ឃុំបឹងល្វា គឺជាឃុំមួយក្នុងចំណោមឃុំចំនួនដប់នៃស្រុកសន្ទុក ខេត្តកំពង់ធំ។ ឃុំនេះមានភូមិចំនួន១៣ ដែលមានពលរដ្ឋរស់នៅប្រមាណជាជិតពីរពាន់គ្រួសារ ដែលមានប្រជាជនសរុបប្រមាណជាជិតមួយម៉ឺននាក់។ ឃុំបឹងល្វាមានភូមិសាស្រ្តខាងជើ់ងជាប់នឹងឃុំទំរីង ខាងត្បូងជាប់នឹងឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ខាងលិចជាប់នឹងឃុំក្រយ៉ា ស្រុកសន្ទុក និងខាងកើតជាប់នឹងឃុំសោម ខេត្តក្រចេះ។
យើងត្រូវធ្វើដំណើរលើចម្ងាយផ្លូវប្រហែលជាជិតពីររយគីឡូម៉ែត្រ ដើម្បីទៅដល់ឃុំបឹងល្វា។ បើតាមស្ថានភាពប្រជាសាស្រ្តប្រជាពលរដ្ឋនៅក្នុងស្រុកសន្ទុក ក៏ដូចជាឃុំល្វាភាគច្រើនគឺជាកសិករ និងមួយភាគតូចគឺជាជាងចម្លាក់។
អ្នកយកព័ត៌មានពលរដ្ឋរបស់ VOD លោក ហ៊ុន ឌីម៉ូ បានចំណាយពេល៧ម៉ោងដោយធ្វើដំណើរចេញពីភ្នំពេញទៅដល់សាលាបឹងឃុំល្វាកាលពីខែវិច្ឆិកា។
លោកបានជួបជាមួយនឹងពលរដ្ឋមួយចំនួននៅក្នុងឃុំនេះ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពនៃការចូលរួមរបស់របស់ពួកគេនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅមូលដ្ឋាន។
ទីនេះឈ្មោះថាភូមិកពប់អំបិល។ វាជាភូមិមួយក្នុងចំណោមភូមិទាំងដប់បីនៃឃុំបឹងល្វា។ សាឃុំត្រូវបានសាងសង់ឡើងនៅក្នុងភូមិនេះ។ ជាសំណង់ទាម ធ្វើពីឈើប្រក់ក្បឿងស្រការលេញ សាលាឃុំបឹងល្វាត្រូវបានសាងសាងឡើងកាលពីឆ្នាំ២០១២ បន្ទាប់ពីសាលាឃុំបឹងល្វានេះត្រូវបានប្រកាសបង្កើតឡើង។
ផ្ទាំងបដាព័ត៌មានពីការចុះឈ្មោះបោះឆ្នោត ត្រូវបានព្យួរនៅខាងមុខសាលាឃុំ។ ដោយស្ថិតនៅលើទីតាំងដែលមិនទាន់មានរបងហ៊ុំព័ទ្ធនៅឡើយ សាលាឃុំនេះមិនមានក្តាព័ត័មានដូចសាលាឃុំភាគច្រើនផ្សេងទៀតនោះទេ។
អ្នកយកព័ត៌មានពលរដ្ឋរបស់ VOD នៅក្នុងខេត្តកំពង់ធំ គឺលោក ហ៊ុន ឌីម៉ូ បានទៅសម្រាកលេងនៅសាលាឃុំនៅកាលពីខែវិច្ឆិកា៖ «សមាជិកក្រុមប្រឹក្សាឃុំបឹងល្វាមានប្រាំរូប មានកូតាគណបក្សប្រជាជនកម្ពុជាបួនរូប និងគណបក្សសង្គ្រោះជាតិមួយរូប។ មានភូមិស្របច្បាប់និងមិនទាន់ស្របច្បាប់មាន២៤ ហើយភូមិទទួលស្គាល់ដោយក្រសួងមហាផ្ទៃមាន១៣។ ចំពោះភូមិត្រពាំងកកោះដែលឆ្ងាយជាងគេនៅក្នុងឃុំគឺមានចម្ងាយ៥០គីឡូម៉ែត្រពីសាលាឃុំ។ ហើយភូមិដែលមានចម្ងាយមធ្យមគឺប្រហែលសាមសិបគីឡូម៉ែត្រគឺភូមិត្បែង។ ភូមិដែលនៅជិតគឺមានចម្ងាយផ្លូវពីរគីឡូម៉ែត្រ»។
