ខណៈពេលមនុស្សលោក នៅតែមិនអាចដើរលើទឹកបាន ទូកគឺជាឧបករណ៍មួយប្រភេទដែលមនុស្សយើងបាននិងកំពុងតែប្រើប្រាស់រាល់ថ្ងៃសម្រាប់ជាមធ្យោបាយចម្លង និងនេសាទ។ល។ ដោយសារភូមិសាស្ត្រប្រទេសកម្ពុជាយើងឡោមព័ទ្ធទៅដោយទន្លេបឹងបួរជាច្រើននោះ ខ្មែរជំនាន់ដើម ក្រៅពីប្រើបា្រស់ទូកសម្រាប់ជាយានចម្លង និងនេសាទត្រីមនុស្សសម័យនោះក៏បានប្រើប្រាស់ទូកក្នុងការធ្វើសង្គ្រាមជើងទឹកដើម្បីច្បាំងជាមួយសត្រូវការពារទឹកដី និងមាតុភូមិរបស់គេដែរ។
បច្ចុប្បន្ន ទូកនៅតែជាឧបករណ៍មួយដើរតួយ៉ាងសំខាន់សម្រាប់ជាមធ្យោបាយចម្លងមនុស្សសត្វ និងនេសាទត្រីដដែល ហើយមនុស្សបានកែឆ្នៃទូកទាំងនោះទៅជាទូកសម័យទំនើបធ្វើពីដែក ជ័រស្វិតឬកៅស៊ូម្យ៉ាង និងបច្ចុប្បន្នបានប្រើគ្រឿងម៉ាស៊ីនមានល្បឿនលឿនស្ទើរតែមិនចង់ជឿ។ យ៉ាងណាមិញទោះបីទូកធ្វើពីអ្វីក៏ដោយក៏ទូកនៅតែមិនអាចខ្វះទឹកបាន ព្រោះទឹកជាអ្នកធ្វើឱ្យទូកអណ្តែតនិងមានចលនាទៅមុខបាន មិនថាទឹកសមុទ្រ ទឹកទន្លេឬបឹងបួរឡើយ។
ក្នុងន័យនេះ បរិបទនៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋជាពិសេសមន្ត្រីរាជការ ស្ថាប័នរដ្ឋនានា និងប្រជាពលរដ្ឋនៅតាមស្រុកស្រែចំការតំបន់ដាច់ស្រយាល គឺជាទឹកដែលលោក ហ៊ុន សែន និងបក្សប្រជាជនកំពុងអាស្រ័យលើដោយមិនអាចខ្វះបាន ហើយទឹកប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋទាំងនេះហើយដែលជ្រោងធ្វើឱ្យទូកសែន និងបក្សប្រជាជនរបស់លោកបានអណ្តែតក្លាយជាមហាសេដ្ឋី មានលុយចាយមួយរយជាតិទៀតក៏មិនអស់ រហូតដល់ភ្លេចខ្លួនថាកំពុងធ្វើអ្វីដល់បច្ចុប្បន្ន។
លោក ហ៊ុន សែន និងបក្សប្រជាជនក៏មើលឃើញយ៉ាងច្បាស់ណាស់ថា អំណាចដ៏មហាសាលនិងទូកបក្សប្រជាជនកម្ពុជារបស់លោក គឺកំពុងអណ្តែតលើទឹកនោះយ៉ាងពិតប្រាកដហើយធ្វើឱ្យលោកបាននិងកំពុងកាន់អំណាចជាងសាមសិបឆ្នាំរហូតដល់បច្ចុប្បន្ន។ លោក ហ៊ុន សែន និងបក្សរបស់លោកគួរតែតបស្នងដល់ទឹក ដែលបានធ្វើឱ្យទូករបស់លោកអណ្តែត និងធ្វើឱ្យគ្រួសាររបស់លោកនិងបក្ខពួកអាចដេកលើគំនរមាសប្រាក់ដ៏មហាសាល និងធ្វើជាមហាសេដ្ឋីគ្រប់គ្នា សូម្បីតែពួកនេះមិនដែលបានបញ្ចេញកម្លាំងញើសឈាមតាមអំពើសុចរិតទៀងត្រង់អ្វីសោះឡើយ។ ផ្ទុយទៅវិញ ពួកគេបក្សប្រជាជន មានបានក៏ដោយសារតែលក់សម្បត្តិជាតិ សម្បត្តិប្រជាជន ប្លន់យកដីធ្លី ផ្ទះសម្បែង និងដេញប្រជាពរដ្ឋចេញពីលំនៅឋានដោយបង្ខំ ប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចប្រវ័ញ្ចជាតិ ជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។
តើទូកសែនបានធ្វើអ្វីខ្លះ ដើម្បីតបស្នងទៅនឹងទឹកដែលជាអ្នកមានគុណ? ឬគ្រាន់តែជាការចែកសារ៉ុង ប៊ីចេង ប្រេងកូឡា និងលុយ ៥០០០រៀលដល់ប្រជាពលរដ្ឋ រាល់មុនការបោះឆ្នោតម្តងៗ ដែលជាការតបស្នងទឹក ដែលខំទ្រទូកនោះ?
