ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូទើតេ ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា លោកមានគម្រោងទៅពិនិត្យមើលកន្លែងមានជម្លោះនៅកោះដែលហ្វីលីពីនអះអាងថា ជារបស់ខ្លួនស្ថិតនៅសមុទ្រចិនខាងត្បូង និងលើកទង់ជាតិរបស់ហ្វីលីពីននៅទីនោះ។
លោក ឌូទើតេថ្លែងថា លោកនឹងពង្រីកកោះ Thitu ដែលកំពុងមានជម្លោះធ្វើជាបន្ទាយទាហានអចិន្ត្រៃយ៍នៅទីនោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ចិនបានអះអាងថា ផ្នែកជាច្រើននៃសមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់ខ្លួន ដែលអាចទាញយកប្រយោជន៍ពីការដឹកជញ្ជូនទំនិញឆ្លងកាត់ទីនោះបានចំនួន៥ ទ្រីលានដុល្លារអាមេរិករាល់ឆ្នាំ។ ចំណែកប្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន ហ្វីលីពីន វៀតណាម និងតៃវ៉ាន់ ក៏អះអាងថា ពួកគេមានចំណែកនៅទីនោះដែរ។
លោក ឌូទើតេថា លោកនឹងទៅបំពេញទស្សនកិច្ចនៅកោះ Thitu នៅថ្ងៃបុណ្យឯករាជ្យជាតិរបស់ហ្វីលីពីន ស្ថិតក្នុងខែមិថុនាខាងមុខ។
Thitu គឺជាកោះដែលស្ថិតនៅជិតតំបន់ថ្មប៉ប្រះទឹក Subi ជាផ្នែកមួយនៃកម្រងកោះស្ព្រាតលី ដែលចិនអះអាងថា ជារបស់ខ្លួន៕