លោក ហ៊ុន ឌីម៉ូ ក៏បានពិនិត្យមើលផងដែរអំពីប្រភេទនៃព័ត៌មានផ្សេងៗ ដែលបានបិទនៅក្នុងសាលាឃុំនេះ៖ «នៅពេលនេះខ្ញុំបានធ្វើដំណើរមកដល់ឃុំបឹងល្វា។ សាលាឃុំនេះបានកសាងឡើងនៅក្នុងឆ្នាំ២០១២ ដែលមានទំហំប្រាំបីគុណនឹងដប់ពីរម៉ែត្រ។ វាធ្វើពីឈើប្រក់ក្បឿង។ ខ្ញុំបានចូលក្នុងសាលាឃុំ ហើយបានឃើញមានការបិទប្រកាសព័ត៌មានផ្សេងៗដើម្បីប្រាប់ពលរដ្ឋឲ្យបានដឹងពីសេវាកម្មផ្សេងៗដែលឃុំបម្រើជូនពលរដ្ឋ។ ក្នុងនោះដែរបានឃើញផ្លាកសញ្ញារបស់សហគមន៍អឺរ៉ុបនិង CCIM មានព័ត៌មានរបស់អង្គការទស្សនៈពិភពលោកដែលអប់រំបញ្ឈប់អំពើហឹង្សាលើកុមារ និងស្រ្តី រួមទាំងការបញ្ឈប់ការជួញដូរផ្លូវភេទ។ នៅខាងមុខសាលាឃុំមានបដាប្រកាសឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត។ មានតម្រៀបតុកៅអី និងទូដាក់ឯកសាររបស់សាលាឃុំ។ មានបដាអប់រំអំពីអាហាររូបត្ថម្ភ។ ពលរដ្ឋពលរដ្ឋខ្លះបានមកសលាឃុំនៅពេលខ្ញុំមកដល់ទីនេះដើម្បីស្នើឃុំជួយដោះស្រាយបញ្ហាដីធ្លី»។
ជាការពិតណាស់ដែលថា ព័ត៌មានដែលមានការបិទផ្សាយដូចជាការដំណើរការនៃការចុះឈ្មោះបោះឆ្នោតនិងព័ត៌មានផ្សេងៗដែលលោក ឌីម៉ូ បានជម្រាបជូននេះ គឺជាផ្នែកមួយនៃការឆ្លើយតបទៅនឹងតម្រូវការនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។ វាគឺជាផ្នែកយ៉ាងសំខាន់ដើម្បីជម្រុញឲ្យពលរដ្ឋនៅមូលដ្ឋានចូលរួមនៅគ្រប់ដំណើរការនៃសេចក្តីសម្រេចចិត្ត។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី បានឡាយព្រះហត្ថលេខាឲ្យប្រើច្បាប់ស្ពីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៤-២០១៨កាលពីខែកក្កដា ឆ្នាំ២០១៤។ រដ្ឋាភិបាលបានបង្កើតឲ្យមានឲ្យមានគណកម្មាធិការជាតិដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
គណៈកម្មាធិការនេះក៏បានបង្កើតឲ្យមានកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ២០១០-២០១៩។ ចំណុចសំខាន់មួយនៃជំពូក២ក្នុងកម្មវិធីជាតិនេះបានសរសេរថា៖ «រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យក្នុងការបង្កើត ប្រព័ន្ធគ្រប់គ្រងនៅថ្នាក់រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ដោយឈរលើគោលការណ៍នៃការចូលរួមតាមលក្ខណៈប្រជាធិបតេយ្យ ហើយត្រូវដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពដើម្បីជម្រុញកិច្ចអភិវឌ្ឍមូលដ្ឋាននិងការផ្តល់សេវាសាធារណៈដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ»។
