លោក ហ៊ុន សែន ព្រមានចាប់ខ្លួន អ្នកវិភាគ លោក គឹម សុខ

លោក ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នកវិភាគម្នាក់ដែលទើបតែល្បីឈ្មោះ បន្ទាប់ពីលោក គឹម សុខ ថ្លែងថាករណីបាញ់​សម្លាប់ លោក កែម ឡី អាចជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាច។

ក្នុងពិធីសម្ពោធស្ពាននៅស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន ថ្លែងថា ពាក្យបណ្តឹងរបស់លោកប្រឆាំងនឹងលោក គឹម សុខ នឹងទៅដល់ដៃតុលាការល្ងាចនេះ តែលោកបានព្រមានថា នឹងចាប់ខ្លួនអ្នកវិភាគរូបនោះ និងរឹបអូសទ្រព្យសម្បត្តិ បើមិនមានលុយ​សងជំងឺចិត្តចំនួនកន្លះលានដុល្លារទេនោះ។ លោកថា៖ «កុំអ្នកឯងស្អី អាងអ្នកវិភាគ? វិភាគប៉ះដាក់អ្ហើយ! អត់មានទុកទេ ហើយនគរបាលតាមឲ្យជាប់ ក្រែងលោវារត់…»។

លោក គឹម សុខ បានឆ្លើយតបភ្លាមៗថា ការដែលនាយករដ្ឋមន្រ្តីឲ្យសមត្ថិកិច្ចតាមឃ្លាំមើលលោកនោះលោកថា ជាការជួយការពារសុវត្ថិភាពទៅវិញទេ។លោកថា លោកមិនលុយសងជំងឺចិត្តលោក ហ៊ុន សែន ដល់កន្លះលានដុល្លារទេ ដោយថាលោករាល់ថ្ងៃជួល​ផ្ទះគេស្នាក់នៅតែតម្លៃ៨០ដុល្លារប៉ុណ្ណោះ។ លោកថា៖ «ប្រាកដជាដឹងថា ខ្ញុំមិនមានលុយឯណាដល់៥០ម៉ឺនដុល្លារទេ ហើយមែនទែនទៅ រាល់ថ្ងៃនៅផ្ទះជួល៨០ដុល្លារ [ក្នុងមួយខែ] ចំណាយកំប៉េកកំប៉ុកផ្សេងៗទៀត គឺចេញស្រាវជ្រាវ ផ្តល់យោបល់លើគម្រោងវិភាគផ្សេងៗ បកប្រែឲ្យគេ។ សូម្បីតែធ្វើគ្រូបង្រៀននៅសកលវិទ្យាល័យគេឈប់ទទួលទៅទៀត ដោយសារភាពតានតឹងនយោបាយ។ យើងនិយាយពីបញ្ហាសង្គមគេលែងហ៊ាន ដូច្នេះហើយមានលុយឯណាដល់៥០ម៉ឺនដុល្លារសម្រាប់សងនូវអ្វីជាការទាមទាររបស់គាត់។ ខ្ញុំថារឿងអស់នេះ វាគ្រាន់តែជាគំនាបនយោបាយ ដើម្បីបំបិទការនិយាយស្តីរបស់ខ្ញុំ មិនមែនជាមូលហេតុដែលគាត់ឈឺចិត្តហើយចង់ទាមទារ ដើម្បីបំពេញចិត្តគាត់ទេ»។

​មេធាវីការពារក្តីនាយករដ្ឋមន្រ្តី គឺលោក គី តិច អះអាងថា លោក គឹម សុខ បាន​ថ្លែង​នៅ​ក្នុង​វិទ្យុ​អាស៊ី​សេរី​កាល​ពី​យប់ថ្ងៃសៅរ៍ ដោយចោទថា​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អ្នក​សម្លាប់​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ល្បាញ​ម្នាក់ ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពីថ្ងៃទី១០ ​ខែ​កក្កដា ឆ្នាំ​២០១៦។

