អ្នកនាំពាក្យរដ្ឋសភាថាសភាអាចនឹងត្រូវកោះប្រជុំជាវិសាមញ្ញលើការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងពាក់ព័ន្ធទៅនឹងតួនាទីលោក កឹម សុខា បន្ទាប់ពីមានការលើកឡើងរបស់នាយករដ្ឋមន្ត្រី។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានឲ្យវីអូឌីដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋសភាបានទទួលសំណើរបស់គណបក្សប្រជាជនដែលបានសុំឲ្យរដ្ឋសភាធ្វើវិសោធនកម្មប្រការ៤៨ថ្មី(បី)រួចហើយ ដោយមានតំណាងរាស្ត្រ៥០រូបចុះហត្ថលេខា។ លោកបន្ថែមថាក្រោយពីទទួលសំណើ រដ្ឋសភានឹងមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ។ លោកក៏បានឲ្យដឹងដែរថា ក្នុងរយៈពេលដែលសភាកំពុងបិទសម័យប្រជុំពេញអង្គរបស់ខ្លួននេះ សភាអាចនឹងត្រូវកោះអញ្ជើញឲ្យប្រជុំពេញអង្គជាវិសាមញ្ញបានក្នុងការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ។
លោកថា៖ «ក្នុងវិសោធនកម្មនេះគេសុំប្តូរកែសម្រួល មាត្រាហ្នឹងទៅជាមាត្រាថ្មីមិនមែនជាមាត្រាចាស់ អញ្ចឹងវាទៅជាប្រការ៤៨ថ្មី (បួន) បើសភាវិសោធនកម្មអាបីហើយអនុម័តអាបួនទៅគេប្រើអាបួនហ្នឹងហើយ។ … ប្រជុំវិសាមញ្ញដូចជាមានការស្នើសុំពីតំណាងរាស្ត្រមួយភាគបួនយ៉ាងតិច ឬក៏មានសំណើពីនាយករដ្ឋមន្ត្រី។ (សំណួរ៖ ក្នុងលិខិតរបស់បក្សប្រជាជនមានការស្នើឲ្យបើកការប្រជុំជាវិសាមញ្ញទេឯកឧត្តម?) ដូចជាមិនទាន់ទេឥឡូវនេះ តែចំនួននេះគឺអាចកោះប្រជុំជាវិសាមញ្ញបានហើយ ព្រោះត្រូវការតែសែសិបជាងទេ ៤១ទេ!»។
លោក ឡេង ប៉េងឡុង ថាប្រសិនជាគណបក្សប្រឆាំងមិនព្រមចូលរួមធ្វើវិសោធនកម្មនេះក៏គណបក្សប្រជាជនអាចធ្វើវិសោធនកម្មនេះបានដោយខ្លួនឯងដែរ ក៏ព្រោះតែបក្សនេះមានសមាជិកនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍និងសភាច្រើនលើសពាក់កណ្តាលនៃសំឡេងដែលត្រូវការសម្រាប់ធ្វើវិសោធនកម្មបទបញ្ជផ្ទៃក្នុងសភានេះហើយ។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញាឬទ្ធិ បាននៅឡើយទេនៅរសៀលថ្ងៃទី២០ មករានេះ ដោយទូរសព្ធចុចចូល តែគ្មានអ្នកទទួល។
អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ មានប្រសាសន៍ប្រាប់វីអូឌីកាលពីពេលថ្មីនេះថា ការព្យាយាមក្នុងការកែប្រែបទបញ្ជាផ្ទៃក្នុងនេះជាបរាជ័យដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានព្យាយាមប្រើវប្បធម៌សន្ទនាក្នុងការវាយបំបែកបក្សប្រឆាំង។ លោកថាក្នុងការជួបចរចាជាមួយលោក កឹម សុខា កាលពីពេលកន្លងទៅប្រាកដជាមានការស្នើពីលោក ហ៊ុន សែន ឲ្យកឹម សុខា ធ្វើអ្វីមួយដែលអាចជាគ្រោះថ្នាក់ដល់បក្សប្រឆាំង ហើយត្រូវបានបក្សប្រឆាំងបដិសេធ។
លោកថា៖ «គាត់ប្រើពាក្យថាមិនបានផលហ្នឹងគឺត្រូវហើយ! បានន័យថាល្បិចដែលគាត់បានប្រើមកជាហូរហែមកតាមរយៈដែលហៅថាវប្បធម៌សន្ទនាហ្នឹងវាមិនបានផលបម្រើនយោបាយគាត់ទេ មិនមែនជាវប្បធម៌សន្ទនាដើម្បីប្រទេសជាតិអីទេតាមពិតជាវប្បធម៌ក្រោមពាក្យថាសន្ទនាក្រោមល្បិចដែលលោកនាយករដ្ឋមន្ត្រីប្រើដើម្បីទាញលោក កឹម សុខា និងអ្នកផ្សេងៗទៀតឲ្យទៅអនុវត្តន៍ល្បិចនយោបាយគាត់ដើម្បីកម្ទេចគណបក្សសង្គ្រោះជាតិហើយនៅពេលដែរលោក កឹម សុខា រឹងមាំមិនព្រមធ្វើតាមអញ្ចឹងគាត់ប្រើពាក្យថាមិនបានផល និងមិនចង់និយាយហើយទៅងាកនិយាយការកែច្បាប់ហ្នឹងវាជារឿងធម្មតាទៅហើយ»។
លោក គឹម សុខ វិភាគទៀតថាប្រសិនជាគណបក្សប្រជាជនសម្រេចបញ្ចប់វប្បធម៌សន្ទនាជាមួយបក្សប្រឆាំងពិតមែននោះសម្ពោធនយោបាយនឹងកាន់តែធ្ងន់ធ្ងរ អាចឈានដល់ការចាប់ខ្លួនមន្ត្រីបក្សប្រឆាំង និងមនុស្សមួយចំនួនដែលកំពុងជាប់បណ្តឹងនៅតុលាការផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីអវត្តមានពីក្នុងប្រទេសជាង២ឆ្នាំ និងជាប់បណ្តឹងផ្សេងៗនោះ តំណែងរបស់លោក សម រង្ស៊ី ជាប្រធានក្រុមភាគតិចនៅក្នុងសភា មានឋានៈស្មើនាយករដ្ឋមន្ត្រី ត្រូវធ្លាក់ទៅលើ លោក កឹម សុខា ដែលទើបតែត្រូវបានលោក ហ៊ុន សែន ស្នើដល់ព្រះមហាក្សត្រក្នុងការលើកលែងទោសកាលពីចុងឆ្នាំ២០១៦។ប៉ុន្តែ នៅពេលនេះ លោក ហ៊ុន សែន បានព្រមានដក តំណែងជាប្រធានក្រុមមតិភាគតិចពី លោក កឹម សុខា ដែលអ្នកវិភាគយល់ថាមកពីលោក កឹម សុខា មិនព្រមថ្កោលទោស លោក សម រង្ស៊ី៕