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានាឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងដំណើរការធ្វើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ។
យ៉ាងណាមិញ ការអនុវត្តនិងធ្វើឲ្យប្រសើឡើងនៃការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការធ្វើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំបឹងល្វាប្រហែលជានៅជួបបញ្ហាប្រឈមច្រើន។
អ្នកស្រី គឹម ទឹង អាយុ៦៤ឆ្នាំជាស្រ្តីមេផ្ទះ។ គាត់រស់នៅភូមិកំពប់អំបិល មិនឆ្ងាយប៉ុន្មានពីសាលាឃុំបឹងល្វា។លោកស្រី គឹម ទឹង ប្រាប់អ្នកយកព័ត៌មានថា គាត់ធ្លាប់បានចូលរួមប្រជុំឃុំ ហើយក៏ធ្លាប់បានលើកពីបញ្ហាដើម្បីឲ្យឃុំជួយដោះស្រាយដែរក្នុងនោះមានករណីតម្លៃកសិផលចុះថោកនិងគ្មានទីផ្សារជាដើម៖ «ដូចជារឿងទឹកចម្រោះអីហ្នឹង ប្រជាជនចង់បាន ផ្លូវថ្នាល់ខូច គ្រលុក បង្គន់អនាម័យ យើងសំណូមពរឃុំទៅខាងអង្គការគេចុះមកធ្វើឲ្យយើង»។
ឃុំបឹងល្វាមានសមាជិកក្រុមប្រឹក្សាចំនួន៥នាក់។ ដូចដែលការរៀរាប់របស់លោក ហ៊ុន ឌីម៉ូ ក្រុមប្រឹក្សាឃុំ៤នាក់តំណាងមកពីគណបក្សប្រជាជនកម្ពុជា និងមួយនាក់តំណាងមកពីគណបក្ស សម រង្ស៊ី ដែលរួមគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ក្លាយជាគណបក្សសង្គ្រោះជាតិពេលបច្ចុប្បន្ននេះ។
អ្នកភូមិមួយចំនួនបានទៅធ្វើការឲ្យក្រុមហ៊ុនចំការកៅស៊ូរ ដែលនៅចម្ងាយប្រមាណជា២ទៅ៥គីឡូម៉ែត្រពីភូមិ។អ្នកស្រី សែ បូរី អាយុ ៣០ឆ្នាំ។ គាត់គឺជាកម្មការនីក្រុមហ៊ុនចំការកៅស៊ូវៀតណាមឈ្មោះភឿកហ្វ័វ។
កម្មការិនីចំការកៅស៊ូររូបនេះ ហាក់មិនបានដឹងអំពីដំណើរការនានានៃការងាររបស់ឃុំនោះទេ ហើយកាន់តែមិនបានចូលរួមនៅក្នុងដំណើរការនៃការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំទៅទៀត៖ «ខ្ញុំមិនសូវដែលបាននៅផ្ទះដែរ ពេលត្រូវការគេហៅប្រជុំពុក ម៉ែទេទៅប្រជុំ ចំណែកខ្ញុំនៅតែក្រុមហ៊ុនទេ គ្មានពេលវេលាមកប្រជុំទេ»។
