នាយកសាលាដែលមានរឿងអាស្រូវពាក់ព័ន្ធនយោបាយនៅជប៉ុន បានថ្លែងបន្ទាប់ពីការស្បថនៅក្នុងសភានៅថ្ងៃព្រហស្បតិ៍នេះថា លោកធ្លាប់ទទួលបានលុយបរិច្ចាគចំនួន១លានយ៉េន ពីភរិយារបស់នាយករដ្ឋមន្ត្រី ក្នុងនាមនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៥។
ភាពចម្រូងចម្រាស់ រឿងអាស្រូវភរិយារបស់នាយករដ្ឋមន្ត្រីជប៉ុន បានផ្ទុះឡើងជជែកគ្នានៅក្នុងសភានៅថ្ងៃនេះ ប៉ុន្តែលោក អាបេ នាយករដ្ឋមន្ត្រីជប៉ុនថ្លែងថា ភរិយា និង រូបលោកផ្ទាល់មិនជាប់ពាក់ព័ន្ធ ក្នុងការជួយនានា ដល់សាលារៀនមួយនោះទេ។ សាលារៀននោះឈ្មោះ Moritomo Gakuen ស្ថិតនៅក្នុងក្រុង Osaka ភាគខាងលិចនៃប្រទេសជប៉ុន
អាបេក៏បានច្រានចោលការចោទរបស់លោក Yasunori Kagoike ដែលថ្លែងថា លោក អាបេ គួរតែចុះចេញពីតំណែងជាប្រមុខរដ្ឋាភិបាលដោយភរិយារបស់លោកផ្តល់លុយនេះ។
ភរិយារបស់លោក អាបេ គឺលោកស្រី Akie ដំបូងឡើយត្រូវបានគេដាក់ធ្វើជាប្រធានកិត្តិយសនៃសាលានោះ ដែលនឹងបើកដំណើរការជាផ្លូវការនៅខែមេសាខាងមុខនេះ ដែលផ្តោតលើសិល្បៈ វប្បធម៌ជប៉ុន។ បន្ទាប់មកទៀតលោកស្រី បានប្រកាសលាឈប់ មិនមានទំនាក់ទំនងទៀតទេ ក្រោយពេលបែករឿងចោទប្រកាន់ថា សាលានោះយករូបភាពថ្នាក់ដឹកនាំ ទៅប្រកបមុខរបរជាលក្ខណៈឯកជន៕