ការវាយប្រហារពីមនុស្សមួយក្រុមតាមរយៈការបំផ្ទុះគ្រាប់បែក និង បាញ់ប្រហារដោយកាំភ្លើងនៅភាគខាងត្បូងនៃប្រទេសថៃ កាលពីយប់ថ្ងៃពុធម្សិលមិញ បានបណ្តាលឲ្យមនុស្ស២ស្លាប់និង៣នាក់ផ្សេងទៀតរងរបួស។
មន្ត្រីជាន់ខ្ពស់យោធា បានថ្លែងថា ការវាយប្រហារនោះកើតឡើងចំនួន១១កន្លែង នៅក្នុងខេត្តចំនួនបី គឺខេត្ត ណារ៉ាត់ធីវ៉ាត់ ខេត្តប៉ាត់ណានី និងខេត្តសុងក្លា។ ខេត្តទាំងនេះស្ថិតនៅជាប់ព្រំដែននៃប្រទេសម៉ាឡេស៊ី ជាកន្លែងដែលអ្នកកាន់សាសនាឥស្លាមបះបោរផ្តាច់ខ្លួនធ្វើសកម្មភាពជាច្រើនទសវត្សរ៍មកហើយ។
ការបះបោរនៅខេត្តភាគខាងត្បូងរបស់ថៃ បានបណ្តាលឲ្យមនុស្សជាង ៦៥០០នាក់ បានស្លាប់ ក្នុងនោះភាគច្រើនគឺជាជនស៊ីវិល។ ហិង្សាចាប់ផ្តើមផ្ទុះឡើងខ្លាំងតាំងពីឆ្នាំ២០០៤ នៅមិនទាន់បានបញ្ចប់នៅឡើយ បើទោះបីជា មានការចរចាពីតំណាងរដ្ឋាភិបាលថៃជាមួយក្រុមបះបោរក៏ដោយ។
ប្រទេសថៃគឺមានអ្នកកាន់សាសនាព្រះពុទ្ធភាគច្រើន ប៉ុន្តែនៅភាគខាងត្បូងអ្នកកាន់សាសនាឥស្លាមមានចំនួនច្រើនជាងអ្នកកាន់សាសនាព្រះពុទ្ធ។ ការវាយប្រហារកាលពីយប់ថ្ងៃពុធម្សិលមិញគឺផ្តោតលើកងកម្លាំងប្រដាប់អាវុធ រួមទាំងនគរបាល និង កម្លាំងទាហាន។
ទោះយ៉ាងណា រដ្ឋាភិបាលថៃមិនទាន់កំណត់មុខសញ្ញាថា ក្រុមណាមួយអ្នកបង្កការវាយប្រហារនេះនៅឡើយទេ៕