ប្រទេសចិនបានរកឃើញដំណើរវិវត្តន៍នៃវីរុសផ្ដាសាយបក្សី H7N9 ដែលអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរនៅក្នុងសត្វចិញ្ចឹម និងទាមទារឲ្យមានការតាមដានឲ្យបានជិតដិត។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីរបស់អង្គការសុខភាពពិភពលោក WHO នៅថ្ងៃនេះ។
អង្គការសុខភាពពិភពលោក បាននិយាយថា សំណាកនៃវីរុសដែលគេយកចេញពីមនុស្សឆ្លងជំងឺនេះ ត្រូវបានគេចាក់បញ្ចូលទៅក្នុងសត្វសម្រាប់ធ្វើការពិសោធន៍ ហើយគេបានរកឃើញថា វាអាចបង្កជំងឺធ្ងន់ធ្ងរដល់សត្វស្លាប។
លោក Christian Lindmeier អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បាននិយាយថា ប៉ុន្តែ ការពិសោធន៍នោះ ត្រូវបានគេធ្វើតែទៅលើបក្សីប៉ុណ្ណោះ មិនមែនមនុស្សនោះឡើយ ហើយគ្មានភស្តុតាងណាបញ្ជាក់ថា ដំណើរវិវត្តន៍នៃវីរុសនោះ អាចឆ្លងរីករាលដល់ពីមនុស្សទៅមនុស្សនោះឡើយ។
អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងរបាយការណ៍ថ្មីបំផុតរបស់ខ្លួនកាលពីថ្ងៃម្សិលមិញថា ករណីមនុស្សឆ្លងវីរុសនេះសរុប ៣០៤ករណី ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងប្រទេសចិន នៅចន្លោះថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ ក្នុងនោះមានមនុស្សស្លាប់ ៣៦នាក់៕