យើងបានកត់សម្គាល់កន្លងមក មានការផ្តល់និងអភិវឌ្ឍន៍មួយចំនួនដែរក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ដូចជាការសង់ផ្លូវថ្នល់ស្ពានខ្លះ ឬសាលារៀនជាដើម ក៏ប៉ុន្តែ ផ្លូវថ្នល់ និងស្ពានទាំងនោះគ្មានគុណភាព ចំណែកសាលារៀនគ្មានគ្រូបង្រៀន (ប្រាក់ខែតិច)។ ទាំងនេះសុទ្ធសឹង ជានយោបាយបោកប្រាស់ប្រជាភិថុតទាំងអស់ ហើយផ្ទុយទៅវិញ លោក ហ៊ុន សែន និងទូកបក្សប្រជាជនកម្ពុជារបស់លោកបាននិងកំពុងធ្វើសកម្មភាពបញ្ច្រាសទិសបញ្ច្រាសឆន្ទះទឹក ដែលធ្វើឱ្យប្រជាពលរដ្ឋជាទូកស្រក់ទឹកភ្នែកនិងឈឺចាប់រកទីបំផុត។
សកម្មភាពនិងទង្វើដែលលោក ហ៊ុន សែននិងមនុស្សនៅលើទូកបក្សប្រជាជនរបស់លោកនោះ គឺវាផ្ទុយទៅនឹងមាគ៌ា ឬគោលការណ៍ប្រទេសជាតិ រដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្សអន្តរជាតិទាំងស្រុង។
ទង្វើក្បត់ជាតិ ក្បត់និងប្រជាជនខ្លួនឯង បានស្តែងចេញយ៉ាងច្បាស់មិនអាចលាក់បាំងបាន ដូចជាការលក់ប្រទេសជាតិតាមរយៈកិច្ចព្រមព្រៀងបំពេញបន្ថែមផ្សេងៗ ទៅឱ្យប្រទេសជិតខាង លក់សម្បត្តិជាតិ ធនធានធម្មជាតិដូចជា ព្រៃព្រឹក្សា ត្រី រ៉ែក្រោមនិងលើដី ភ្នំ សត្វព្រៃទន្លេ បឹងបួរ សមុទ្រ ប្រាសាទបុរាណ និងលក់ប្រជាពលរដ្ឋខ្លួនឯងឱ្យទៅបំរើប្រទេសជិតខាង។ល។ ហើយទ្រព្យសម្បត្តិសារធារណៈរបស់រដ្ឋផ្សេងទៀតដូចជា អគាររបស់រដ្ឋាភិបាល សាលារៀន រោងភាពយន្ត ពហុកីឡដ្ឋានជាតិ សួនច្បារ វត្តអារាម និងបឹងធម្មជាតិដូចជាបឹងកក់ និងបឹងទំពុនជាដើម។ មានការរំលោភយកដីធ្លីពីប្រជាពលរដ្ឋស្លូតត្រង់ បណ្តេញប្រជាពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ វាយបង្ក្រាបជនស្លូតត្រង់ ស្ត្រីទន់ខ្សោយ ព្រះសង្ឃ សម្លាប់ ចាប់ដាក់គុក អ្នកដែលហ៊ានតវ៉ានឹងអំពើអយុត្តិធម៌ ភាពអសន្តិសុខក្នុងសង្គម និងប្រជាពលរដ្ឋកំពុងរស់ក្រោមភាពភ័យខ្លាច និងមិនមានជំនឿលើស្ថាប័នរដ្ឋ។ ប្រជាពលរដ្ឋអត់ទ្រាំលែងបាន ហ៊ានប្រថុយជីវិតចេញមុខការពារទ្រព្យសម្បតិ្តរដ្ឋជំនួសអាជ្ញាធរមានសមត្ថកិច្ច ឧទាហរណ៍ ប្រជាពលរដ្ឋចេញមុខការពារព្រៃឡង់ ព្រៃរការ និងតំបន់អារ៉ែងជាដើម។
