យោធាថៃបានបញ្ជាឲ្យអ្នកប្រតិបត្តិសាសនាជាង១ម៉ឺនអង្គនាក់ ចេញពីវត្តដែលមានទំហំធំជាងគេនៅក្នុងប្រទេស នៅថ្ងៃអាទិត្យនេះ ដើម្បីបន្តស្វែងរកចាប់ព្រះកាយអតីតចៅអធិការវត្ត ដែលក្រុមយោធាចោទថា បានលាងលុយកខ្វក់។
រដ្ឋាភិបាលយោធាថៃបានប្រើប្រាស់ច្បាប់សិកដាក់វត្តក្នុងស្ថានភាពអាសន្ន តាំងពីថ្ងៃព្រហស្បតិ៍ដើម្បីបើកផ្លូវឲ្យនគរបាលនិង ទាហានសម្រុកចូលក្នុងវត្ត ដែលចោទថា ជាប់រឿងអាស្រូវ ពុករលួយ ឬ លាងលុយកខ្វក់ បន្ទាប់ពីបរាជ័យជាច្រើនខែមកនេះ ក្នុងការឃាត់ព្រះកាយអតីតចៅអធិការវត្តព្រះតេជគុណ Dhammachayo។
នៅថ្ងៃអាទិត្យនេះ នគរបាលនិយាយថា អ្នកដែលមិនមានផ្ទះនៅទីនោះត្រូវចាកចេញជាប្រញាប់ ហើយពួកគេបន្តសកម្មភាពស្វែងរក ព្រោះយោធាយល់ថា អតីតចៅអធិការវត្តកំពុងលាក់ព្រះកាយនៅក្នុងវត្តដែលមានទំហំជាង៤០០ហិកតានេះគេចចេញពីនគរបាល។
ព្រះសង្ឃដែលមិនមានតួនាទី គ្រាន់តែគង់នៅទីនោះ ដើម្បីប្រតិបត្តិតាមសាសនា មិនត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតនោះទេ។
មន្ត្រីនាយកដ្ឋានស៊ើបអង្កេតពិសេសថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការអនុវត្តន៍បែបនេះ ដើម្បីស្វែងរកព្រះកាយចៅអធិការវត្តឲ្យបានកាន់តែឆាប់ឃើញតាមការដែលអាចធ្វើទៅបាន ហើយក្រោយមកនឹងឲ្យអ្នកប្រតិបត្តិសាសនាទាំងនោះចូលក្នុងវត្តវិញ។
ព្រះតេជគុណ Dhammachayo ប្រឈមការចោទប្រកាន់ថា លាងលុយកខ្វក់ ទទួលរបស់ពីចោរកម្ម និងការយកដីសាងសង់អាគារសម្រាប់ធ្វើសមាធិ ដែលផ្ទុយពីច្បាប់។ ក្រុមយោធាក៏បានចោទថា វត្តនេះធ្វើជាកន្លែងដែលបណ្តុះផ្នត់គំនិតនយោបាយឲ្យមានការរើសអើង។
ទោះយ៉ាងណាពួកយោធានេះ រងការចោទថា ការសម្រុកចូលក្នុងវត្តដោយសារចោទថា វត្តនេះមានទំនាក់ទំនងស្និទ្ធជាមួយក្រុមគ្រួសារលោកថាក់ ស៊ីនអតីតនាយករដ្ឋមន្ត្រីដែលគេបណ្តេញចេញពីអំណាចកាលពីឆ្នាំ២០០៦។