សារព័ត៌មានថៃ បានរាយការណ៍ថា ក្មេងៗសិស្សសាលា ២១៣នាក់ ដែលរស់នៅដោយខុសច្បាប់នៅក្នុងប្រទេស ត្រូវបានអាជ្ញាធរថៃផ្ដល់សញ្ជាតិថៃដូចសិស្សថៃដទៃទៀត។
កាសែតបាងកក ប៉ុស្តិ៍របស់ថៃ បានផ្សាយថា ក្មេងៗសិស្សសាលាចំនួន ២១៣នាក់ ដែលពុំមានសញ្ជាតិច្បាស់លាស់នៅក្នុងប្រទេសថៃនោះ ពេលនេះ ពួកគេអាចទទួលបានសិទ្ធិដូចសិស្សដៃទូទៅ បន្ទាប់ពីពួកគេទទួលបានសញ្ជាតិជាពលរដ្ឋថៃ។
បើតាមកាសែតដដែលនេះ ក្មេងៗសិស្សសាលាទាំងនោះ គឺជាផ្នែកមួយនៃក្មេងៗសិស្សសាលា ១១៦៤នាក់ ដែលពុំមានសញ្ជាតិច្បាស់លាស់ កំពុងរស់នៅក្នុងស្រុកថងផា និងបានដាក់ពាក្យសុំសញ្ជាតិថៃ នៅក្នុងខេត្តកញ្ចនៈបុរី។
កាសែតថៃមួយនេះ បានផ្សាយបន្ថែមថា ការផ្ដល់សញ្ជាតិដល់ក្មេងៗសិស្សសាលាទាំងនោះ គឺជាផ្នែកមួយគម្រោងរបស់ក្រសួងមហាផ្ទៃ ក្នុងការជួយដល់ក្រុមក្មេងៗសិស្សសាលា ដែលពុំមានសញ្ជាតិច្បាស់លាស់។
ប៉ុន្តែ កាសែតនេះមិនបញ្ជាក់ទេថា តើក្មេងៗសិស្សសាលាទាំងនោះ ជាកូនជនចំណាកស្រុកមកពីប្រទេសណាមួយនោះទេ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសថៃមានជនគ្មានសញ្ជាតិច្បាស់លាស់ដល់ទៅជិត ៤៤ម៉ឺននាក់ ដែលត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃថៃ។
ក្រុមអង្កេតអន្តរជាតិមួយ បាននិយាយថា ចំនួនពិតប្រាកដនៃជនគ្មានសញ្ជាតិច្បាស់លាស់នៅក្នុងប្រទេសថៃ មិនត្រូវបានគេដឹងនោះឡើយ ប៉ុន្តែ វាស្ថិតនៅចន្លោះ ២លាន ទៅ ៣.៥លាននាក់៕