ប្រតិកម្មពីច្រើនមជ្ឈដ្ឋានធ្លាក់លើរដ្ឋាភិបាលកម្ពុជាដែលកែច្បាប់គណបក្សនយោបាយ

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លើកដៃបោះឆ្នោតគាំទ្រច្បាប់ស្តីគណបក្សនយោបាយនៅព្រឹកថ្ងៃទី២០ខែកុម្ភៈនេះ (រូបភាពហ្វេសប៊ុករដ្ឋសភា)

សហគមន៍ជាតិនិងអន្តរជាតិបាននាំគ្នាសំដែងប្រតិកម្មជាបន្តបន្ទាប់ ក្រោយពីសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានលើកដៃអនុម័ត «ច្បាប់ដ៏ចម្រូងចម្រាស់និងប្រញាប់ប្រញាល់មួយ» នោះគឺការកែច្បាប់ស្តីពីគណបក្សនយោបាយ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ប្រតិកម្មថា ប្រទេសទាំងនោះកំពុងជ្រៀតជ្រែកកិច្ចរបស់កម្ពុជា។

នៅក្នុងសេចក្ដីថ្លែងការណ៍ថ្មីជាងគេចេញផ្សាយនៅថ្ងៃពុធទី២២កុម្ភៈនេះ ប្រតិភូសហភាពអឺរ៉ុបបានលើកឡើងនូវក្ដីបារម្ភអំពីស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា ដោយថា ការធ្វើវិសោធនកម្មច្បាប់នយោបាយ ដែលត្រូវបានរដ្ឋសភាកម្ពុជារបស់គណបក្សប្រជាជន ទើបបានអនុម័តកាលពីថ្ងៃទី២០កុម្ភៈកន្លងទៅនេះ ជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពលើគណបក្សនយោបាយនានា និងអាចឈានដល់រំលាយគណបក្សនយោបាយផ្សេងទៀតផងដែរ។

បើតាមសេចក្ដីថ្លែងការណ៍នេះ សហភាពអឺរ៉ុបបារម្ភថា ការអនុម័តច្បាប់គណបក្សនយោបាយនឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ដោយថា នាំឲ្យមានមន្ទិលសង្ស័យពីភាពស្របច្បាប់នៃការបោះឆ្នោត។

សហភាពអឺរុបបានទទូចឲ្យអាជ្ញាធរកម្ពុជាធានាឲ្យមានបរិយាកាសនយោបាយល្អប្រសើរមួយ ដោយអនុញ្ញាតឲ្យគណបក្សប្រឆាំង និងសង្គមស៊ីវិលអាចចូលរួមក្នុងដំណើរការបោះឆ្នោតដោយសេរី និងគ្មានការបំភិតបំភ័យ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា នេះជាសិទ្ធនៃការបញ្ចេញមតិរបស់គាត់(EU) ប៉ុន្តែលោកកម្ពុជា អនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលឲ្យដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ។ លោកបន្តថា «ដូច្នេះ! វិសោធនកម្មច្បាប់នេះ គឺមិនអនុញាតឲ្យយកទណ្ឌិតជាប្រធានបក្សនយោបាយទេ។ នេះហើយជានីតិរដ្ឋ! ហើយប្រទេសណាក៏ដោយ ទោះសហគមន៍អឺរ៉ុបក៏ដោយ គឺមិនយកទណ្ឌិតមកធ្វើប្រធានគណបក្សទេ។ សុំឲ្យសភាអ៊ឺរ៉ុបឆ្លើយមើល៍ ថាតើគាត់ធ្លាប់យកទណ្ឌិតមកធ្វើជាប្រធានទេ?»។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការ និចហ្វិច គាំទ្រសេចក្តីថ្លែងការណ៍របស់សហភាពអ៊ឺរ៉ុប និងបារម្ភថានៅពេលអនុវត្តច្បាប់នេះ មិនត្រឹមតែប៉ះពាល់ប្រធានបក្សទេ អាចដល់រំលាយគណបក្ស ឬគ្រាន់តែនិយាយខុសឆ្គងតិចតួចក៏អាចប្រឈមនឹងបញ្ហា។ លោកថា សហភាពអ៊ឺរ៉ុបបានជួយលុយរាប់លានដុល្លារសំរាប់ដំណើរបោះឆ្នោត ដោយចង់ឃើញការបោះឆ្នោតដោយសេរី យុត្តិធម៌។ លោកបន្តថា «EU ទីមួយគេបញ្ចេញប្រតិកម្ម ទីពីរគេនឹងមានវិធីសាស្ត្រជជែគពិភាក្សាបន្ថែមពិស្តារលំអិតទៀតពីនីតិវិធី ពីច្បាប់ហ្នឹង! គេមិនអាចនៅព្រងើយកន្តើយបានទេ។ បន្ទាប់ពីប្រតិកម្ម និងមានការជួបពិភាក្សា គេអាចនឹងពិចារណារឿងហ្នឹងដែរមុននឹងផ្តាច់ជំនួយ។ គេក៏មិនចង់ផ្តាច់ដែរ គេតែងតែចង់ឃើញយើងធ្វើបានល្អ»។

