ជប៉ុនបានបង្ហាញនាវាចម្បាំងធំបំផុតចូលរួមជាមួយក្បួននាវាអាមេរិក ដែលនេះជាលើកដំបូងហើយ ចាប់តាំងពីការអនុម័តច្បាប់យោធាដែលចម្រូងចម្រាស់កាលពីឆ្នាំ ២០១៥មក។
នាវាផ្ទុកយន្តហោះ Izumo បង្ហាញខ្លួន ដើម្បីចូលរួម និងការពារនាវាសហរដ្ឋអាមេរិក បានបង្ហាញខ្លួននៅលើដែនទឹករបស់ជប៉ុន។
កូរ៉េខាងជើងបានព្រមានបាញ់ពន្លិចនាវាចម្បាំង Carl Vinson និង នាវាមុជទឹក ជាផ្នែកមួយធ្វើឲ្យមានភាពតានតឹងនៅក្នុងតំបន់មួយកម្រិតទៀត។
ភាពតានតឹងទាំងនោះរួមទាំងការបាញ់មីស៊ីលបរាជ័យ កាលពីថ្ងៃអាទិត្យ ដែលព្រមានជាថ្មីដល់សហរដ្ឋអាមេរិកចំពោះការធ្វើសកម្មភាពដើម្បីរារាំងកម្មវិធីអាវុធនុយក្លេអ៊ែ និង សកម្មភាពមីស៊ីលរបស់កូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ចុះផ្សាយថា នាវាចម្បាំងរបស់ជប៉ុននោះចាកចេញពីមូលដ្ឋានទ័ពYokosuka នៅភាគខាងត្បូងនៃក្រុងតូក្យូ ដើម្បីក្បួននាវារបស់អាមេរិក និងនាំទៅដែនទឹកនៅជិត Shikokuភាគខាងលិចរបស់ជប៉ុន។
ក្រោមរដ្ឋអំណាចរបស់លោក អាបេ ជប៉ុនបានរុញផុតពីការដាក់ទណ្ឌកម្មផ្នែកយោធា ហើយនៅពេលដែលមានភាពតានតឹងខ្លាំងនៅឧបទ្វីបកូរ៉េលោក អាបេ បានបង្កើតច្បាប់ថ្មីៗដើម្បីអាចបញ្ជូនកងទ័ពខ្លួនជួយសម្ព័ន្ធមិត្តបាន។
មេរៀនពីការខូចខាតនៃសង្គ្រាមលោកលើកទី២ ជប៉ុនបានដាក់ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនមិនឲ្យមានការប្រើប្រាស់កម្លាំងទ័ពដើម្បីដោះស្រាយបញ្ហាទេ គឺលើកលែងតែករណីការពារប្រទេសរបស់ខ្លួន។
នាវាIzumo គឺជាលើកទី១ហើយ ដែលបង្ហាញជាសាធារណៈក្នុងការធ្វើសមយុទ្ធយោធា ក្រោមច្បាប់ថ្មីដែលអនុម័តយ៉ាងចម្រូងចម្រាស់កាលពីឆ្នាំ២០១៥ ដែលអនុញ្ញាតិឲ្យជប៉ុនប្រើកម្លាំងទ័ពជួយសម្ព័ន្ធមិត្ត ក្រោមហេតុផលថា ដើម្បីប្រមូលកម្លាំងការពារខ្លួន។