ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុណែនាំឲ្យ ក្រុមហ៊ុនសហគ្រាសទាំងអស់ ដែលជាប់កាតព្វកិច្ចបង់ពន្ធ អាចបង់តាមធនាគារវឌ្ឍនៈ ដោយក្រសួងបញ្ជាក់ថា ដើម្បីឲ្យដំណើរការកាន់តែមានប្រសិទ្ធភាព ងាយស្រួល និងមានជំនឿទុកចិត្ត។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចចុះថ្ងៃទី២០ ខែកុម្ភៈ បានឲ្យដឹងថា ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វឌ្ឍនៈ ក្នុងការបង់ពន្ធតាមធនាគារនេះ។ សេចក្តីជូនដំណឹងបញ្ជាក់ថា ធនាគារវឌ្ឍនៈ បានត្រៀមលក្ខណៈរួចរាល់និងដាក់ឲ្យដំណើរការទទួលប្រាក់ពន្ធអាករគ្រប់ប្រភេទចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្នុងសេចក្តីជូនដំណឹងឲ្យដឹងទៀតថា ការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ(អាគារវឌ្ឍនៈកាពីតាល) ធ្វើការពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១៨និង៣០នាទី។ ចំណែកការិយាល័យសាខានៅតាមខេត្តក្រុងនានា ធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១៦។ ចំណែកថ្ងៃសៅរ៍ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១១និង៣០នាទីព្រឹក៕