេលនារីជាជនទី៣ ដែលបានពាក់ព័ន្ធស្វាមីដែលជាដើមចមនៃជម្លោះ សម្រេចចិត្តសុំទោសនិងសារភាពរវាងគេនិងស្វាមីខ្លួន គឺលោក វីលៀម មិនមានទំនាក់ទំនងគ្នាដូចការចោទប្រកាន់ ក៏ស្នេហារបស់នាងមិនបានប្រសើរឡើងវិញនោះដែរ។
ផ្ទុយទៅវិញ គឺចម្រូងចម្រាស់ចុងក្រោយនៅតែបានលេចឡើង ដោយអ្នកនាងនិងលោក វីលៀម បានសម្រេចចិត្តលែងគ្នា ហើយដោយយល់ឃើញថាមិនចង់ភ្ញាក់ផើ្អលនិងមិនចង់វែងឆ្ងាយ ក៏សម្រេចចិត្តលែងគ្នាត្រឹមអាជ្ញាធរឃុំ-សង្កាត់និងចាស់ទុំសងខាងទទួលដឹង។
អ្នកនាងថាដំណោះស្រាយក្នុងពេលឈ្លោះគ្នានោះ ភាគីខាងនាងនិងស្វាមីបានសម្រេចចិត្តលែងគ្នានៅក្រៅប្រព័ន្ធតុលាការ ដោយបានព្រមព្រៀងត្រឹមផ្ដិតមេដៃនៅត្រឹមឃុំ-សង្កាត់ ហើយសន្យាគ្នានឹងគ្មានភាគីណាមួយរករឿងភាគីណាមួយ ប្រសិនបើម្នាក់ៗមានទំនាក់ទំនងស្នេហាថ្មីរៀងខ្លួន បើទោះជាបានដឹងថាការលែងលះគ្នានៅត្រឹមអាជ្ញាធរមូលដ្ឋាននៅមិនទាន់ផ្លូវការ។
អ្នកនាងនិយាយថា៖ «ការពិតខ្ញុំដឹងថា ពួកយើងមានអេតាស៊ីវិល ត្រូវតែទៅតុលាការ ប៉ុន្តែមកពីពួកយើងអត់ចង់វែងឆ្ងាយទើបសម្រេចធ្វើពាក្យលែងគ្នាត្រឹមហ្នឹង ហើយពួកយើងសុទ្ធតែជាមនុស្សមានកិត្តិយសដូចគ្នា ចឹងគិតថាផ្ដិតមេដៃលែងគ្នាត្រឹមហ្នឹងគឺចប់ហើយ ដោយសារពួកយើងគឺអស់និស្ស័យនឹងគ្នា នឹងសុទ្ធតែតាំងចិត្តរៀងខ្លួនថាឈប់ចងពៀរគ្នា!»។
យ៉ាងណាមិញ អ្នកនាងថាជម្រើសប្ដឹងគ្នានៅខាងតុលាការ ប្រហែលជាត្រូវកើតជាលើកទី២ដោយជៀសមិនផុត បន្ទាប់ពីលោក វីលៀម ត្រូវអ្នកនាងចោទថាដើរនិយាយបង្ខូចឈ្មោះចំពោះនាងនិងបានគំរាមទម្លាយរឿងអាស្រូវរបស់នាង នៅបន្ទាប់ពីផ្ដិតមេដៃលែងគ្នា។ អ្នកនាងថា រវាងនាងនិងលោក វីលៀម ដ្បិតថាបានរស់នៅផ្សេងគ្នាក្រោមស្លាកលែងគ្នាទៅហើយ តែសង្គ្រាមពាក្យសម្ដីចាប់ផ្ដើមផ្ទុះឡើងជាថ្មី ដោយប្រតិកម្មរបស់អ្នកនាងក៏ត្រូវបានអតីតស្វាមីតបតមកវិញ ដោយសុំលែងដល់តុលាការមួយតង់ទៀត។
