ក្រសួងពាណិជ្ជកម្មបានណែនាំដល់ប្រជាពលរដ្ឋកុំឲ្យទិញផលិតផលអាហារសម្រាប់ទារកនិងកុមារតូច «PC Organic Brand» ព្រោះផលិតផលត្រូវបានមន្ត្រីឱសថនិងម្ហូបអាហារសហរដ្ឋអាមេរិក រកឃើញថាមានផ្ទុកបាក់តេរីកំពុងលូតលាស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
តាមសេចក្តីជូនដំណឹងនៅលើហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Loblaw Company Limited កំពុងធ្វើការប្រមូលផលិតផលទាំងនេះ ពីទីផ្សារនៃប្រទេសកាណាដា ដោយសារផលិតផលនេះមានបាក់តេរីអាចបណ្តាលឲ្យប៉ះពាល់ដល់ កោសិកាសរសៃប្រសាទនិងសុខភាពមនុស្ស ហើយអាចបណ្តាលឲ្យស្លាប់ទៀតផង។
ក្រសួងឲ្យដឹងទៀតថា អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងតែចាត់វិធានការ រួមមាន រាំងខ្ទប់មិនឲ្យនាំចូលផលិតផលទាំងនោះ និងប្រមូលឃាត់ទុកក្នុងករណីមានលក់នៅលើទីផ្សារ, ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល និងអាជីវករលក់ដុំ និងរាយទាំងអស់ ព្រមទាំងចាត់មន្ត្រីចុះត្រួតពិនិត្យនៅតាមទីផ្សារធំតូច និងផ្សារទំនើបនានា៕