សេតវិមានអាមេរិក បាននិយាយថា ខ្លួនជឿជាក់ថា រដ្ឋាភិបាលរបស់លោក បាសារ អាល់អាសាដ ស្ថិតនៅពីក្រោយការវាយប្រហារដោយសារធាតុគីមី ដែលបានសម្លាប់មនុស្សយ៉ាងតិច ៥៨នាក់ នៅភាគពាយព្យនៃប្រទេសស៊ីរី។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ក្រុមអង្កេតសិទ្ធិមនុស្សស៊ីរី បានរាយការណ៍ថា ការវាយប្រហារទៅលើតំបន់ខាន់សៀកឃួនពីសំណាក់រដ្ឋាភិបាលស៊ីរី ឬក៏យន្តហោះចម្បាំងរុស្ស៊ី បានបណ្ដាលឲ្យមនុស្សជាច្រើនថបដង្ហើមស្លាប់។
ក្រុមគ្រូពេទ្យ និងសកម្មជន បាននិយាយថា ក្រោយមក យន្តហោះចម្បាំង បានបាញ់គ្រាប់រ៉ុកកែតទៅលើគ្លីនិកមួយស្ថិតក្នុងតំបន់ ដែលកំពុងព្យាបាលអ្នកនៅរស់រានមានជីវិត។
ប៉ុន្តែ យោធាស៊ីរីបានបដិសេធថា រដ្ឋាភិបាលមិនបានប្រើប្រាស់អាវុធប្រភេទនោះនោះទេ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសចំពោះអ្វីដែលលោកហៅថា ទង្វើយង់ឃ្នង់បង្កឡើងដោយរបបលោក អាសាដ។
អង្គការសហប្រជាជាតិ ចក្រភពអង់គ្លេស និងបារាំង រួមទាំងប្រទេសដទៃទៀត ក៏បានថ្កោលទោសចំពោះការវាយប្រហារនោះដែរ ដែលនឹងក្លាយទៅជាការវាយប្រហារដោយសារធាតុគីមីដ៏ឃោឃៅបំផុតនៅក្នុងសង្គ្រាមស៊ីវិលស៊ីរី ប្រសិនបើគេបញ្ជាក់បានថា ពិតជាមានការវាយប្រហារបែបនោះមែននោះ៕