ឧត្ដមសេនីយ៍យោធាហ្វីលីពីនម្នាក់ និយាយថា កម្លាំងសន្តិសុខ បានសម្លាប់ពួកបះបោរ ៣៦នាក់ដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋឥស្លាម នៅក្នុងប្រតិបត្តិការតាមផ្លូវអាកាស និងតាមផ្លូវគោករយៈពេល ៣ថ្ងៃ នៅលើកោះភាគខាងត្បូងមួយ ព្រមទាំងដណ្ដើមបានមូលដ្ឋានពួកបះបោរផងដែរ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាម Reuters កម្លាំងសន្តិសុខហ្វីលីពីនភាគច្រើនជាគ្រីស្តបរិស័ទ បានប្រយុទ្ធជាមួយពួកបះបោរបំបែកខ្លួនមូស្លីមអស់រាប់សតវត្សរ៍មកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចខិតខំកសាងសន្តិភាព បាននាំទៅរកការកាត់បន្ថយការប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាមធំៗ ប៉ុន្តែ ក្រុមបះបោរតូចៗ បែរជាបង្កើនការវាយប្រហារទៅវិញ។
ការវាយប្រហារគ្នាថ្មីនេះ ដែលបានកើតឡើងនៅលើកោះមិនដាវណាវ ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅពេលទាហានឡោមព័ទ្ធមូលដ្ឋានពួកឧទ្ទាមមួយ ដែលការពារទៅដោយទាហានប្រហែល ១៥០នាក់។
មេបញ្ជាការកងទ័ពលោកឧត្ដមសេនីយ៍ Roland Bautista បានប្រាប់ថា ទាហានបានដណ្ដើមបានមូលដ្ឋានដ៏សំខាន់របស់ពួកបះបោរ។
លោកបន្ថែមថា កងទ័ពរដ្ឋាភិបាលបានវាយប្រហារទាំងផ្លូវគោក និងផ្លូវអាកាសទៅលើមូលដ្ឋាននោះ និងបំផ្លាញពួកបះបោរយ៉ាងធំធេង ប៉ុន្តែ មានទាហានរដ្ឋាភិបាលតែ ៣នាក់ប៉ុណ្ណោះដែលរងរបួស៕