ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានឹងដឹកនាំគណៈប្រតិភូអញ្ជើញមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានៅចុងសប្តាហ៍នេះ។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឲ្យដឹងថា លោក ធិន ច ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី៣ដល់ថ្ងៃទី៦ខែកុម្ភៈ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ។
សេចក្តីជូនដំណឹងឲ្យដឹងទៀតថា លោក ធិន ច នឹងចូលគាល់ព្រះមហាក្សត្រ និងបន្ទាប់មកជួបទ្វេរភាគីជាមួយលោកនាយករដ្ឋមន្ត្រី។ មុនបញ្ចប់ដំណើរ លោកនឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរនៅខេត្តសៀមរាប។
លោក ធិន ច បានស្បថចូលកាន់តំណែងជាប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។ លោក ត្រូវបានជ្រើសតាំងឲ្យធ្វើជា ប្រធានាធិបតី ក្រោយលោកស្រី អ៊ុង សានស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឈ្នះការបោះឆ្នោត ប៉ុន្តែរដ្ឋធម្មនុញ្ញរបស់ពួកយោធា ដាក់លក្ខខណ្ឌមិនឲ្យលោកស្រីក្លាយជាប្រធានាធិបតីបាន ព្រោះមានប្តីជាជនបរទេស៕