មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ការប្រើវប្បធម៌សន្ទនាជាមួយបក្សកាន់អំណាច មានការពិបាកដោយសារតែឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការលើកឡើងនេះ គឺបន្ទាប់ពីអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង កាលពីម្សិលមិញ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិហាក់ដូចជាមិនចង់បន្តវប្បធម៌សន្ទនាជាមួយបក្សកាន់អំណាចដោយសារបក្សនេះមិនចូលរួមប្រជុំសភាពេញអង្គ ដើម្បីកែច្បាប់គណបក្សនយោបាយ។
លោកថា៖ «គាត់ធ្វើឲ្យគេឃើញថាគាត់លេចធ្លោគាត់មិនគោរពតាមមតិភាគច្រើនទេ ការធ្វើពហិការរបស់គាត់ហ្នឹងបានន័យថាគាត់មិនមានចេតនាក្នុងការសន្ទនាអីទេ ហើយគណបក្សកាន់អំណាចថាបើចង់មានវប្បធម៌សន្ទនាសុំឲ្យអញ្ចើញមកក្នុងរដ្ឋសភា គាត់មិនព្រមចូលមកសភាទេ គាត់មិនព្រមចូលមកធ្វើការជាធម្មតាទេ គាត់ធ្វើដើម្បីលេចធ្លោដើម្បីចំណេញនយោបាយ ដូច្នេះហើយនេះជាចរិតធម្មតារបស់គាត់អញ្ចឹងហើយ យើគិតថាគាត់គួរតែចូលមកក្នុងរដ្ឋសភាធ្វើការធម្មតា និងសន្ទនាធម្មតា អាហ្នឹងជាការល្អ »។
ប៉ុន្តែនៅរសៀលថ្ងៃទី២១កុម្ភៈនេះ មន្ត្រីគណបក្សសង្គ្រោះជាតិ លោកស្រី មូ សុខហួរ បានឲ្យដឹងថាការសម្រេចមិនចូលប្រជុំសភានេះក៏ព្រោះច្បាប់ស្តីពីបក្សនយោបាយថ្មីនេះគឺមិនមែនជាអ្វីដែលប្រជាពលរដ្ឋចង់បាន ហើយការចរចារក្នុងគណកម្មាធិការអចិន្ត្រៃយ៍ទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់នេះកាលពីកន្លងទៅ គណបក្សកាន់អំណាចពុំបានទទួលយកសំណើរបស់ខ្លួនដើម្បីពិភាក្សានោះទេ ដោយសារឥទ្ធិពលរបស់លោក ហ៊ុន សែន។
លោកស្រីថា៖ «យើងចូលទៅជជែកនៅក្នុងអចិន្ត្រៃយ៍ហើយ ទោះបីមួយឃ្លាក៏មិនយកដែរ! យើងជជែកមិនមែនដើម្បីការពារយើងទេ យើងជជែកសុំឲ្យមុននឹងដាក់ចូលការប្រជុំសភា សូមឲ្យអង្គការសង្គមស៊ីវិលសុំឲ្យគណបក្សដទៃទៀត សុំឲ្យគេមានយោបល់ផង។ ជជែកមិច! បើសម្តេចនាយកនិយាយមិនដល់២សប្តាហ៍ផងចេញមក តាមអ្វីដែលជាប្រសាសន៍សម្តេចហើយមិនទាន់ទៅអ្វីដែលគណកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាពិសេសគ្រាន់តែមើលមិនទាន់បានពីរថ្ងៃផង ចេញមកកោះប្រជុំទៅហើយ យើងយល់ថាមិនមែនជាឆន្ទះរបស់ប្រជារាស្ត្រខ្មែរទេ»។
ក្រោយពីសភាបានអនុម័តច្បាប់ថ្មីនេះរួចបានធ្វើឲ្យមានប្រតិកម្មជាបន្តបន្ទាប់ពីមជ្ឈដ្ឋាននានាទាំង ក្នុងនិងក្រៅស្រុក ក្នុងនោះស្ថានទូតសហរដ្ឋអាមេរិកក៏បានរិះគន់ទៅលើច្បាប់ដែលអនុម័តថ្មីនោះដែរ ដោយថាច្បាប់នេះបានផ្តល់អំណាចយ៉ាងធំដល់រដ្ឋាភិបាលកម្ពុជា ក្នុងការរំលាយ គណបក្សនយោបាយណាមួយ៕