យោងតាមការបញ្ជាក់របស់ភាគីកូនកំលោះ គឺកីឡាករខ្សែប្រយុទ្ធល្បីឈ្មោះផ្នែកបាល់ទាត់ លោកប្រាក់ មុន្នីឧត្តម ធ្វើពិធីទទួលភ្ញៀវក្នុងពិធីមង្គលរបស់លោកកាលពីថ្ងៃទី២២ មករា រហូតដល់៩០តុ ដោយមានត្រៀមតុចំនួន១០បន្ថែមផងដែរ។ នេះជាពិធីមង្គលការទ្រង់ទ្រាយធំរបស់កីឡាករល្បីឈ្មោះ បើធៀបនឹងមង្គលការរបស់អ្នកល្បីក្នុងវិស័យកីឡាផ្សេងទៀត ដែលរួមមានកីឡាបាល់ទាត់ កីឡាប្រដាល់ រួមទាំងមង្គលការរបស់អ្នកនាងស៊ន ដាវីន ជើងខ្លាំងផ្នែកតៃក្វាន់ដូ និងលោកវ៉ន វីវ៉ា ជើងខ្លាំងផ្នែកប្រដាល់ ដែលត្រូវបានគេចាត់ទុកថាកក្រឹកបំផុត ក៏មានចំនួនតិចតុជាងនេះ។ អ្វីដែលកត់សម្គាល់ គឺម្ចាស់កម្មវិធីបានអះអាងថាចំនួនភ្ញៀវរហូតដល់៩០តុក្នុងពិធីមង្គលការនេះ នៅអញ្ជើញមិនទាន់អស់ផង។
លោកប្រាក់ មុន្នីឧត្តម បានថ្លែងមុនពិធីទទួលភ្ញៀវពេលល្ងាចតាមទូរស័ព្ទថា មង្គលការរបស់លោកត្រូវបានធ្វើឡើងនៅបរិវេណកោះពេជ្រអាគារA ដោយភ្ញៀវដែលលោកអញ្ជើញ និងខាងស្រីអញ្ជើញគឺមានចំនួនសរុបគ្នារហូតដល់៩០តុរួមគ្នា។ លោកថាបណ្ដាភ្ញៀវទាំងអស់ គឺភ្ញៀវខាងស្រីច្រើនជាង ដោយសារតែឪពុកម្ដាយរបស់កូនក្រមុំជាមនុស្សមានមុខមានមាត់ និងមានភ្ញៀវច្រើនសម្រាប់អញ្ជើញអោយចូលរួម។
លោកនិយាយថា«ខ្ញុំការថ្ងៃនេះ ហៅភ្ញៀវ៩០តុ តែអាចមកលើសហ្នឹង ដោយសារតែភ្ញៀវខ្លះគាត់បានខលមកថាមិចអត់ហៅគាត់ ហើយគាត់ថាអត់ហៅក៏មកដែរទើបយើងត្រៀមប្រហែល១០ទៀត»។
លោកថាភរិយារបស់លោកគឺជាកូនស្រីអ្នកមានជីវភាពធូរធារ ដោយនាងមានវ័យ២៣ឆ្នាំ និងទើបបញ្ចប់មហាវិទ្យាល័យមិនទាន់មានការងារធ្វើនោះទេ។ យ៉ាងណាមិញ លោកថាក្រោយពេលមង្គលការ លោកអាចនឹងអោយភរិយាបើកអាជីវកម្មណាមួយ ច្រើនជាងធ្វើការដោយសារតែឪពុកម្ដាយក្មេករបស់លោក ក៏មានបំណងចង់អោយនាងរកស៊ីច្រើនជាងធ្វើការដូចគ្នា។
