នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើមសប្តាហ៍ក្រោយ ចាប់ពីថ្ងៃទី២៤ដល់២៦ខែមេសាឆ្នាំ២០១៧។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០មេសា២០១៧ ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ក្នុងទស្សនកិច្ចចំនួនបីថ្ងៃ លោក ង្វៀន សួនហ្វ៊ុក នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរនៅព្រះបរមរាជវាំង ជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាលោក សាយ ឈុំ និងប្រធានរដ្ឋសភាលោក ហេង សំរិន ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធស្ពាន តភ្ជាប់ជ្រៃធំ(ខេត្តកណ្ដាល) និងឡុងប៊ិញ(ខេត្តអានយ៉ាង) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ខែមេសា ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
បើតាមប្រកាស ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ង្វៀន សួនហ្វ៊ុក នៅកម្ពុជានេះ គឺជាការរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម៕