វិភាគ៖ តើរដ្ឋាភិបាលបានផលអីមកវិញពីយុទ្ធនាការលើស្ថាប័នមីក្រូហិរញ្ញវត្ថុ?

លោក ហ៊ុន សែន (រូបភាពហ្វេស​ប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញយុទ្ធនាការថ្មីមួយដែលអ្នកវិភាគយល់ថាជាការចម្លែកនោះ គឺការផ្សព្វផ្សាយនៅគ្រប់សារព័ត៌មាន ទាំងវិទ្យុ និង​ទូរទស្សន៍ឲ្យពលរដ្ឋឈប់​និយាយថា ពួកគេជំពាក់បំណុលរបស់រដ្ឋតទៅទៀត។

បើតាមប្រមុខរដ្ឋាភិបាល យុទ្ធនាការនេះធ្វើឡើងមួយឆ្នាំពេញ ហើយថាបើនៅតែមានការ​យល់​ច្រឡំទៀត លោកនឹងប្រកាសពន្យារពេលបន្ថែមទៀត។

មេដឹកនាំគណបក្សកាន់អំណាចបានទម្លាក់ការយល់ច្រឡំរបស់ពលរដ្ឋដែលថាពួកគេជំពាក់លុយរដ្ឋនោះទៅលើអ្នកនយោបាយមួយចំនួនដែលលោក​ថាបានដើរឃោសនាថានឹង «លុបបំណុលរបស់ពលរដ្ឋ» បើបក្សគេឈ្នះឆ្នោត។

តាមពិតមិនមែនពលរដ្ឋទាំងអស់សុទ្ធតែយល់ច្រឡំថា ពួកគេជំពាក់លុយរបស់រដ្ឋនោះទេ។​ ប៉ុន្តែអ្នកវិភាគកត់សំគាល់ថាមូលហេតុដែលពលរដ្ឋមួយចំនួននិយាយថាខ្លួនជំពាក់លុយរដ្ឋឬជំពាក់​លុយអង្គការ មកពីពួកគេមិនចេះប្រើឬមិនចង់ប្រើពាក្យថា ជំពាក់លុយស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ត្រង់ន័យនេះ គឺអ្នកខ្ចីលុយភាគច្រើនបានដឹងច្បាស់ហើយថា អ្នកដែលឲ្យលុយពួកគេខ្ចីនោះគឺជាអ្នក​រក​ស៊ីយកការប្រាក់ ហើយលុយនោះជាលុយរបស់ឯកជនមិនមែនជាលុយរបស់រដ្ឋនោះទេ។

បើទោះជាយ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលបានបញ្ជាឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន ផ្លាស់ប្ដូរ​និមិត្តសញ្ញា​ (Logo) របស់ខ្លួនចេញ ដោយថា​ចៀសវាង​ការ​យល់ច្រឡំ​ថា​ស្ថាប័ន​ទាំងនោះ​ជា​របស់​រដ្ឋ។

អ្នកវិភាគមើលឃើញថា​ការ​បញ្ជា​បែបនេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍និង​ទំនុក​ចិត្តរបស់​វិនិយោគិន។ ជាមួយគ្នានោះស្ថាប័នទាំងនោះបានចំណាយលុយរាប់លានដុល្លារ ដើម្បីធ្វើ Logo ថ្មី។

អេស៊ីលីដា ដែលបានប្តូរ Logo មុនគេ បានអះអាងថាខ្លួនបានចំណាយអស់ប្រមាណ៣,៥លានដុល្លារ ខណៈប្រាសាក់ដែលត្រូវបាន លោក ហ៊ុន សែន ចង្អុលចំៗឲ្យប្តូរ Logo ជាបន្ទាន់ដែរនោះ​បានឲ្យដឹងថា នឹង​ចំណាយយ៉ាងហោចណាស់ខ្ទង់មួយលានដុល្លារដែរ។

នេះជាផលប៉ះពាល់ជាក់ស្តែងក្រោយពីមានបញ្ជាបទផ្ទាល់មាត់របស់ប្រមុខរដ្ឋាភិបាល។

​តើ​មានផល​ចំណេញអ្វីខ្លះទៅលើកូនបំណូលនិងរដ្ឋាភិបាល?

