វិទ្យុអាស៊ីសេរី បានចាត់ទុកការចោទប្រកាន់លើបុគ្គលិករបស់ខ្លួនថាជា «រឿងហួសហេតុ» ដែលអាជ្ញាធរយកអ្នកសារព័ត៌មានធ្វើជាមុខសញ្ញា ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងដោយសារការបំពេញការងារ។
សេចក្តីថ្លែងការណ៍កាលពីម្សិលមិញ អាស៊ីសេរី ឲ្យដឹងថា លោក ហួត វុទ្ធី ឬហៅ ជុន ច័ន្ទបុត្រ មិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយទេ ហើយថាគាត់ក៏មិនបានបន្លំខ្លួន ឬក៏លាក់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលមានមនុស្សស្គាល់ជាទូទៅ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា ចំណាត់ការក្នុងពេលថ្មីៗមកលើ លោក ជុន ច័ន្ទបុត្រ គឺ «មានចេតនាបំភិតបំភ័យគាត់ និងបុគ្គលិកអាស៊ីសេរីឯទៀត ក្នុងពេលប្រកួតប្រជែងដ៏ស្រួចស្រាវក្នុងរដូវកាលបោះឆ្នោត»។
ទោះជាយ៉ាងនេះក្តី អាស៊ីសេរី អះអាងថា ចំណាត់ការនេះ វាក៏មិនអាចរំខាន ឬ រារាំងអ្នកសារព័ត៌មាន និងបុគ្គលិកអាស៊ីសេរី ក្នុងការរាយការណ៍ព័ត៌មានពិតនោះទេ។
VOD មិនអាចទាក់ទងអ្នកនាំពាក្យរបស់រដ្ឋាភិបាលបាននៅឡើយ។
តុលាការ កម្ពុជា បានចេញដីកាកោះហៅនាយករងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ ឲ្យចូលបំភ្លឺនៅដើមសប្តាហ៍ក្រោយ ជុំវិញការចោទថា បានបន្លំខ្លួនចូលពន្ធនាគារ កាលពេលថ្មីៗនេះ៕