សមត្ថកិច្ចនគរបាលក្រុងសៀមរាបឲ្យដឹងថា បាឡុងដឹកភ្ញៀវទស្សនាពីលើអាកាសនៅក្នុងខេត្តសៀមរាបមួយគ្រឿង ដែលមានផ្ទុកមនុស្ស១០នាក់ បានធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រនេះ នៅត្រង់ចំណុចភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប។
អធិការនគរបាលក្រុងសៀមរាបលោក ទិត្យ ណារ៉ុង ប្រាប់វីអូឌីនៅរសៀលថ្ងៃនេះថា បាឡុងដែលធ្លាក់នោះ បានហោះចេញពីឃុំសណ្តែក ស្រុកប្រាសាទបាគង ហើយបាឡុងនេះ បានធ្លាក់ចុះនៅសង្កាត់ទឹកវិល ក្រុងសៀមរាម ខណៈបាឡុងនោះបានអស់ខ្យល់នៅលើអាកាស។
លោកបន្ដថា នៅក្នុងបាឡុងនោះ មានភ្ញៀវទេសចរណ៍អាស៊ីនិងអឺរ៉ុប ជិះទស្សនាលើអាកាសចំនួន៨នាក់ និងខ្មែរម្នាក់ដែលជាអ្នកបើកបាឡុង។ ប៉ុន្ដែលោកថា ករណីនេះ គ្មានមានមនុស្សណាម្នាក់រងរបួសនោះទេ។ លោកថា ក្រោយកើតហេតុ រថយន្តបានមកទទួលដឹកយកភ្លៀវទេសចរណ៍នោះមកវិញ។
ទោះជាយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ច នៅមិនទាន់ដឹងមូលហេតុច្បាស់នៃការធ្លាក់ចុះនេះនៅឡើយ។ លោកបន្ដថា «អត់ដឹងទេមិនដឹងខូចពីអីផង អត់មានទេក្រុមហ៊ុនដឹកយកទៅអស់ហើយ។ ហើយក្រុមហ៊ុនមិនមែននៅក្រុងសៀមរាបទេ នៅស្រុកប្រាសាទបាគង»។
ប្រធានផ្នែកលក់នៃក្រុមហ៊ុន Cambodia Fly Holyday International ដែលទទួលលក់សំបុត្រការហោះហើរបាឡុងនោះ លោក ម៉ៅ វីសេន មានប្រសាសន៍ថា បាឡុងរបស់លោក មិនមានបានធ្លាក់ចុះនោះទេ ព្រោះគ្មានមនុស្សគ្រោះថ្នាក់ ដោយលោកថា អ្នកបើកបរបានសម្រេចចុះចតនៅសង្កាត់ទឹកវិល ដោយសារនៅកន្លែងធ្លាប់ចុះចតក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគងមានខ្យល់ខ្លាំង។ លោកបន្ដថា «អត់មានធ្លាក់ទេ បាឡុងធម្មតាបាឡុងគេត្រូវតែបប៉ោងឡើងអោយហោះឡើងលើ ដល់ពេលវាហោះឡើងលើគ្រប់នាទីវាទៅវាលែនឌីងវាចុះទៅវិញហើយចឹងវាចុះចតធម្មតា ប៉ុន្ដែពលរដ្ឋមិនដែលឃើញចុះចតទេ ព្រោះរាល់ដងមិនដែលចុះចតនៅហ្នឹងទេ គឺនៅស្វាយធំឃុំសណ្ដែក ប៉ុន្ដែដោយថ្ងៃនេះខ្យល់បកខ្លាំងនៅខាងស្វាយធំ»។
អភិបាលរងខេត្ដសៀមរាបនិងជាអ្នកនាំពាក្យលោក លី សំរិទ្ធ មានប្រសាសន៍ថា ក្រុមហ៊ុននេះ បានទទួលអាជ្ញាប័ណ្ណ និងបច្ចេកហោះហើរពីអាកាសចរណ៍ស៊ីវិល ហើយលោកបដិសេធពីការធ្លាក់បាឡុងនេះ ដោយគ្រាន់តែប្រាប់ថា លោកទទួលបានតែរូបថតប៉ុណ្ណោះ។
គួររំលឹកថា កាលពីពេលកន្លង មានបាឡុងមួយ ក៏ធ្លាក់បានម្ដងរួចមកហើយ ដែលកាលនោះគឺធ្លាក់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយអាជ្ញាធរ ធ្លាប់បានផ្អាកធ្វើអាជីកម្មនេះ បណ្ដោះអាសន្ន៕