ក្រៅតែបានជួបជាមួយនឹងកម្មការនីចំការកៅស៊ូ លោក ឌីម៉ូ បានធ្វើដំណើរទៅជួបជាមួយនឹងជាងជួសជុសរថយន្តម្នាក់នៅក្នុងភូមិក្បែរនោះដែរ។
លី វ៉ាន់ខួច មានមុខរបរជាជាងជួសជុសគ្រឿងយន្ត។ បើទោះបីជាមិនសូវមានរថយន្តឆ្លងកាត់ផ្លូវនៅក្នុងភូមិនេះប៉ុន្តែអតិថិជនរបស់គាត់គឺជាគោយន្ត ដែលត្រូវបានប្រើប្រាស់ពេញនិយមនៅតំបន់ចំការដូចជាឃុំបឹងល្វានេះ។បុរសវ័យ៣៧ឆ្នាំរូបនេះ និយាយប្រាប់អ្នកយកព័ត៌មានថា មិនដែលមាននរណាអញ្ជើញគាត់ឲ្យទៅប្រជុំនោះទេ។ ប៉ុន្តែគាត់និយាយថាគាត់ក៏រវល់ច្រើនទៅទៀត៖ «អត់ មិនដែលបានលើកបញ្ហានិងទេ បើសិនប្រជុំបានឲ្យមានមតិ ប្រជាជនសុំច្រើនណាស់ ដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ពិសេសមន្ទីរពេទ្យនិងសំខាន់ណាស់ ហើយនិងសាលារៀន ប្រជាជនដូចអរម៉ង បើសិនបានកើតទាំងអស់ហ្នឹងវិញ ប៉ុន្តែឥឡូវដូចមិនឃើញមាន វាពិបាកដែរ ហើយខ្ញុំមិនសូវបានចេញចូលប្រជុំ»។
បើទោះបីជាមើលឃើញថាគម្រោងអភិវឌ្ឍមួយចំនួនមានភាពចាំបាច់សម្រាប់សហគមន៍លោកក្តី តែលោក ខួច និយាយថាលោកមិនបានចូលរួម លើកមតិយោបល់ ឬចូលរួមដើម្បីធ្វើសេចក្តីសម្រេច លើកិច្ចការអភិវឌ្ឈអ្វីជាមួយក្រុមបឹក្សា ឬមេឃុំទេ៖ «បើសិនជាឲ្យមានមតិវិញ ចង់សំថាឲ្យប្រជាជនទាំងអស់និង ដើម្បីឲ្យរួមមតិ ឲ្យសួរទៅមេភូមិនិងមេឃុំតើបើយើងសុំធ្វើជាមណ្ឌលសុខភាព សាលារៀនអីបន្ថែមទៀតចឹង ហើយនិងផ្លូវថ្នល់ ដូចក្មេងៗទាំងកូនខ្ញុំ កូនគេ ជាពិសេសត្រូវការរៀន បើសិនឲ្យទៅអីណាឥឡូវ កំពុងឲ្យកូនរៀនដល់កំពង់ថ្ម បើនៅនេះមើលទៅរៀនដូចរៀនមិនដិតមិនដល់វាពិបាកពេក ហើយ ដល់ពេលនេះទៅប្រជាជនបើនិយាយរួមទៅត្អូញតគ្នា គេច្រើនតែប្រាប់ពីមួយតមួយដល់ចឹងគេអស់ទំនុកទុកចិត្ត»។
អង្គការវិទ្យាស្ថានតស៊ូរមតិនិងគោលនយោបាយ(API)កំពុងតែធ្វើសកម្មភាពដើម្បីជម្រុញឲ្យពលរដ្ឋទទួលបានសិទ្ធិទទួលព័ត៌មានពេញលេញ។ បើតាមរបាយការណ៍ស្រាវជ្រាវរបស់ វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយឲ្យដឹងថាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចប្រជុំប្រចាំខែរបស់ឃុំឬសកម្មភាពអភិវឌ្ឍន៍នានាមានប្រហែលជា២៥%ប៉ុណ្ណោះ។
