នគរបាលថៃបានរាយការណ៍ជាជំហានដំបូងនៅព្រឹកថ្ងៃសុក្រនេះថា មានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកចំនួន២២កន្លែង នៅតំបន់ភាគខាងត្បូងជាកន្លែងដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន បន្ទាប់ពីស្តេច Maha Vajiralongkorn ចុះហត្ថលេខាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញថ្មីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលឈានដល់ការបញ្ចាប់អំណាចដឹកនាំរបស់ពួកយោធា។
ទោះយ៉ាងណាមិនទាន់មានរបាយការណ៍ពីចំនួនអ្នកស្លាប់ឬ រងរបួសដោយសារហេតុការណ៍វាយប្រហារនេះ នៅឡើយ។ តំបន់នេះជាតំបន់ដែលអ្នកកាន់សាសនាឥស្លាមបះបោរផ្តាច់ខ្លួនចេញពីថៃច្រើនទសវត្សរ៍រួចមកហើយ។ នៅក្នុងតំបន់នេះបានបោះឆ្នោតប្រឆាំងរដ្ឋធម្មនុញ្ញថ្មីពេលបោះឆ្នោតធ្វើប្រជាមតិកាលពីឆ្នាំមុន។
កម្លាំងប្រដាប់អាវុធនៅមូលដ្ឋានបានថ្លែងថា សកម្មភាពនេះពួកគេចង់បង្កឲ្យមានអស្ថិរភាពសង្គម ធ្វើបាត់បង់ជំនឿលើរដ្ឋាភិបាលនិងធ្វើឲ្យមនុស្សមានភាពចលាចល។ពេលនេះថៃមិនទាន់ប្រកាសថា ក្រុមណាមួយជាអ្នកបង្កឡើង ហើយត្រូវឆ្លើយតបវិញយ៉ាងណានោះទេ។
របាយការណ៍របស់ក្រុមអ្នកឃ្លាំមើលឯករាជ្យនៅភាគខាងត្បូងបានបញ្ជាក់ថា ហិង្សាររវាងអ្នកកាន់សាសនាឥស្លាមនៅក្នុងខេត្ត យ៉ាឡា ប៉ាតានី និង ខេត្តណារ៉ាត់ធីវ៉ាត់របស់ថៃ ជាមួយកម្លាំងរដ្ឋបានបណ្តាលឲ្យមនុស្សប្រមាណ៦៥០០នាក់បានស្លាប់ចាប់តាំងពីហិង្សាផ្ទុះឡើងខ្លាំងកាលពីឆ្នាំ២០០៤មក៕