ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបប្រជុំគ្នានៅថ្ងៃនេះ ដើម្បីពិភាក្សាពីរបៀបអនុវត្តទណ្ឌកម្មអន្តរជាតិឲ្យកាន់តែប្រសើរ ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីងតោននេះ បានកើតឡើងយ៉ាងលឿន ក្រោយពីអ្នកជំនាញអង្គការសហប្រជាជាតិ បានព្រមានថា ក្រុងព្យុងយ៉ាង កំពុងតែរំលោភលើទណ្ឌកម្មដែលមានស្រាប់ និងក្រោយពីមន្ត្រីកាទូតជាន់ខ្ពស់របស់ចិន បានជួបពិភាក្សានៅសេតវិមាន។
តំណាងពិសេសរបស់អាមេរិកទទួលបន្ទុកគោលនយោបាយកូរ៉េខាងជើង លោក Joseph Yun បានជួបជាមួយមន្ត្រីកាទូតជប៉ុន លោក Kenji Kanasugi និងតំណាងពិសេសរបស់កូរ៉េខាងត្បូង លោក គីម ហុងឃ្យុន នៅក្រសួងការបរទេសអាមេរិក។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមមន្ត្រីកាទូតទាំងនោះ បានថ្កោលទោសចំពោះការរំលោភបំពានជាច្រើនលើកច្រើនដងរបស់កូរ៉េខាងជើង ទៅលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានហាមឃាត់កម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលឆ្លងទ្វីប។
ក្រុមមន្ត្រីកាទូតទាំងនោះ បានទាមទារឲ្យមានសម្ពាធអន្តរជាតិដ៏តឹងរឹងទៅលើរបបក្រុងព្យុងយ៉ាង ហើយពួកគេបានអំពាវនាវទៅដល់ប្រទេសដទៃទៀត ឲ្យអនុវត្តកាតព្វកិច្ចរបស់ពួកគេឲ្យបានពេញលេញ នៅក្រោមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ៕