អត្រាអត់ការងារធ្វើនៃប្រជាពលរដ្ឋកើនឡើងយ៉ាងគំហុកពីមួយឆ្នាំទៅមួយឆ្នាំដែលធ្វើឱ្យប្រទេសជាតិកំពុងដើរថយក្រោយបើប្រៀបធៀបជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ប្រាក់ចំណូលប្រជាជនទាប ភាពគ្មានទីផ្សាររបស់កសិករ អំពើពុករលួយដល់ឆ្អឹង បក្ខពួកនិយម ប្រជាពលរដ្ឋចំណាកស្រុកទៅរកការងារធ្វើនៅទីក្រុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងប្រជាពលរដ្ឋរាប់លាននាក់ចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅប្រទេសជិតខាង និងក្នុងតំបន់។
គ្រួសារលោក ហ៊ុន សែន កំពុងគ្រប់គ្រងប្រព័ន្ធពត៌មាន និងបណ្តែតបណ្តោយឱ្យបក្ខពួករបស់ខ្លួនផ្សាយតាមអំពើចិត្តគ្មានវិជ្ជាជីវៈ ដែលធ្វើឱ្យសីលធម៌ជាតិធ្លាក់ចុះយ៉ាងគំហុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រព័ន្ធតុលាការមិនឯករាជ្យស្ថិតនៅក្រោមអំណាចបក្សនយោបាយ ជាឧបករណ៍ចាត់ការនិងបង្ក្រាបអ្នកហ៊ានចេញមុខតវ៉ារឿងវិវាទដីធ្លី អំពើអយុត្តិធម៏សង្គម អ្នកមិនមានគំនិតយល់ស្របឬអ្នកដែលហ៊ានជំទាស់លោកហ៊ុន សែន និងបក្សប្រជាជន។
បំបិតមាត់សកម្មជនសិទ្ធិមនុស្ស និងបក្សប្រឆាំង សម្លាប់មនុស្សក្រៅច្បាប់ ចាប់បង្ខាំងតាមទំនើងចិត្ត លើកទ្រជនបរទេសជាពិសេសជនជាតិយួន និងចិន ជាងជាតិរបស់ខ្លួនដោយបណ្តែតបណ្តោយ និង ឃុបឃឹតជាមួយជនបរទេសទាំងនោះប្រព្រឹត្តបទល្មើស និងបំផ្លិចបំផ្លាញជាតិបង្កើនកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ជាពិសេសក្រុមអង្គរក្សការពារត្រកូលហ៊ុនច្រើនលើសលុប ចំណាយលុយជាតិខ្ចះខ្ជាយ គ្រប់គ្រងស្ថាប័នជាតិទាំងស្រុងដូចជាស្ថាប័ននីតិប្បញ្ញត្តិ តុលាការ នីតិប្រតិបត្តិ និងស្ថាប័នព្រះមហាក្រត្សជាដើម។ ស្ទើរតែរាល់ថ្ងៃគេសង្កេតឃើញលោក ហ៊ុន សែន ប្រើប្រាស់ព្រះមហាក្រត្សឱ្យតែងតាំងអ្នកនេះ អ្នកនោះ តាមតែការចង់បានរបស់ខ្លួន ជាពិសេសមន្ត្រីយោធាដែលមានឋានៈ ជាផ្កាយស្ទើររាប់មិនអស់ បើទោះណាអ្នកទាំងនោះមិនមានស្នាដៃ និងមិនថា អ្នកនោះជាទណ្ឌិតកំពុងជាប់ទោសនៅឡើយក្តី។