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) វិភាគថា យុទ្ធនាការរបស់ប្រមុខរដ្ឋាភិបាលនៅពេលនេះ ដូចជាមិនមាន​ផល​ចំណេញអីដល់កូនបំណុលនិង​រដ្ឋាភិបាលនោះទេ។

លោកមានប្រសាសន៍ថា «ដោយសារយើងគ្រាន់តែប្តូរឡូហ្គោ វាអាចទៅជាការភាន់រាងច្រឡំបន្តិចផង ដោយសារមានការដូរឡូហ្គោហ្នឹងច្រើន ត្រូវការទទួលព័ត៌មានថ្មី។ ចឹងកូនបំណុលដូចជាមិនសូវមានផលប៉ះពាល់ប៉ុន្មានទេ។ ចំពោះរដ្ឋាភិបាល ផលចំណេញ ខ្ញុំក៏មិនសូវប្រាកដដែរ ពីព្រោះដោយសារយើងមិនប្រាកដថាតើការវាយតម្លៃស្ថានការណ៍ហ្នឹងវាត្រូវអត់?»។

បើតាមទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ចរូបនេះ គឺនៅមានស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនទៀត ដែលត្រូវប្តូរនិមិត្តសញ្ញាដូចជា ស្ថាបនាដែលរូបសិង្ហស្រដៀងគ្នានឹងអគ្គនាយករដ្ឋានពន្ធដា ខេមា ដែលមានរូបហង្ស និង​មហានគរដែលមានអក្សរ «»។

លោក ង៉ែត ជូ មានប្រសាសន៍ថាលោកពិបាកសន្និដ្ឋានថាតើ​ក្រោយពីប្តូរ Logo របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុទាំងនោះហើយអាចកាត់​បន្ថយការ​យល់​ច្រំឡំរបស់ពលរដ្ឋបានកំរិតណា។

លោកយល់ថា «ខ្ញុំគិតថា ការសម្រេចរបស់រដ្ឋាភិបាលរាងលក្ខណៈផ្លូវកាត់ខ្លាំង និយាយសាមញ្ញគឺ សបី គាត់គ្រាន់តែសង្ស័យ សន្និដ្ឋាន និងសម្រេច។ តាមពិតទៅគួរតែមានគេហៅថាលក្ខណៈបច្ចេកទេស យើងសម្រេចចិត្តលំដាប់លំដោយ។ ទីមួយបើយើងសង្ស័យយើងស្រាវជ្រាវ (ស៤ ព១) មានន័យថា បើសង្ស័យសូមស្រាវជ្រាវសិន ប្រមូលព័ត៌មានឲ្យគ្រាប់ជ្រុងជ្រោយសិន ប្រាកដថាគាត់ភាន់ច្រលំអញ្ចឹងមែនទេ? »។

លោកបន្តថា «បើគាត់ថារដ្ឋហ្នឹង ប៉ុន្តែរដ្ឋហ្នឹងចង់សំដៅលើអី? ដោយសារនៅក្នុងគ្រឹះស្ថាន អតិថិជនជាទូទៅគាត់ខ្ចីលុយគាត់ហៅលុយរដ្ឋ លុយឯកជន​ចង់សំដៅភាគច្រើនគឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​​អាហ្នឹងលុយរដ្ឋ តែដល់ពេលឯកជនចង់សំដៅលើបុគ្គល គាត់ចងការ។ ចឹងកន្លែងហ្នឹង យើងត្រូវដេញទៀតថា រដ្ឋហ្នឹងមានន័យយ៉ាងម៉េច? គាត់ចង់សំដៅអ្នកណា? ចឹងគាត់ស្គាល់ច្បាស់ណាស់»។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមកត់សំគាល់ថា ពលរដ្ឋខ្មែរ​មួយភាគកំពុងតែវណ្ឌករឿងបំណុលកាន់តែធ្ងន់ធ្ងរជាងមុន ដោយសារតែពួកគេមួយចំនួនគិតថាធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​លុយមកដោះណុលតែធាតុពិតកំពុងជំពាក់បំណុលគេ​ទ្វេរដងទាំងនៅក្នុង​ប្រទេសផងនិងនៅក្រៅប្រទេសផង។

លោកលើកឡើងថា «ខ្មែរយើងដែលទៅធ្វើការនៅស្រុកថៃហ្នឹង ឥឡូវនេះក៏កំពុងតែវណ្ឌកនៅជាមួយនឹងបំណុលនៅខាងនោះដែរ តែគ្រាន់តែបំណុលខាងនោះវាមិនមែនជាប់ជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុទេ គឺបំណុលគេចងការគ្នាឯងទៅវិញទៅមក។ អញ្ចឹងទៅសេចក្តីសង្ឃឹមរបស់ពួកគាត់ដែលថាពីដើមមកគាត់ធ្លាប់តែសង្ឃឹមថា ទៅស្រុកថៃនឹងបានលុយយកមកសងគេនៅស្រុកខ្មែរវិញ សងបំណុលមីក្រូហិរញ្ញវត្ថុវិញ ក៏ប៉ុន្តែតែដល់ទីបំផុតជាប់កុននៅខាងនោះដែរ»។