លោកថារវាងលោក និងភរិយាស្គាល់គ្នារយៈពេលពេញ៣ឆ្នាំមុនពេលឈានដល់មង្គលការ ដោយលោកបញ្ជាក់ថារវាងខ្លួន និងភរិយាស្រឡាញ់ពេញចិត្តគ្នាដោយចិត្តនឹងចិត្ត គឺមិនមែនចាប់ជល់រវាងចាស់ទុំ និងចាស់ទុំនោះឡើយ។ ក្នុងនោះលោកបានបញ្ជាក់ថា បើទោះជាភរិយាលោកមានត្រកូលដូចលោក តែនាងមិនមែនជាបងប្អូនរបស់លោកទេ ដោយគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។
លោកថាបណ្ដាភ្ញៀវរបស់លោក ភាគច្រើនជាកីឡាករបាល់ទាត់ ជាថ្នាក់ដឹកនាំ ជាមន្ត្រីសហព័ន្ធ និងជាម្ចាស់ក្រុមហ៊ុនដែលលោកធ្លាប់បានធ្វើការជាមួយ។ ក្នុងនោះក៏មានវត្តមានតារាសិល្បៈមួយចំនួន ដែលបានស្រឡាញ់រាប់អាន និងផ្ដល់កិត្តិយសអោយលោកផងដែរ ដោយសារតែពេលកន្លងមកលោកក៏មានទំនាក់ទំនងជាមួយតារាសិល្បៈ តាមរយៈសកម្មភាពថតស្ពត និងថតរឿងជាដើម។
លោកប្រាក់ មុន្នីឧត្តម បញ្ជាក់ថា ភរិយារបស់លោកឈ្មោះ ប្រាក់ ស្រីរ័ត្ន ហើយនាងស្រឡាញ់លោកព្រោះតែលោកជាកីឡាករបាល់ទាត់ ទើបលោកប្រកាសថាបើទោះជាក្រោយពេលភរិយារបស់ខ្លួនមានអាជីវកម្មណាមួយ ក៏លោកនៅតែបន្តអាជីពបាល់ទាត់ ដោយនឹងបន្តលេងរហូតដល់ប្រកួតលែងកើត ហើយបោះជំហានទៅធ្វើជាគ្រូបង្វឹកទៀត។ លោកថាបាល់ទាត់ជាជំនាញដែលលោកស្រឡាញ់ ដូច្នេះមិនមានហេតុផលណាមួយ ដែលលោកសម្រេចចិត្តបោះចោលនោះទេ ។
លោកទទួលស្គាល់ថាការប្រឡូកអាជីពបាល់ទាត់ មានពេលវេលាអោយគ្រួសារតិចបំផុតសម្រាប់គ្រួសារ ប៉ុន្តែលោកថាភរិយារបស់លោកពេញចិត្តនឹងការងារនេះ ទើបធ្វើអោយលោក មិនមានសម្ពាធណាមួយពីសំណាក់គ្រួសារខាងស្រី ឬពីភរិយាផ្ទាល់ អោយលោកដកខ្លួន បើទោះជាលោកពិតជាស្ថិតនៅទីលានច្រើនជាងនៅផ្ទះ។ លោកបដិសេធបញ្ជាក់ប្រាប់ពីថ្លៃបណ្ណាការដែលលោកប្រគល់អោយកូនក្រមុំ ដោយលោកប្រកាសថាលោកធ្វើដូចគេដូចឯង ដើម្បីអោយសមនឹងកិត្តិយសរបស់ខាងស្រី។ ក្នុងនោះលោក និងភរិយាក៏មានគម្រោងចេញទៅក្រេបទឹកឃ្មុំក្រោយពេលរៀបការនោះដែរ ដោយគ្រាន់តែមិនទាន់ច្បាស់ពេលវេលា និងជ្រើសរើសទីកន្លែង។
ក្នុងពិធីកាត់សក់របស់លោកកាលពីព្រឹកថ្ងៃទី២២ មករា គេឃើញវត្តមាននាយពែកមី អ្នកនាងខ្ញុង ដោយមានថ្នាក់ដឹកនាំមួយចំនួនធ្វើជាកិត្តិយសនៅក្នុងពិធី ដោយពិធីរបស់លោកតាំងពីព្រឹកត្រូវធ្វើឡើងនៅកោះពេជ្រទាំងអស់៕