នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ បានទៅដល់សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីជួបប្រជុំកំពូលជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ ឆ្ពោះទៅរកការបន្តរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ។
លោក អាបេ សង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងស្នើឲ្យមានការពិភាក្សាជាមួយគណៈរដ្ឋមន្ត្រីអាមេរិក ដើម្បីជជែកពីទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក ជប៉ុន សន្តិសុខ និង បញ្ហាម៉ាក្រូសេដ្ឋកិច្ច រួមទាំងគោលនយោបាយរូបិយប័ណ្ណ ផងដែលនឹងជជែកនៅព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមមន្ត្រីរបស់ជប៉ុនដែលចូលរួមកិច្ចប្រជុំកំពូលនេះ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
បន្ទាប់ពីកិច្ចប្រជុំនៅវ៉ាស៊ីនតោន លោក អាបេ និង ត្រាំ មានកាលវិភាគ ធ្វើដំណើរទៅ Palm Beach នៅក្នុងរដ្ឋហ្វ័ររីដា ស្នាក់នៅកន្លែងសម្រាកលំហែកាយឯកជនរបស់ត្រាំ ហើយពួកគេនឹងលេងវាយកូនគោលនៅថ្ងៃសៅរ៍។
ចំណែកមន្ត្រីរបស់អាមេរិក បាននិយាយថា កិច្ចប្រជុំកំពូលនេះ ក៏នឹងមានការជជែកពីបញ្ហារបស់កូរ៉េខាងជើងផងដែរ គឺធ្វើយ៉ាងណាកុំឲ្យកូរ៉េខាងជើងបង្កជម្លោះនៅក្នុងតំបន់ទៀត៕