ប្រធានកម្មវិធីអង្គការនេះ លោក ម៉ាន់ វ៉ាន់ផានិត ពិនិត្យឃើញថាពលរដ្ឋមិនទាន់យល់ពីសារៈសំខាន់នៃការចូលរួមរបស់ពួកគាត់នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំនៅឡើយ។ លោកនិយាយថាវាកម្រណាស់ដែលមានពលរដ្ឋចូលរួមនៅក្នុងការប្រជុំប្រចាំខែរបស់ឃុំ ប៉ុន្តែការចូលរួមរបស់ពលរដ្ឋនៅក្នុងវេទិការនានាមានការកើនឡើងបន្តិច៖ «បើនិយាយពីការប្រជុំប្រចាំខែរបស់ឃុំវិញគឺយើងសង្កេតឃើញថាស្ទើរតែគ្មានការចូលរួមរបស់ពលរដ្ឋមានតែCBOខ្លះៗតែប៉ុណ្ណោះ។ ការចូលរួមមានការកើតឡើងខ្លះ តែយើងឃើញមានការប្រឈមជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាលកាន់តែមានបញ្ហា។ ពលរដ្ឋគិតតែជីវភាពរបស់ខ្លួនជាជាងចង់ដឹងចង់ឮពីឃុំ»។
លោក ផានិត ទទួលស្គាល់ថាអាជ្ញាធរមូលដ្ឋានខ្លះបានអនុវត្តល្អដើម្បីគៀងគរឲ្យមានការចូលរួមរបស់ពលរដ្ឋ ខណៈដែលលោកថាអាជ្ញាធរខ្លះទៀតនៅមានភាពប្រងើយកន្តើយនៅឡើយ៖ «អង្គទាំងពីរហ្នឹងនៅមានបញ្ហាដូចគ្នា។ ទាំងអាជ្ញាធរក៏នៅមានបញ្ហា និងការពលរដ្ឋក៏នៅមានភាពប្រងើយកន្តើយចឹងហើយបានជាធ្វើឲ្យមានការលំបាក និងការអភិវឌ្ឍន៍មិនទាន់ឆ្លើយតប»។
មាត្រាទី២១ នៃច្បាប់គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ចែងថា ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវប្រជុំមួយដងក្នុងមួយខែ។
នៅឯឃុំបឹងល្វា លោក ហ៊ុនឌីម៉ូ រាយការណ៍ថា ពលរដ្ឋដែលគាត់បានជួបសម្ភាសន៍ភាគច្រើនបានដឹងពីការប្រជុំឃុំ។ ប៉ុន្តែមិនលំអិតទេ។ ពលរដ្ឋខ្លះបានទៅចូលរួមផ្ទាល់។ ទោះយ៉ាងណានៅពេលដែលលោក ហ៊ុន ឌីម៉ូ សួរគាត់អំពីការបញ្ចេញមតិយោបល់ឬលើកពីផែនការនានាស្នើដល់ក្រុមប្រឹក្សាឃុំពេលប្រជុំនោះ គឺពលរដ្ឋហាក់បង្ហាញភាពខ្លាចរអារដូចជាកម្មការិនីចំការកៅស៊ូឈ្មោះ សែ បូរី ដែរ។
អង្គុយលើគ្រែនៅក្រោមផ្ទះ បុរសមានសម្បុរស្រអែម សក់រួញអង្គាសដី លោក ក្រូច ក្រេង អាយុ៤៣ឆ្នាំ។ គាត់គឺជាកសិករ។ លោក ក្រេងប្រាប់ថា ការចូលរួមបញ្ចេញមតិ និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាលោកធ្លាប់ចូលរួមខ្លះៗ។ តែគាត់បញ្ជាក់ថា រាល់ការចូលរួមលោកមិនហ៊ានបញ្ចេញមតិ៖ «ខ្ញុំអ្នកឆោតល្ងង់មួយដែរ អត់ហ៊ានសួរ។ សួរទៅក្រែងលោវាខុស។ ខ្ញុំវាអត់ហ៊ានខ្លួនឯងហ្មងហ៊ានបានតែនិយាយនៅក្រៅៗ តែដល់ពេលនិយាយជាមួយឃុំគឺអត់ហ៊ាន»។
