ចក្រភពអង់គ្លេស នៅថ្ងៃនេះ បានជំរុញទៅប្រទេសម៉ាឡេស៊ី ឲ្យចែករំលែកជាមួយអង្គការសហប្រជាជាតិ នូវភស្តុតាងសារធាតុគីមី VX ដែលគេប្រើសម្រាប់ធ្វើឃាតលោក គីម ជុងណាម ដើម្បីឲ្យអង្គការសហប្រជាជាតិអាចចាត់វិធានការប្រឆាំងនឹងកូរ៉េខាងជើង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
អគ្គរាជទូតអង់គ្លេស លោក Matthew Rycroft បាននិយាយថា ដំណឹងស្ដីពីឃាតកម្មកាលពីថ្ងៃទី១៣ ខែកុម្ភៈ ទៅលើលោក គីម ជុងណាម គួរតែត្រូវបានគេបញ្ជូនទៅអង្គការហាមឃាត់អាវុធគីមី ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។
លោក Rycroft បានប្រាប់អ្នកកាសែតថា ប្រសិនបើអាជ្ញាធរម៉ាឡេស៊ីមានភស្តុតាង ពួកគេគួរតែបញ្ជូនវាទៅអង្គការខាងលើ និងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Rycroft បានបន្តថា លោកសង្ឃឹមថា ប្រទេសណាក៏ដោយ ដែលស្ថិតក្នុងករណីដូចប្រទេសម៉ាឡេស៊ី និងមានភស្តុតាងរឹងមាំបែបនេះ គួរតែបញ្ចេញវាឲ្យបានលឿនតាមតែអាចធ្វើទៅបាន។
អគ្គរាជទូតជប៉ុន លោក Koro Bessho បាននិយាយថា វាអាស្រ័យទៅលើប្រទេសម៉ាឡេស៊ីក្នុងការសម្រេចថា តើគេចង់បញ្ជូនព័ត៌មាននេះបន្តទៀតឬយ៉ាងណានោះ។ លោកថា ជប៉ុនកំពុងតែរង់ចាំប្រទេសម៉ាឡេស៊ី ធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់មួយ។
ម៉ាឡេស៊ីគឺជាប្រទេសហត្ថលេខីនៃអនុសញ្ញាអាវុធជីវសាស្ត្រ ដែលបានលុបបំបាត់ចោលការប្រើប្រាស់សារធាតុគីមីពុលបែបនេះ៕