មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីលោក សុខ អាន ដែលទើបទទួលបានគោរមងារជា «សម្តេចវិបុលបញ្ញា» បានទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ នេះបើតាមលិខិតជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១៥មីនា បានឲ្យដឹងថាលោក សុខ អាន បានទទួលមរណភាពហើយនៅវេលាម៉ោង៦និង៣២នាទីល្ងាច ដោយរោគាពាធ នៅមន្ទីរពេទ្យក្រុងប៉េកាំងនៃប្រទេសចិន។
បើតាមលិខិតមួយទៀតចុះថ្ងៃពុធនេះដែរ ទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យប្រទានថវិកាចំនួនបីប៊ីលានរៀល (៣.០០០.០០០.០០០ រៀល) ឬស្មើនឹង៧៥ម៉ឺនដុល្លារ សម្រាប់ចំណាយរៀបចំពិធីបុណ្យសពលោក សុខ អាន ក្នុងពេលខាងមុខ។
លោក សុខ អាន បានកើតនៅថ្ងៃទី១៦ខែមេសាឆ្នាំ១៩៥០ ក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ និងបច្ចុប្បន្នជាសមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីផង។
គេហទំព័រទីស្ដីការគណៈរដ្ឋមន្ដ្រីឲ្យដឹងថា លោក សុខ អាន មានភរិយាឈ្មោះ អាយ អាន្នី និងមានកូនប្រុស៤នាក់ និងស្រីម្នាក់។ កូនស្រីមានឈ្មោះ សុខ សុម៉ា ចំណែក កូនប្រុសទី១ឈ្មោះ សុខ ពុទ្ធីវុធ កូនប្រុសទី២, សុខ សូកាន, កូនប្រុសទី៣, សុខ សូកេន និងកូនប្រុសទី៤, សុខ សង្វារ៕
រាការណ៍បន្ថែមដោយ ហ៊ុន សិរីវឌ្ឍន៍