ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា របបយោធាថៃ បានដកហូតតំណែងប្រធាននាយកដ្ឋានមួយ ដែលទទួលខុសត្រូវលើការគ្រប់គ្រងកិច្ចការសាសនា និងបានដាក់មន្ត្រីប៉ូលិសម្នាក់ ឲ្យកាន់ជំនួសវិញ កាលពីថ្ងៃម្សិលមិញនេះ ចំពេលមានការជាប់គាំងរវាងក្រុមមន្ត្រី និងព្រះសង្ឃ នៅឯវត្តអារាមធំបំផុតមួយនៅក្នុងប្រទេសនេះ។
ពុទ្ធសាសនិករាប់ពាន់នៅវត្តធម្មកាយ បានប្រឆាំងទៅនឹងបញ្ជាឲ្យចាកចេញពីទីធ្លាវត្តនោះអស់រយៈពេល ១សប្ដាហ៍ហើយ ដោយពួកគេបានបិទផ្លូវមិនឲ្យតម្រួតចូលទៅចាប់ខ្លួនអតីតចៅអធិការវត្តនេះ ដែលត្រូវបានគេចោទថា បានលាងលុយកខ្វក់នោះឡើយ។
ភាពជាប់គាំងនេះ បង្ហាញឲ្យឃើញពីឧបសគ្គធំបំផុតចំពោះអំណាចរបស់របបយោធាថៃ ចាប់តាំងពីឡើងកាន់អំណាចកាលពីឆ្នាំ២០១៤មក។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រើប្រាស់ច្បាប់មួយដែលអ្នករិះគន់ថា ជាច្បាប់ផ្ដាច់ការ ដើម្បីតែងតាំងលោក ផាណុម សនស៊ីន ឲ្យធ្វើជាប្រមុខការិយាល័យពុទ្ធសាសនាជាតិ៕ លោក ផាណុម គឺជាតម្រួតម្នាក់មកពីនាយកដ្ឋានស៊ើបអង្កេតពិសេស៕