ទង្វើ «ទូកសែនភ្លេចទឹក ឬ អាចហៅបានថាក្របីភ្លេចថ្លុក» ដែលបានបង្ហាញខាងលើគឺនៅរាប់មិនទាន់អស់នៅឡើយទេ ហើយចំណាយពេលមួយឆ្នាំទៀតក៏រៀបរាប់ពីកំហុសលោក ហ៊ុន សែន និងបក្ខពួកគណបក្សប្រជាជនមិនអស់ផង។
ទូកសែន និងបក្សប្រជាជនរបស់លោកកុំថាឡើយតបស្នងទៅនឹងទឹកដែលខិតខំទ្រទូករបស់ខ្លួនឱ្យអណ្តែតរហូតដល់បច្ចុប្បន្ន ផ្ទុយទៅវិញអ្នកដែលកំពុងនៅលើទូកសែនកំពុងតែប្រមាថមាក់ងាយយ៉ាងខ្លាំងមកលើទឹកតាមរយៈស្តោះដាក់ទឹក នោម និងជុះដាក់ទឹកបើទោះជាគេ បក្សប្រជាជនបាននិងកំពុងឃើញទឹកនៅពីក្រោមទូករបស់ពួកគេកំពុងទទួលរងផលប៉ះពាល់និងស្ថិតនៅក្នុងសភាពកខ្វក់ស្អុយដែលប្រទេសនៅលើពិភពលោកនេះមិនឱ្យតម្លៃយ៉ាងណាក៏ដោយ។ លោក ហ៊ុន សែន និងពួកប្រតិកិ្រយារបស់លោកទាំងនោះ នៅតែបន្តចិញ្ចឹមចិត្ត កម្ទេចបំផ្លិចបំផ្លាញទឹកថ្លាដែលឆ្លុះឃើញពីទង្វើអាក្រក់និងអវិជ្ជមានរបស់គេ ដោយគេមិនបានគិតឱ្យបានស៊ីជម្រៅថា «ទឹកគឺជាអ្នកទ្រទូកសែន និងបក្សប្រជាជនឱ្យអណ្តែតបាន ហើយទឹកក៏អាចពន្លិចទូកនោះឱ្យលិចបានដែរ»។ ទឹក អាចធ្វើឱ្យទូកសែនលិច ឬស្រកហួតហែងចាកចោលទូកឱ្យនៅគាំងមិនទៅមុខឱ្យនៅឯកាអនាថាតែឯង ហើយទីបំផុត បើទោះជាលោក ហ៊ុន សែន ខិតខំចាក់មាស ពេជ្រ ដុល្លារមកក្រាលបាំងទប់ទឹកទៀតក៏មិនអាចទៅរួចដែរ ហើយវាសនាទូកសែន និងបក្ខពួកខិលខួចក្បត់ជាតិក្បត់ប្រជាជនឯងទាំងនោះ នឹងមិនខុសអីវាសនារបស់ទូក សាដាម ហ៊ូសេន អតីតប្រធានធិបតីនៃប្រទេសអ៊ីរ៉ាក់ ប៉ែន អាលី អតីតប្រធានធិបតីនៃប្រទេសតុយនេស៊ី និងខ្មោចកាដាហ្វីអតីតប្រធានធិបតីនៃប្រទេសលីប៊ីឡើយ ដែលជាចុងក្រោយពួកផ្តាច់ការទាំងនោះមិនអាចយកទៅជាមួយសូម្បីទ្រព្យសម្បត្តិ ឬប្រាក់កាសមួយកាក់មួយសេនឡើយ៕
ដោយ អ៊ំ សារី