អ្នកនាងនិយាយថា៖ «រឿងពួកខ្ញុំមើលទៅអត់ចប់ទេ បើគាត់ចេះតែដើរនិយាយបង្ខូចពីខ្ញុំចឹង គាត់ថាខ្ញុំជាអ្នករៀបគម្រោងលែងនិងចោទថាគាត់មានស្រី ជាលេសបែកគ្នា ចឹងខ្ញុំនៅអត់សុខទេ ហើយដោយសារតែខ្ញុំរករឿងគាត់រឿងហ្នឹង លូវគាត់ថាបើខ្ញុំខ្លាំង គាត់នឹងបញ្ចេញរឿងអាស្រូវពីមុនៗអោយខ្ញុំខ្មាស់គេ ហើយទារលែងអោយដល់តុលាការម្ដងទៀត!»។
អ្នកនាងថាខ្លួនពេញចិត្តកំដរ ដោយក្រៅពីដាក់បណ្ដឹងលែងគ្នានៅក្នុងតុលាការបណ្ដឹងពីបទបរិហាកេរ្ត៍មួយ ក៏អាចកើតឡើងផងដែរ រវាងនាងនិងអតីតស្វាមី។
អ្នកនាងសារភាពថារយៈពេល២បីថ្ងៃចុងក្រោយ រវាងនាងនិងលោក វីលៀម បានក្លាយជាគូជម្លោះស្រួចស្រាល តែមិនទាន់ដឹងថាពិតជាត្រូវឡើងតុលាការឬយ៉ាងណានោះទេ ដោយរង់ចាំមើលពីលទ្ធផលសិន។
មាស សម្ផស្ស បញ្ជាក់ថាការបង្ខូចឈ្មោះនាងដោយលោក វីលៀម ជារឿងធ្ងន់ធ្ងរដែលអ្នកនាងមិនអាចទទួលបាន ខណៈដែលចោទថាលោកជាបង្កាត់ភ្លើងស្នេហ៍ជាមួយនារីទី៣ ទើបជាមូលហេតុថាធ្វើអោយមានរឿងលែងលះ។ យ៉ាងណាមិញ ក្នុងពេលចម្រូងចម្រាស់នោះ លោក វីលៀម ធ្លាប់បានប្រកែកទាំងស្រុងថាជារឿងយល់ច្រលំ និងថារវាងលោកនិងនារីទី៣គ្រាន់តែរាប់អានគ្នា។
មាស សម្ផស្ស និយាយថាលោក វីលៀម គំរាមធ្វើអោយអ្នកនាងខ្មាស់គេ ទើបធ្វើអោយនាងឆេះដុំ ហើយសម្រេចចិត្តផ្ទុះសង្គ្រាមពាក្យសម្ដី ដែលស្ថានភាពជម្លោះអាចនឹងដល់តុលាការព្រមជាមួយនឹងបណ្ដឹងសុំលែងលើកទី២របស់អតីតស្វាមី។
អ្នកនាងនិយាយថា៖ «គាត់ដើរខ្ញុំរៀបគម្រោងលែងគាត់ទាំងគាត់ជាអ្នកមានស្រីខ្លួនឯង ឥលូវដល់ពេលខ្ញុំរករឿងគាត់គំរាមខ្ញុំ និងទារលែងម្ដងទៀតដល់តុលាការ អត់អីទេខ្ញុំកំដរគាត់!»។
អ្នកនាងថាបើអតីតស្វាមីពិតជាហ៊ានទម្លាយរឿងអាស្រូវណាមួយ ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់នាង នោះបណ្ដឹងពីបទបរិហាកេរ្តិ៍ ក៏នឹងកើតឡើងព្រមគ្នាផងដែរ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការលើកឡើងរបស់មាស សម្ផស្ស ភាគីខាងលោក វីលៀម និយាយថាខ្លួនមិនបានគំរាមនាងនោះទេ តែលោកបានសារភាពថាពិតជាត្រូវការលែងលះម្ដងទៀត អោយដល់តុលាការប្រាកដមែន ដើម្បីអោយបានស្របច្បាប់៕