ទាក់ទងរឿងនេះដែរ សមាជិកព្រឹទ្ធសភា គណបក្សប្រឆាំង ត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចូលរដ្ឋ៨លានរៀល ព្រមទាំងបង្គាប់ឲ្យសង ជំងឺចិត្តដល់លោក ហ៊ុន សែន ១០០រៀល ផងដែរ។ ប៉ុន្តែលោក ស្រី ថាក់ ឡានី បានគេចខ្លួនទៅក្រៅប្រទេសបន្ទាប់ពីលោក ហ៊ុន សែន ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយពីលោកស្រីថ្លែងថា ករណីបាញ់សម្លាប់ លោក កែម ឡី ជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយមានអំណាច។

ក្រៅពីការព្រមានចាប់ខ្លួនអ្នកវិភាគនោះ លោក ហ៊ុន សែន ក៏បានព្រមានថា នឹងត្រៀម​ក្តារមឈូស​ទុកសម្រាប់អ្នកណាដែលលោកថាធ្វើ «បដិវត្តន៍ពណ៌» ដើម្បី​បំផ្លាញសន្តិភាព។ លោកថា៖ «អ្នកណាបំផ្លាញសន្តិភាព នឹងគ្មានការអត់ឱន និងគ្មានការលើកលែងទេ។ សូមបញ្ជាក់ជូន កុំប្រាថ្នាធ្វើបដិវត្តន៍ពណ៌អីអញ្ចេះអញ្ចុះ អត់បានទេ! អាហ្នឹងនិយាយតាមមួយបែប ត្រូវត្រៀមក្តារមឈូលឲ្យហើយទៅ […]»

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី មានប្រសាសន៍ថា ឲ្យតែជិតដល់ថ្ងៃបោះឆ្នោតមេដឹកនាំបក្សកាន់អំណាចតែងតែរកលេសចាត់វិធានការលើអ្នកវិភាគរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល។ លើសពីនេះទៀតលោក វិភាគថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៨ អ្នកវិភាគអាចគ្រោះថ្នាក់ដល់ជីវិត និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនក៏អាចនឹងឈានដល់ការបិទមុនបោះឆ្នោតឆ្នាំ២០១៨។ លោកវិភាគថា៖ «សុវត្ថិភាពសម្រាប់អ្នកវិភាគពីថ្ងៃនេះរហូតដល់ឆ្នាំ២០១៨ យើងត្រូវដាក់ខ្លួនក្នុង ហានិភ័យខ្ពស់អាចឈានទៅដល់ការគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក៏អាចថាបាន។ វាជារឿងមួយទេតំរុយអ្វីដែលកំពុងកើតមានឡើង ហើយរឿងបន្ទាប់ទៀតដែលយើងប្រមើលមើលនោះ វាអាចនៅថ្ងៃខាងមុខជិតទៅដល់ថ្ងៃបោះឆ្នោតមែនទែន ខ្ញុំគិតថាប្រព័ន្ធផ្សព្វផ្សាយខ្លះ នឹងអាចទទួលការចោទប្រកាន់រហូតដល់បិទក៏អាចថាបានដែរ សម្រាប់អ្វីដែលជាដំណើរវិវត្តន៍ឈានទៅដល់ការបោះឆ្នោតខាងមុខ»

នៅពេលសួរថា តើលោកនៅតែបន្តវិភាគ ឬឈប់ ? លោក មាស នី ឆ្លើយយ៉ាងខ្លីថា លោកនៅតែបន្តវិភាគ ដោយនិយាយចំណុចខ្វះខាតរបស់អ្នកនយោបាយ ដើម្បីឲ្យសាធារណៈជនបានដឹង ទើបធ្វើឲ្យកម្ពុជាមានការរីកចំរើន។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់ លោក ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការ​គាបសង្កត់និងអំពើពុករលួយ។ ប៉ុន្តែលោក ហ៊ុន សែន តែងតែអះអាងថា ក្រោម​ការ​ដឹកនាំ​របស់លោក​​​គឺមានសន្តិភាពនិងការរីកចម្រើន ដោយព្រមានផងដែរថា បើ​គណបក្សរបស់​លោក​ចាញ់​​ឆ្នោត​នឹង​កើតមានសង្គ្រាមទៀតផង។

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគ បានអះអាងថា សង្រ្គាមនឹងមិនអាចកើតឡើងទៀតទេ ដោយ​សារតែកម្ពុជាផ្លាស់ប្តូរមេដឹកនាំតាមរយៈការបោះឆ្នោត៕

រាយការណ៍បន្ថែមដោយ ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