នាយករដ្ឋមន្ត្រីរបស់សិង្ហបុរីលោក Lee Hsien Loong ទទួលយកការអញ្ជើញរបស់លោកដូណល ត្រាំ នឹងទៅបំពេញទស្សនកិច្ចនៅសេតវិមាននៅក្នុងឆ្នាំនេះ។
ថ្លែងនៅក្នុងពិធីមួយនៅថ្ងៃចន្ទនេះ លោក Lee Hsien Loongថា កាលពីល្ងាចម្សិលមិញលោកបានទទួលទូរសព្ទពីប្រធានាធិបតីត្រាំ អញ្ជើញលោកទៅបំពេញទស្សនកិច្ច ហើយបង្ហាញក្តីសង្ឃឹមថា អាចនឹងរៀបចំពេលទៅបំពេញទស្សនកិច្ចនៅក្នុងឆ្នាំនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសរបស់សិង្ហបុរីបានថ្លែងថា កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ មេដឹកនាំទាំងពីរ អាមេរិក និង សិង្ហបុរីបានពិភាក្សាគ្នាក្នុងរយៈវែងមួយពីការទំនាក់ទំនងគ្នា និង អញ្ជើញមេដឹកនាំសិង្ហបុរីទៅអាមេរិក។
នេះគឺជាការនិយាយគ្នាតាមទូរសព្ទជាលើកទី២ រវាងមេដឹកនាំទាំងពីរ លោក លី និង ត្រាំ ចាប់តាំងពីខែធ្នូឆ្នាំ២០១៦មក គឺក្រោយពេលលោកត្រាំ ទទួលបានជ័យជម្នះទទួលបានតំណែងជាប្រធានាធិបតី។
សេតវិមានបានប្រកាសក្នុងសេចក្តីប្រកាសព័ត៌មានថា ភាពជាដៃគូរវាងអាមេរិក និង សិង្ហបុរី កាន់តែមានភាពប្រសើរឡើងទាំងការធ្វើពាណិជ្ជកម្ម និងបោះទុនវិនិយោគ។