សម្រាប់លោក ក្រេង បើទោះបីមិនហ៊ាននិយាយផ្ទាល់ពេលប្រជុំឃុំក្តី តែភាសាក្នុងចិត្តរបស់លោកដែលលោកចង់បាននោះគឺការសាងសង់មន្ទីរពេទ្យនៅក្នុងភូមិឃុំរបស់លោក៖ «មេភូមក៏ដោយ មេឃុំក៏ដោយចង់ឲ្យស្តាប់មតិប្រជាពលរដ្ឋ។ មែនស្តាប់ហើយធ្វើហ្មងទេ គឺគិតសិនទៅ ថាតើវាចំណេញឬខាត ឬមតិពលរដ្ឋហ្នឹងត្រឹមត្រូវបានគោលការណ័អភិវឌ្ឍនៅក្នុងភូមិឃុំហ្នឹង។ រកមធ្យោបាយហើយបើមតិពលរដ្ឋត្រឹមត្រូវសូមឲ្យគាត់ធ្វើតាមមតិប្រជាពលរដ្ឋ»។
នៅពេលដែលលោក ក្រេង និយាយដូច្នេះប្រហែលជាអ្នកភូមិដែលធ្លាប់មានបទពិសោធន៍ចូលរួមនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់ឃុំមិនបានដឹងថាតើការចូលរួមរបស់ពួកគេមានប្រសិទ្ធភាពប៉ុណ្ណា។
អ្នកភូមិម្នាក់ទៀតបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការចូលរួមប្រជុំឃុំ។ លោក បៀត ហែន ជាអ្នកលក់កូនដំណាំស្វាយចន្ទី។ ជាងប៉ះកង់រថយន្តនិងលក់ដំណាំកូនចន្ទីរអាយុ២៦ឆ្នាំរូបនេះនិយាយថាវាជាការល្អណាស់ដែលបានចូលរួមប្រជុំឃុំ ប៉ុន្តែមិនដែលមាននរណាអញ្ជើញគាត់ទេ៖ «ខ្ញុំនៅផ្ទះរាល់ថ្ងៃ បើដឹងខ្ញុំទៅហើយ ទៅអើតមើលការផ្សព្វផ្សាយ ថាគេនិយាយយ៉ាងម៉េចៗ ខ្ញុំគិតថាវាសំខាន់ បើមានប្រជាពលរដ្ឋចូលរួមច្រើន ជាមួយឃុំឬចៅហ្វាយស្រុកគេមក ព្រោះពួកគាត់មកក្នុងនាមបំណងល្អ មកដើម្បីជួយប្រជាពលរដ្ឋ ហើយបើមកមិនជួយប្រជាពលរដ្ឋ បើមកមិនចូលដែរ ខ្ញុំចង់ចូលរួមជាមួយឃុំ តាមខែនៅនឹងមានមេក្រុម មេក្រុមច្រើន តែមិនដែលឃើញមេក្រុមមកប្រាប់ផង ដូចអត់មានប្រជុំអីផង»។
ពៅ ស្រីម៉ុំ គឺជាស្រ្តីដែលមានកូនប្រុសស្រី៤នាក់នៅក្នុងបន្ទុក។ គាត់គឺជាអ្នកលក់គុយទាវនៅក្នុងភូមិ។ ស្រីមុំបាននិយាយប្រាប់អ្នកយកព័ត៌មានថា គាត់មិនដែលបានចូលរួមនៅក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំបឹងល្ងាឡើយ៖ «ដូចថាយើងលក់ដូរអញ្ចឹងឃុំនិងយ៉ាងម៉េចៗយើងអត់ដែលដឹង អត់ដែលមានបញ្ហាអីចឹង តែបើមានបញ្ហាអីទៅប្រាប់គាត់ដោះស្រាយឲ្យយើង ហើយបើយើងមិនដឺលមានបញ្ហាអីផង តែបើយើងត្រូវទៅធ្វើសំបុត្រកំណើតអាហ្នឹងខ្ញុំទៅអត់អីទេ បើនិយាយទៅនៅភូមិឃុំគេខាងនោះប្រហែលជាគេបានដឹង បើនៅនេះខ្ញុំអត់ដែលបានដឹង»។
