ក្រុមតាលីបង់ប៉ាគីស្ថាន នៅថ្ងៃនេះ បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាតទៅលើក្រុមជំរឿនយោធាមួយ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៦នាក់ និងបណ្ដាលឲ្យមនុស្ស ១៨នាក់ទៀត បានរងរបួស នៅទីក្រុងឡាហ័រ ស្ថិតនៅភាគខាងកើតប្រទេសប៉ាគីស្ថាន។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យរដ្ឋាភិបាលប្រចាំតំបន់បញ្ចាប លោក ម៉ាលីក អាម៉េដ ខាន់ បាននិយាយថា ការបំផ្ទុះមួយដែលបានវាយប្រហារទៅលើរថយន្តយោធាមួយគ្រឿងនោះ បានសម្លាប់ទាហាន ៤នាក់ និងជនស៊ីវិល ២នាក់។ រដ្ឋាភិបាលប្រចាំតំបន់ បានបញ្ជាក់ថា រថយន្តយោធានោះ ស្ថិតក្នុងដំណើរចូលរួមការធ្វើជំរឿនជាលើកដំបូងរបស់ប្រទេសប៉ាគីស្ថានក្នុងរយៈពេលជិត ២ទសវត្សរ៍នេះ។
មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ចាប់តាំងពីដើមឆ្នាំនេះ នៅក្នុងការវាយប្រហារជាហូរហែរ ដែលធ្វើឲ្យក្ដីសង្ឃឹមបញ្ចប់អំពើហិង្សានាប៉ុន្មានឆ្នាំថ្មីៗនេះ កាន់តែអាប់អួរ ហើយក៏បានដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណាវ៉ាស ហ្សារីហ្វ ឲ្យកែលម្អសន្តិសុខ។
រូបភាពទូរទស្សន៍ បានបង្ហាញបុគ្គលិកសន្តិសុខបិទផ្លូវនានានៅជុំវិញទីតាំងបំផ្ទុះគ្រាប់បែកនោះ ដែលស្ថិតនៅជិតនឹងសាលាបណ្ដុះបណ្ដាលប៉ូលិសជាន់ខ្ពស់មួយ ដែលធ្លាប់រងការវាយប្រហារពីសំណាក់ក្រុមតាលីបង់ប៉ាគីស្ថានម្ដងរួចមកហើយកាលពីឆ្នាំ២០០៩៕