កាលពី​ពេល​ថ្មី​ៗ​នេះ ទាំងក្រុមអង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុក ទាំងសមាជិក​សភាអាមេរិក ​សមាជិក​សភាអឺរ៉ុប ​និងតំណាងរាស្រ្តអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏បាននាំគ្នា​រិះគន់​ទៅ​លើ​ច្បាប់​នេះផងដែរ​ ថា​ ​អាច​នាំ​កម្ពុជាឈានទៅ​រក​ការ​គ្រប់​គ្រងផ្ដាច់មុខរបស់គណ​បក្សតែមួយ​ទៅ​ថ្ងៃ​អនាគត ដោយ​ថា​ច្បាប់​នេះ​ នឹង​បើ​ក​សិទ្ធិ​ឲ្យ​រដ្ឋា​ភិ​បាល មាន​អំណាចកាន់​តែ​ខ្លាំង ​ក្នុង​​ការ​រារាំង​បក្ស​នយោបាយ​ដទៃ ដែល​ជាគូរប្រជែង​ខ្លួន​ ហើយ​ទៅ​ថ្ងៃ​មុខវា​ជា​គ្រោះ​ថ្នាក់​មួយ​នៃ​ដំណើ​ការ​លិទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

ប៉ុន្តែ ក្រសួងការបរទេសកម្ពុជា កាលពីម្សិលមិញ ចេញសេចក្តីថ្លែងការណ៍តបនឹងស្ថានទូតសហរដ្ឋអាមេរិក ដោយកម្ពុជាអះអាងថា ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ អនុវត្តជាទូទៅចំពោះគ្រប់​​គណបក្ស​នយោបាយទាំងអស់ ហើយថាវាជាតម្រូវការចាំបាច់ជាមូលដ្ឋាន ដែលប្រទេ​សកា​ន់​ល​ទ្ធិប្រ​ជាធិបតេយ្យត្រូវគោរពតាម។

រដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយថាត្រូវគោរពគោ​លការណ៍អ​ន្តរជា​តិ​នៃ​ការមិនជ្រៀតជ្រែកកិច្ចផ្ទៃក្នុង និងគោរពអធិបតេយ្យភាព​កម្ពុជា។

តំណា​ងរាស្ត្របក្សកា​ន់អំ​ណា​ច៦៦រូប បានធ្វើវិសោ​ធកម្មច្បាប់ស្តីពីគណបក្សនយោយ កាលពីថ្ងៃចន្ទដោយគ្មា​នតំណាងរាស្ត្រ​បក្សប្រ​​ឆាំង៥៥រូបចូលរួមនោះទេ។

ស្ថានទូត​អាមេរិក​បានលើកឡើងថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយនេះ មាន​ការ​ពិគ្រោះ​ឬ​ពិភាក្សា​គ្នា​ជា​សាធារណៈ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ថាវិសោធនកម្ម​នេះ «បាន​ផ្ដល់​អំណាច​យ៉ាង​ធំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដាក់​កំហិត​ដល់​សេរីភាព​បញ្ចេញ​មតិ និង​សកម្មភាព​ស្របច្បាប់​នានា​របស់​គណបក្ស​នយោបាយ» ហើយ​នឹង​កំណត់​លក្ខខណ្ឌ​មិន​ច្បាស់លាស់ ដែល​អាច​ឈាន​ទៅ​រំលាយ​គណបក្ស​នយោបាយ​តែ​ម្ដង។

ក្រៅពីអាមេរិក ក៏មានស​ហគមន៍ជាតិនិងអន្តរជាតិ រិះគន់ថាច្បាប់ថ្មីនេះ​បាន«ផ្តល់អំណាចដ៏​លើ​សលប់ដល់រដ្ឋាភិបាលក្នុងការរំលាយគណបក្សណាមួយហើយឈានទៅរករបបឯកបក្ស»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