លោក មាស នី យល់ថា យុទ្ធនាការរបស់នាយករដ្ឋមន្រ្តីនៅពេលនេះគឺគ្រាន់តែព្យាយាមដកខ្លួនចេញពីរឿងបំណុលនេះ កុំឲ្យពលរដ្ឋថា ពួកគេជំពាក់លុយរដ្ឋប៉ុណ្ណោះ តែការ​បន្ធូបន្ថយ​បំណុលនោះ ដូចជាមិនអាចទៅរួចនោះទេ។

បើតាមលោក មាស នី ស្ថាប័នមីក្រូហិរញ្ញវត្ថុបានបញ្ចេញសាច់​ឲ្យពលរដ្ឋខ្ចីមិនក្រោម​៣ពាន់​លានដុល្លារនោះទេ ខណៈដែលរដ្ឋាភិបាលមិនមានលទ្ធភាពផ្តល់​លុយ​ឲ្យ​ពលរដ្ឋខ្ចីដូចកាលពីទស្សវត្ស៨០។ ប៉ុន្តែលោកថាកាលណោះរដ្ឋខ្លួនឯងបានខាតបង់ដោយសារតែពលរដ្ឋខ្ចីហើយមិនព្រមសង។

លោក មាស នី បារម្ភថា កូនបំណុលនឹងមិនសងម្ចាស់បំណុលដូចកាលពីទស្សវត្ស៨០ បើអ្នកនយោបាយខ្លះយក​បញ្ហានេះទៅឃោសនាដើម្បីចំណេញនយោបាយនោះ។

លោកវិភាគថា «នៅក្នុងការដោះស្រាយនេះគួរតែប្រយ័ត្នប្រយែង គឺយើងអត់ចង់បង្កើតនូវប្រពៃណីមួយ​ដែលជំរុញឲ្យពលរដ្ឋខ្មែររៀនសូត្រនូវបទពិសោធន៍មួយដែលថា មិនបាច់គោរពច្បាប់ក៏បានដែរទេណា អាហ្នឹងជាបញ្ហា!។ នៅក្នុងបំណុលគេតែងតែមានកិច្ចសន្យា អញ្ចឹងបើសិនជាអ្នកនយោបាយណាមួយគាត់ព្យាយាមយកឱកាសហ្នឹងដូចជា អ្នកខ្លះនិយាយថាទៅលុបបំណុល អ្នកខ្លះ[នាយករដ្ឋមន្រ្តី]ទៀតថាមិនឲ្យ[អាជ្ញាធរ]ទៅពាក់ព័ន្ធក្នុងការរឹបអូសអីចឹងទៅ។ អាហ្នឹងយើងខ្លាចតែកើតប្រពៃណីមួយទៀតថា ចឹងកិច្ចសន្យាមិនសំខាន់ទេ តែបន្តិចរដ្ឋគេជួយដោះស្រាយ?»។

យុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋាភិបាលដើម្បី​ជម្រះការនិយាយថា ពលរដ្ឋជំពាក់លុយរដ្ឋនោះ ត្រូវបានដាក់ចេញ បន្ទាប់ពីការប្រកាសធ្វើកំណែទម្រង់វិស័យមួយចំនួនរបស់រដ្ឋត្រូវបានអ្នកវិភាគមើលឃើញថាទទួលបានជោគជ័យខ្លះ​និងបរាជ័យខ្លះ។

បើតាមអ្នកវិភាគ និងគណបក្សនៅក្រៅរដ្ឋាភិបាលមួយចំនួន លើកឡើងថា ដើម្បីជួយដល់ពលរដ្ឋកុំឲ្យវណ្ឌកនឹងបំណុលនោះ រដ្ឋាភិបាលត្រូវកាត់បន្ថយការយកពន្ធពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ហើយអ្នករកស៊ីចងការប្រាក់ក៏ត្រូវទម្លាក់ការប្រាក់ឲ្យទាប និងកំណត់ឲ្យច្បាស់ថាតើកម្ចីប្រភេទណាដែលត្រូវឲ្យខ្ចី និង​កម្ចីប្រភេទណាដែលមិនគួរឲ្យខ្ចី។ជាមួយគ្នានោះក៏ត្រូវលើកទឹកចិត្តដល់ការសន្សំប្រាក់របស់កសិករ ពិសេសរកទីផ្សារដើម្បីលក់កសិផលផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