អភិបាលរងខេត្តបន្ទាយមានជ័យស្នើឡើងឲ្យអ្នកពាក់ព័ន្ធបង្កើតច្បាប់ចរាចរណ៍ ដើម្បីអនុវត្តន៍លើក្រុមអ្នកតវ៉ាបិទផ្លូវ ដោយលោកថា បញ្ចៀសកុំឲ្យមានការបិទផ្លូវដែលប៉ះពាល់ដល់ការធ្វើដំណើរលើដងផ្លូវនានាទូទាំងប្រទេស។
នៅក្នុងកិច្ចប្រជុំស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលរៀបចំឡើងនៅក្នុងខេត្តបន្ទាយមានជ័យនៅថ្ងៃចន្ទនេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យស្នើឡើងឲ្យមានការអនុវត្តលើក្រុមបាតុករបិទផ្លូវនានា។ លោក បន្តថា ការបិទផ្លូវធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ រួមទាំងអ្នកជំងឺទៅមន្ទីរពេទ្យ អ្នកត្រូវទៅធ្វើការងារ និង សិស្សត្រូវទៅសាលាជាដើម។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
កន្លងទៅកម្មកររោងចក្រឬសកម្មជនដីធ្លីដែលមិនទទួលបានដំណោះស្រាយសមស្រប ពីភាគីពាក់ព័ន្ធពួកគាត់តែងប្រើជម្រើសបិទផ្លូវ ដើម្បីដាក់សម្ពាធឲ្យមានការដោះស្រាយ ព្រោះពួកគាត់ថា បើមិនធ្វើដូច្នេះទេ ទទួលបានដំណោះស្រាយយឺតឬមិនមានសមត្ថកិច្ចពាក់ព័ន្ធចេញមុខដោះស្រាយ។ នៅពេលដែលមានការតវ៉ាបិទផ្លូវក៏ធ្លាប់មានជម្លោះកើតឡើងរវាងអ្នកបិទផ្លូវ និង អ្នកដំណើរផងដែរ៕