មេដឹកនាំចាប់ឆ្នោតថ្មីរបស់ហុងកុងលោកស្រី Carrie Lam បានជួបជាមួយមេដឹកនាំជិតផុតអាណត្តិដែលមិនសូវល្បី លោក Leung Chun-ying នៅថ្ងៃចន្ទនេះ ហើយបានអំពាវនាវឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី ខណៈស្ថានភាពនយោបាយកំពុងមានភាពតានតឹង។
លោកស្រី Lam ក្លាយជាមេដឹកនាំហុងកុងតាមរយៈការបោះឆ្នោត កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលគេចោទថា នោះជាការរៀបចំដោយ រដ្ឋអំណាចទីក្រុងប៉េកាំង ក្នុងការរៀបចំឡើងឲ្យឈ្នះ។
ក្រុមអ្នកតវ៉ាប្រឆាំងជាច្រើនដែលគាំទ្រ អ្នកនយោបាយប្រជាធិបតេយ្យ បានចេញមុខប្រឆាំងលោកស្រី Lam និង គណៈកម្មាធិការចំនួន១២០០នាក់ផ្សេងទៀត សម្រាប់ដឹកនាំដែនដីកុងហុង។
ទោះយ៉ាងណាលោកស្រី Lam ថ្លែងថា លោកស្រី មានទំនុកចិត្តក្នុងការរៀបចំឲ្យមានការផ្ទេរអំណាចឲ្យរលូន។ លោកស្រីបានចាប់ដៃជាមួយមេដឹកនាំហុងកុងជិតផុតអាណត្តិលោក Leung។ លោកស្រី បញ្ជាក់ថា អ្វីដែលត្រូវធ្វើនៅពេលនេះគឺបង្រួបបង្រួមសង្គម ជាករណីត្រូវធ្វើមុនគេ បន្ទាប់មកត្រូវរៀបចំរចនាសម្ព័ន្ធក្នុងការដឹកនាំរដ្ឋាភិបាល ដើម្បីបំពេញភាពស្របច្បាប់ ឲ្យមានការទទួលស្គាល់គ្រប់ភាគី។
លោកស្រី Lam ជាស្ត្រីទី១ដែលជាប់ឆ្នោតជា មេដឹកនាំ ដែនដីហុងកុង ហើយលោកស្រី នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី១ខែកក្កដាខាងមុខ៕