ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលថ្មីមួយទៀតចូលទៅក្នុងសមុទ្រជប៉ុន នៅព្រឹកថ្ងៃនេះ ពោលគឺមួយថ្ងៃក្រោយពីក្រុងព្យុងយ៉ាងបានព្រមានសងសឹក ប្រសិនបើសហគមន៍អន្តរជាតិបង្កើនការដាក់ទណ្ឌកម្ម។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា នៅវេលាម៉ោង ០៦ និង ៤២នាទីព្រឹកថ្ងៃនេះ កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលពីតំបន់ស៊ីនផូ ចូលទៅក្នុងសមុទ្រជប៉ុន។
ក្រសួងបន្ថែមថា គ្រាប់មីស៊ីលនោះ ត្រូវបានបាញ់ចេញ និងហោះហើរបានចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ប៉ុន្តែ ទាំងកូរ៉េខាងត្បូង និងអាមេរិក កំពុងតែវិភាគទៅលើប្រភេទគ្រាប់មីស៊ីលនោះ។
ការបាញ់គ្រាប់មីស៊ីលនេះ ហាក់បញ្ឆេះឲ្យមានក្ដីបារម្ភពីអន្តរជាតិ អំពីកម្មវិធីផលិតអាវុធរបស់រដ្ឋឯកោមួយនេះ។
ក្រុងព្យុងយ៉ាង កំពុងព្យាយាមផលិតគ្រាប់មីស៊ីលឆ្លងទ្វីប ដែលមានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិក និងបំពាក់ទៅដោយក្បាលគ្រាប់នុយក្លេអ៊ែរ៕