មាត្រា៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ចែងថាក្នុងការរៀបចំផែនការអភិវឌ្ឍឃុំសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវចាត់វិធានការ ទី១ វាយតម្លៃអំពីកម្រិតអត្ថិភាពនៃការអភិវឌ្ឍន៍និងកម្មភាពអភិវឌ្ឍន៍នៅក្នុងឃុំសង្កាត់របស់ខ្លួន។ ទី២ប្រមូលផ្តុំសេចក្តីត្រូវការក្នុងឃុំ សង្កាត់និងកំណត់អាទិភាពចំពោះសេចក្តីត្រូវការទាំងនោះ ដោយផ្អែកទៅលើធនធានទាំងឡាយដែលឃុំ សង្កាត់មាននិងធនធានដែលបានទទួល។ ទី៣រៀបចំកម្មវិធីដែលអាចឆ្លើយតបនានា តាមរយៈការផ្តល់សេវានិងការអភិវឌ្ឍ ហើយកម្មវិធីទាំងនេះត្រូវបញ្ចូលក្នុងថវិកាប្រចាំឆ្នាំរបស់ឃុំសង្កាត់។ ទី៤ ផ្តល់សេវានិងការអភិវឌ្ឍអនុលោមទៅតាមថវិកាខ្លួន។ ទី៥ ពិនិត្យតាមដាននិងវាយតម្លៃចំពោះលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍។ ទី៦ ប្រើប្រាស់លទ្ធផលផ្សេងៗដើម្បីវាយតម្លៃអំពីកំរិតនៃការអភិវឌ្ឍថ្មីៗក្នុងឃុំសង្កាត់របស់ខ្លួន និងទី៧ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ឃុំសង្កាត់ជូនពលរដ្ឋរបស់ខ្លួន។
ដាច់ដោយឡែកមាត្រា៧១នៃច្បាប់ដដែលនេះបានចែងថា ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវពិនិត្យពិចារណាទៅលើមតិយោបល់ផ្សេងៗដេលបានផ្តល់ចំពោះសេចក្តីរាយការណ៍…ហើយត្រូវទទួលយកមតិយោបល់ល្អៗដើម្បីដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ឃុំសង្កាត់។
ស្តាប់មើលទៅនីតិវិធីហាក់ដូចស្មុគ្រស្មាញ។ សម្រាប់លោក បៀត ហែន មិនបានយល់អំពីនីតិវិធីនេះទេ។ ប៉ុន្តែគាត់និយាយថាគាត់សម្បាយចិត្តប្រសិនបើគាត់មានឱកាសបានចូលរួម៖ «បញ្ចេញមតិកាន់តែច្រើនកាន់តែល្អ ពលរដ្ឋមិនចង់បានមាសពេជ្រអីទេ ចង់បានតែចូលរួមបញ្ចេញមតិយោបល់ដើម្បីឲ្យជួយពលរដ្ឋ»។
ក្នុងផែនការវិនិយោគឃុំកាលពីឆ្នាំ២០១៦ ឃុំបឹងល្វាបានទទួលលុយពីថ្នាក់ជាតិចំនួនពីររយហុកសិបលានរៀល(២៦០ ១០៩ ៣៧១រៀល) ឬស្មើនឹងប្រមាណជាប្រាំមួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក។
ឃុំនេះបានសម្រេចប្រើប្រាស់លុយនោះដើម្បីកសាងផ្លូវដែលមានប្រវែងបួនពាន់ប្រាំរយកៅសិបប្រាំមួយម៉ែត្រ។ដាច់ដោយឡែកនៅក្នុងឆ្នាំ២០១៧ ឃុំបឹងល្វាទទួលបានថវិកាជាតិចំនួនពីររយហុកសិបប្រាំមួយលានរៀល(២៦៦ ១៦០ ០០០រៀល)ឬប្រហែលប្រាំមួយម៉ឺនប្រាំមួយពាន់ដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍ឃុំនេះ។
