សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា រកឃើញថា ជាងពាក់កណ្តាលនៃពលរដ្ឋកម្ពុជាពុំបានបានដឹងពីថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ខាងមុខនេះទេ។
របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់សម្ព័ន្ធកំណែរទម្រង់ការបោះឆ្នោត បានបង្ហាញលទ្ធផលនៃការសា្រវជ្រាវរបស់ខ្លួនរយៈពេលជាង៣ខែ នៅថ្ងៃពុធនេះថា ក្នុងចំណោមអ្នកផ្តល់សម្ភាសន៍ជិត៣ពាន់នាក់ ក្នុងឃុំចំនួន២៥២ ទូទាំងប្រទេស គឺអ្នកផ្តល់ចម្លើយ ៥៥.៨% ពួកគេមិនបានដឹងពីពេលវេលានៃការបោះឆ្នោតខាងមុខនោះទេ។
ក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកនេះ មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល លោក កង សាវាង្ស មានប្រសាសន៍ថាពលរដ្ឋកម្ពុជាច្រើនលើសលប់ពុំបានដឹងទេថាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនោះនឹងប្រព្រឹត្តទៅនៅថ្ងៃណានោះទេ។ លោកថាបញ្ហានេះវាត្រូវការជម្រុញបន្ថែមទៀតពីភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹង។
លោកថា៖ «យើងឃើញថាប្រជាពលរដ្ឋច្រើនលើសលប់រហូតដល់ទៅ ៥៥.៨% លោកអត់បានដឹងយល់ច្បាស់អំពីពេលវេលាសម្រាប់ បោះឆ្នោតនាពេលខាងមុខនោះទេ ហើយចំណុចនេះក៏យើងគិតថា គ.ជ.ប ក៏ដូចជាភាគីពាក់ព័ន្ធក៏ដូចជាសង្គមស៊ីវិល ក៏ត្រូវបានយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយដែរដើម្បីឲ្យប្រជាពលរដ្ឋគាត់បានដឹង។ ហើយថ្មីៗនេះគ.ជ.ប ក៏គាត់បានត្រៀមដែរ គឺត្រៀមប័ណ្ណព័ត៌មានដើម្បីផ្សព្វផ្សាយពីថ្ងៃបោះឆ្នោត អញ្ចឹងយើងសង្ឃឹមថា៥៥.៨ %នេះគឺគាត់អាចនឹងទទួលបានព័ត៌មានគ្រប់គ្រាន់»។
អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានបង្ហាញការសោកស្តាយចំពោះការលើកឡើងនេះដោយថាការស្រាវជ្រាវនេះបានធ្វើឡើងដោយពុំមានការពិភាក្សាជាមួយគ.ជ.ប និងថាការស្រង់ទិន្និន័យនេះមិនអាចទទួលយកបានទាំងស្រុងនោះទេ។ ទោះជាយ៉ាងណា លោកថា គ.ជ.ប បច្ចុប្បន្ននេះការផ្សព្វផ្សាយពីថ្ងៃបោះឆ្នោតបានធ្វើតាមរយៈវិទ្យុ ទូរទស្សន៍ជាច្រើន និងរៀងរាល់ថ្ងៃ ហើយថ្មីៗនេះខ្លួនក៏បានរៀបចំឲ្យមានការផ្សព្វផ្សាយ តាមផ្ទាំងផ្សព្វផ្សាយ និង ខិតប័ណ្ណដើម្បីចែកជូនប្រជាពលរដ្ឋដើម្បីឲ្យដឹងពីថ្ងៃបោះឆ្នោតនេះបន្ថែមទៀតដែរ។
លោកថា៖ «គ.ជ.ប កំពុងតែធ្វើការផ្សព្វផ្សាយ ទៅតាមមូលដ្ឋាននានាពិសេសមានបណ្តាញនានាពីថ្នាក់ជាត់រហូតដល់ថ្នាក់ឃុំសង្កាត់ អញ្ចឹងពេលវេលានេះវាក៏អាចបន្ថែមអ្នកដែលខ្វះព័ត៌មានពីការបោះឆ្នោត ហើយយ៉ាងណាក៏ដោយក្នុងនាមអង្គការមិនមែនរដ្ឋាភិបាលគួរតែជួយបន្ថែម ផ្សព្វផ្សាយនូវព័ត៌មាន ដើម្បីធានាថាពលរដ្ឋដែលនៅសេសសល់មិនទាន់ទទួលបានព័ត៌មាននោះបានទទួលព័ត៌មានបានពេញលេញ ពីព្រោះការបោះឆ្នោតមិនមែនជារបស់អ្នកណាម្នាក់ទេ គឺជារបស់ទាំងអស់គ្នា អញ្ចឹងការរកឃើញរបស់អង្គការក្រៅរដ្ឋាភិបាលក៏ជា ចម្លើយមួយប្រាប់ទៅអង្កការមិនមែនរដ្ឋាភិបាលថាត្រូវបង្កើនការងារផ្សព្វផ្សាយដល់សាធារណជន»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ បើគិតរាប់ជាថ្ងៃគឺនៅសល់ពេលតែ ជិត២ខែប៉ុណ្ណោះ។
បើតាមបញ្ជីឈ្មោះចុងក្រោយគឺពលរដ្ឋកម្ពុជាមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង ៧លាននាក់។
របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់សម្ព័ន្ធកំណែរទម្រង់នៃការបោះឆ្នោត បានបង្ហាញដែរថាបញ្ជីឈ្មោះបោះឆ្នោតថ្មីនោះមានភាពត្រឹមត្រូវដល់ទៅ៩៥% ៕