មេឃុំបឹងល្វាលោក ប៉ែន លឿ រៀបរាប់ឡើងវិញអំពីអ្វីដែលជាបញ្ហាអាទិភាពនិងការសម្រេចចិត្តកាលពីមួយឆ្នាំមុន៖ «ខ្ញុំបានណែនាំឲ្យមានការគៀងគរពលរដ្ឋនិងចាស់ព្រឹទ្ធាចារ្យខ្លះឲ្យបានលើកឡើងពីបញ្ហាអាទិភាពដែលត្រូវធ្វើការអភិវឌ្ឍ»។
ថវិកាឃុំមិនគ្រប់គ្រប់គ្រាន់គឺជាគឺជាហេតុផលចំបងមួយសម្រាប់លោក ប៉ែន លឿ៖ «ពលរដ្ឋបានលើកយកបញ្ហាផ្សេងដើម្បីដាក់ជួនក្រុមប្រឹក្សា ក្នុងនោះបញ្ហាផ្លូវលំត្រូវបានលើកយ៉ាងច្រើនក្នុងកិច្ចប្រជុំឃុំ ដើម្បីឲ្យឃុំជួយកសាង និងជួសជុល ដោយេហតុថាពួកគាត់ជាច្រើនត្រូវការដឹកកសិផលទៅទីផ្សានិងការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់។ ក្រុមប្រឹក្សាបានយកមតិរបស់ពួកគាត់ដើម្បីប្រជុំ និងធ្វើសេចក្តី។ ដោយថវិការរបស់ឃុំតិចនោះលទ្ធផលពុំតាមអ្វីដូចដែលពួកគាត់ចង់បានឡើយ»។
នៅពេលដែលកម្មវិធីអភិវឌ្ឍន៍ឃុំនៅឆ្នាំ២០១៧នេះ នឹងត្រូវចាប់ផ្តើមអនុវត្តហើយក៏ដោយ ក៏ប៉ុន្តែលោក ប៉ែន លឿ កំពុងតែជញ្ជឹងគិតថាតើត្រូវប្រើវិធីសាស្រ្តបែបណាដើម្បីជម្រុញឲ្យពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកចូលរួមប្រកបដោយប្រសិទ្ធភាពនៅក្នុងការអនុវត្តផែនការទាំងអស់នោះ៖ «រៀលរាល់ខែខ្ញុំបានប្រជុំ។ ខ្ញុំណែនាំឲ្យមេភូមិគ្រប់ភូមិសួរនាំប្រជាពលរដ្ឋអំពីបញ្ហានិងតម្រូវការ។ មេភូមិត្រូវមករាយការណ៍វិញនៅពេលប្រជុំនៅខែបន្ទាប់»។
សម្រាប់លោក ម៉ាន់ វ៉ាន់ផានិត មើលឃើញថាកញ្ចប់ថវិកាបន្ថែមសម្រាប់ថ្នាក់ក្រោមជាតិគឺជាការចាំបាច់។ លោកមានប្រសាសន៍ថាថវិកាជាតិសម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋានគួរតែបន្ថែមដើម្បីអាចឲ្យអាជ្ញាធរមូលដ្ឋានឆ្លើយតបបានទៅតាមតម្រូវការរបស់ពលរដ្ឋ។ លោក ផានិត ក៏ទទូចឲ្យពលរដ្ឋមានភាពសកម្មច្រើនជាងមុនក្នុងការតាមដាននិងធ្វើសកម្មភាពជាមួយនឹងអាជ្ញាធរមូលដ្ឋាន។ លោកផានិតនិយាយថាលុះត្រាតែពលរដ្ឋសកម្មនិងអាជ្ញាធរប្រឹងប្រែងដើម្បីគៀងគរពលរដ្ឋចូលរួមទើបអាចធ្វើឲ្យការអភិវឌ្ឍមានប្រសិទ្ធភាពនិងឆ្លើយតបនិងតម្រូវការ៕
ដោយលោក ហ៊ុន ឌីម៉ូ និងលោក ណុប វី